វិវរណៈ 20:10-15
វិវរណៈ 20:10-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អារក្សដែលនាំគេឲ្យវង្វេង ត្រូវបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវ និងហោរាក្លែងក្លាយនៅ។ គេនឹងត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ អស់កល្បជានិច្ចរៀងរាបតទៅ។ បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។ ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយបញ្ជីក៏បើកឡើង។ បន្ទាប់មក បញ្ជីមួយទៀត គឺជាបញ្ជីជីវិតក៏បានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងបញ្ជីទាំងនោះ។ សមុទ្របានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយគ្រប់គ្នាត្រូវជំនុំជម្រះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ត្រូវបោះទៅក្នុងបឹងភ្លើងដែរ។ នេះជាសេចក្ដីស្លាប់ទីពីរ ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
វិវរណៈ 20:10-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯមារដែលបាននាំជាតិសាសន៍ទាំងនោះឲ្យវង្វេង ក៏ត្រូវគេបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលមានសត្វតិរច្ឆាន និងព្យាការីក្លែងក្លាយនៅក្នុងនោះស្រាប់។ គេនឹងរងទុក្ខវេទនាទាំងថ្ងៃ ទាំងយប់ អស់កល្បជាអង្វែងតរៀងទៅ។ បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញព្រះអង្គដែលគង់នៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីព្រះភ័ក្ត្រព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។ ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។ សមុទ្របានប្រគល់មនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញ សេចក្ដីស្លាប់ និងស្ថានមច្ចុរាជក៏បានប្រគល់មនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយព្រះអង្គនឹងវិនិច្ឆ័យទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ សេចក្ដីស្លាប់ និងស្ថានមច្ចុរាជត្រូវគេបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយជាសេចក្ដីស្លាប់ទីពីរ។ អស់អ្នកដែលគ្មានឈ្មោះក្នុងបញ្ជីជីវិត ក៏នឹងត្រូវបោះទៅក្នុងបឹងភ្លើងដែរ។
វិវរណៈ 20:10-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចអារក្សដែលនាំគេឲ្យវង្វេង បានត្រូវបោះទៅក្នុងបឹង ដែលឆេះជាភ្លើង នឹងស្ពាន់ធ័រ ជាកន្លែងដែលសត្វនោះ នឹងហោរាក្លែងក្លាយនៅហើយ នោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ នៅអស់កល្បជានិច្ចរៀងរាបតទៅ។ ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ នឹងព្រះអង្គដែលគង់លើ ឯផែនដី នឹងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយ នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ចំណែកសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្ដីស្លាប់ទី២ បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។