វិវរណៈ 21:1-15
វិវរណៈ 21:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅ ហើយក៏គ្មានសមុទ្រទៀតឡើយ។ ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។ ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ «មើល៍! រោងឧបោសថរបស់ព្រះស្ថិតនៅជាមួយមនុស្សហើយ ព្រះអង្គនឹងគង់នៅជាមួយគេ គេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គង់នៅជាព្រះដល់គេ។ ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។ ព្រះអង្គដែលគង់លើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ «មើល៍! យើងធ្វើទាំងអស់ជាថ្មី»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ចូរសរសេរដូច្នេះ ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត ហើយគួរជឿ»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាលផា និងអូមេកា គឺជាដើម និងជាចុង បើអ្នកណាស្រេក យើងនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតដោយឥតគិតថ្លៃ។ អ្នកណាដែលឈ្នះនឹងបានទទួលសេចក្ដីទាំងនេះជាមត៌ក យើងនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។ ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។ បន្ទាប់មក មានទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ពេញដោយគ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម»។ ទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំមួយ ហើយខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡិមដែលកំពុងតែចុះពីស្ថានសួគ៌ មកពីព្រះ ទាំងមានសិរីល្អរបស់ព្រះ ហើយពន្លឺរស្មីរបស់ក្រុងនោះ ដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចជាត្បូងពេជ្រ ហើយថ្លាដូចកែវចរណៃ។ ក្រុងនោះមានកំផែងធំខ្ពស់ មានទ្វារដប់ពីរ នៅលើទ្វារទាំងនោះមានទេវតាដប់ពីរ ហើយមានឆ្លាក់ឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់កូនចៅអ៊ីស្រាអែលដែរ។ នៅទិសខាងកើតមានទ្វារបី ទិសខាងជើងមានទ្វារបី ទិសខាងត្បូងមានទ្វារបី ហើយទិសខាងលិចមានទ្វារបី។ កំផែងក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះនោះ មានឈ្មោះសាវកទាំងដប់ពីររបស់កូនចៀម។ ទេវតាដែលនិយាយមកខ្ញុំនោះ មានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ទីក្រុង ទ្វារក្រុង និងកំផែងក្រុង។
វិវរណៈ 21:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃពីមុន និងផែនដីពីមុននោះ បាត់អស់ទៅហើយ ហើយក៏គ្មានសមុទ្រទៀតដែរ។ បន្ទាប់មក ខ្ញុំឃើញក្រុងដ៏វិសុទ្ធ*ជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។ ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ។ ព្រះអង្គនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ «មើល៍ យើងបានធ្វើអ្វីៗទាំងអស់សុទ្ធតែថ្មី»។ បន្ទាប់មកព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ចូរកត់ត្រាទុក ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាល់ផា និងជាអូមេកា គឺជាដើមដំបូង និងជាចុងបំផុត។ អ្នកណាស្រេក យើងនឹងឲ្យទឹកដែលហូរចេញពីប្រភពជីវិតទៅអ្នកនោះ ដោយគេមិនបាច់បង់ថ្លៃឡើយ។ អ្នកដែលមានជ័យជម្នះមុខជាបានទទួលមត៌កបែបនេះឯង។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេធ្វើជាបុត្ររបស់យើង។ ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។ បន្ទាប់មក ទេវតា*មួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ពេញទៅដោយគ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យលោកឃើញកូនក្រមុំជាភរិយារបស់កូនចៀម»។ ទេវតានោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់។ ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចត្បូងមណីជោតិរសដែលភ្លឺថ្លាដូចកែវចរណៃ។ ក្រុងនេះមានកំពែងមួយយ៉ាងធំខ្ពស់ ព្រមទាំងមានខ្លោងទ្វារដប់ពីរ នៅលើខ្លោងទ្វារមានទេវតាដប់ពីររូប និងមានចារឹកឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែលដែរ។ នៅទិសខាងកើតមានខ្លោងទ្វារបី ទិសខាងជើងមានខ្លោងទ្វារបី ទិសខាងត្បូងមានខ្លោងទ្វារបី និងទិសខាងលិចមានខ្លោងទ្វារបី។ កំពែងរបស់ក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះមានចារឹកឈ្មោះសាវ័ក*ទាំងដប់ពីររបស់កូនចៀម។ ទេវតាដែលនិយាយមកខ្ញុំនោះ កាន់ត្រែងមាសមួយដើម ធ្វើជារង្វាស់សម្រាប់វាស់ក្រុង ខ្លោងទ្វារក្រុង និងកំពែងក្រុង។
វិវរណៈ 21:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចខ្ញុំឃើញផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន នឹងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើល រោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។ ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានបន្ទូលថា មើល អញធ្វើទាំងអស់ឡើងជាថ្មី រួចទ្រង់មានបន្ទូលមកខ្ញុំថា ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ ទ្រង់ក៏មានបន្ទូលមកខ្ញុំថា ស្រេចហើយ អញជាអាលផា នឹងអូមេកា គឺជាដើម ហើយជាចុង បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើងនឹងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទី២វិញ។ ក្នុងទេវតាទាំង៧ មានទេវតា១ ដែលកាន់ចានកន្ទោងដ៏ពេញដោយសេចក្ដីវេទនាទាំង៧ក្រោយបង្អស់ ទេវតានោះបានមកនិយាយនឹងខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម នោះទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំហើយខ្ពស់ បង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិម ដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ ទាំងមានសិរីល្អនៃព្រះ ហើយពន្លឺរស្មីរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមានដំឡៃថ្លៃវិសេស គឺដូចជាត្បូងមណីជោតិ ហើយថ្លាដូចជាកែវចរណៃ ក្រុងនោះមានកំផែងធំ ហើយខ្ពស់ មានទ្វារ១២ ឯត្រង់ទ្វារទាំងនោះមានទេវតា១២ ហើយមានឈ្មោះឆ្លាក់ទុក ដែលជាឈ្មោះរបស់ពូជអំបូរជនជាតិអ៊ីស្រាអែលទាំង១២ នៅទិសខាងកើតមានទ្វារ៣ ខាងជើងមានទ្វារ៣ ខាងត្បូងមានទ្វារ៣ ហើយខាងលិចមានទ្វារ៣ដែរ កំផែងនៃទីក្រុងក៏មានជើង១២ ដែលមានឆ្លាក់ឈ្មោះជាឈ្មោះពួកសាវករបស់កូនចៀមទាំង១២នាក់។ ឯទេវតា ដែលនិយាយមកខ្ញុំ នោះក៏មានកាន់រង្វាស់មាស ដើម្បីនឹងវាស់ទីក្រុង នឹងទ្វារ ហើយកំផែងក្រុងដែរ