វិវរណៈ 21:1-7
វិវរណៈ 21:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅ ហើយក៏គ្មានសមុទ្រទៀតឡើយ។ ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។ ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ «មើល៍! រោងឧបោសថរបស់ព្រះស្ថិតនៅជាមួយមនុស្សហើយ ព្រះអង្គនឹងគង់នៅជាមួយគេ គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គង់នៅជាព្រះដល់គេ។ ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។ ព្រះអង្គដែលគង់លើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ «មើល៍! យើងធ្វើទាំងអស់ជាថ្មី»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ចូរសរសេរដូច្នេះ ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត ហើយគួរជឿ»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាលផា និងអូមេកា គឺជាដើម និងជាចុង បើអ្នកណាស្រេក យើងនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតដោយឥតគិតថ្លៃ។ អ្នកណាដែលឈ្នះនឹងបានទទួលសេចក្ដីទាំងនេះជាមត៌ក យើងនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។
វិវរណៈ 21:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃពីមុន និងផែនដីពីមុននោះ បាត់អស់ទៅហើយ ហើយក៏គ្មានសមុទ្រទៀតដែរ។ បន្ទាប់មក ខ្ញុំឃើញក្រុងដ៏វិសុទ្ធ*ជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។ ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ។ ព្រះអង្គនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ «មើល៍ យើងបានធ្វើអ្វីៗទាំងអស់សុទ្ធតែថ្មី»។ បន្ទាប់មកព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ចូរកត់ត្រាទុក ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាល់ផា និងជាអូមេកា គឺជាដើមដំបូង និងជាចុងបំផុត។ អ្នកណាស្រេក យើងនឹងឲ្យទឹកដែលហូរចេញពីប្រភពជីវិតទៅអ្នកនោះ ដោយគេមិនបាច់បង់ថ្លៃឡើយ។ អ្នកដែលមានជ័យជម្នះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេធ្វើជាបុត្ររបស់យើង។
វិវរណៈ 21:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចខ្ញុំឃើញផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន នឹងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើល រោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។ ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានបន្ទូលថា មើល អញធ្វើទាំងអស់ឡើងជាថ្មី រួចទ្រង់មានបន្ទូលមកខ្ញុំថា ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ ទ្រង់ក៏មានបន្ទូលមកខ្ញុំថា ស្រេចហើយ អញជាអាលផា នឹងអូមេកា គឺជាដើម ហើយជាចុង បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ