វិវរណៈ 20:1-15
វិវរណៈ 20:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបចុះពីស្ថានសួគ៌ ទាំងកាន់កូនសោជង្ហុកធំ និងច្រវាក់មួយយ៉ាងធំនៅដៃ។ ទេវតានោះក៏ចាប់នាគ គឺពស់ពីចាស់បុរាណ ដែលជាអារក្ស និងជាសាតាំង ហើយចងទុកមួយពាន់ឆ្នាំ រួចបោះវាទៅក្នុងជង្ហុកធំ ទាំងចាក់សោ ហើយបិទត្រាពីលើ ដើម្បីកុំឲ្យវានាំជាតិសាសន៍នានាឲ្យវង្វេងទៀត រហូតដល់ផុតពីមួយពាន់ឆ្នាំនោះទៅ។ ក្រោយមក ត្រូវតែដោះលែងវាមួយរយៈពេលខ្លី។ បន្ទាប់មកទៀត ខ្ញុំឃើញបល្ល័ង្កជាច្រើន និងអស់អ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ បានទទួលអំណាចដើម្បីជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលត្រូវគេកាត់ក្បាល ដោយព្រោះគេបានធ្វើបន្ទាល់ពីព្រះយេស៊ូវ និងដោយព្រោះព្រះបន្ទូលរបស់ព្រះ ព្រមទាំងអស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វនោះ ឬរូបរបស់វា ក៏មិនបានទទួលសញ្ញាសម្គាល់របស់វា នៅលើថ្ងាស ឬនៅលើដៃរបស់គេដែរ ។ អ្នកទាំងនោះបានរស់ឡើងវិញ ហើយសោយរាជ្យជាមួយព្រះគ្រីស្ទមួយពាន់ឆ្នាំ។ តែមនុស្សស្លាប់ផ្សេងទៀតមិនបានរស់ឡើងវិញទេ រហូតទាល់តែផុតពីមួយពាន់ឆ្នាំនោះទៅ នេះជាការរស់ឡើងវិញលើកទីមួយ។ មានពរហើយ បរិសុទ្ធហើយ អស់អ្នកដែលមានចំណែកក្នុងការរស់ឡើងវិញលើកទីមួយនេះ។ សេចក្ដីស្លាប់ទីពីរគ្មានអំណាចលើអ្នកទាំងនោះឡើយ គឺអ្នកទាំងនោះនឹងធ្វើជាសង្ឃរបស់ព្រះ និងរបស់ព្រះគ្រីស្ទ ហើយគេនឹងសោយរាជ្យជាមួយព្រះអង្គមួយពាន់ឆ្នាំ។ លុះផុតពីមួយពាន់ឆ្នាំនោះហើយ អារក្សសាតាំងនឹងត្រូវបានដោះលែងឲ្យរួចពីគុក ហើយវានឹងចេញទៅ បញ្ឆោតជាតិសាសន៍នានា នៅជ្រុងទាំងបួននៃផែនដីឲ្យវង្វេង គឺសាសន៍កុក និងសាសន៍ម៉ាកុក ដើម្បីប្រមូលគេមកច្បាំង។ ពួកគេមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។ ពួកគេឡើងទៅពាសពេញលើផែនដី ហើយឡោមព័ទ្ធជំរំរបស់ពួកបរិសុទ្ធ ជាទីក្រុងសំណព្វរបស់ព្រះ តែមានភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះគេអស់ទៅ។ អារក្សដែលនាំគេឲ្យវង្វេង ត្រូវបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវ និងហោរាក្លែងក្លាយនៅ។ គេនឹងត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ អស់កល្បជានិច្ចរៀងរាបតទៅ។ បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។ ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយបញ្ជីក៏បើកឡើង។ បន្ទាប់មក បញ្ជីមួយទៀត គឺជាបញ្ជីជីវិតក៏បានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងបញ្ជីទាំងនោះ។ សមុទ្របានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយគ្រប់គ្នាត្រូវជំនុំជម្រះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ត្រូវបោះទៅក្នុងបឹងភ្លើងដែរ។ នេះជាសេចក្ដីស្លាប់ទីពីរ ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
វិវរណៈ 20:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ខ្ញុំឃើញទេវតា*មួយរូបចុះពីលើមេឃ ទាំងកាន់កូនសោស្ថាននរកអវិចី និងច្រវាក់មួយយ៉ាងធំនៅដៃផង។ ទេវតានោះបានចាប់នាគមកចងទុកក្នុងរយៈពេលមួយពាន់ឆ្នាំ។ នាគនោះជាពស់ពីបុរាណ ជាមារ* និងជាសាតាំង។ ទេវតាបានបោះវាទៅស្ថាននរកអវិចី ហើយចាក់សោ បិទត្រាលើទ្វារ រហូតដល់គម្រប់មួយពាន់ឆ្នាំ ដើម្បីកុំឲ្យវាល្បួងជាតិសាសន៍នានាឲ្យវង្វេងទៀត។ លុះផុតកំណត់នេះទៅ ត្រូវតែដោះលែងវាមួយរយៈពេលខ្លី។ ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអស់អ្នកដែលអង្គុយនៅលើបល្ល័ង្កទាំងនោះ បានទទួលអំណាចនឹងវិនិច្ឆ័យទោស។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលស្លាប់ ដោយគេកាត់ក ព្រោះតែបានផ្ដល់សក្ខីភាពអំពីព្រះយេស៊ូ និងអំពីព្រះបន្ទូលរបស់ព្រះអង្គ។ ខ្ញុំក៏ឃើញវិញ្ញាណក្ខ័ន្ធរបស់អស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន ឬថ្វាយបង្គំរូបចម្លាក់របស់វា ហើយមិនបានទទួលសញ្ញាសម្គាល់លើថ្ងាស និងនៅលើដៃដែរ។ អ្នកទាំងនោះមានជីវិតរស់ឡើងវិញ សោយរាជ្យជាមួយព្រះគ្រិស្តក្នុងរយៈពេលមួយពាន់ឆ្នាំ។ រីឯមនុស្សឯទៀតៗដែលបានស្លាប់ទៅហើយនោះ ពុំបានរស់ឡើងវិញទេ គឺរហូតដល់គម្រប់មួយពាន់ឆ្នាំទើបរស់ឡើងវិញ។ នេះជាការរស់ឡើងវិញលើកទីមួយ អស់អ្នកដែលបានរស់ឡើងវិញនៅលើកទីមួយពិតជាមានសុភមង្គល* ហើយនឹងបានវិសុទ្ធ*ទៀតផង!។ សេចក្ដីស្លាប់ទីពីរ គ្មានអំណាចលើអ្នកទាំងនោះឡើយ ផ្ទុយទៅវិញ គេនឹងទៅជាបូជាចារ្យ*របស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រិស្ត ហើយសោយរាជ្យជាមួយព្រះអង្គ ក្នុងរយៈពេលមួយពាន់ឆ្នាំ។ លុះរយៈពេលមួយពាន់ឆ្នាំនោះកន្លងផុតទៅ មារសាតាំងនឹងរួចពីគុក ហើយវាចេញទៅបញ្ឆោតជាតិសាសន៍នានា នៅទិសទាំងបួនឲ្យវង្វេង គឺវានាំទាំងសាសន៍កុក ទាំងសាសន៍ម៉ាកុកឲ្យវង្វេងដែរ ដើម្បីប្រមូលគេមកធ្វើសឹកសង្គ្រាម។ ពួកគេមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពួកគេបានឡើងទៅច្បាំងពាសពេញលើផែនដីទាំងមូល ហើយឡោមព័ទ្ធទីបោះជំរំរបស់ប្រជារាស្ដ្រព្រះជាម្ចាស់ ព្រមទាំងឡោមព័ទ្ធក្រុងដ៏ជាទីស្រឡាញ់របស់ព្រះអង្គថែមទៀតផង។ ប៉ុន្តែ មានភ្លើងធ្លាក់ពីលើមេឃមកលេបពួកគេអស់ទៅ។ រីឯមារដែលបាននាំជាតិសាសន៍ទាំងនោះឲ្យវង្វេង ក៏ត្រូវគេបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលមានសត្វតិរច្ឆាន និងព្យាការីក្លែងក្លាយនៅក្នុងនោះស្រាប់។ គេនឹងរងទុក្ខវេទនាទាំងថ្ងៃ ទាំងយប់ អស់កល្បជាអង្វែងតរៀងទៅ។ បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញព្រះអង្គដែលគង់នៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីព្រះភ័ក្ត្រព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។ ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។ សមុទ្របានប្រគល់មនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញ សេចក្ដីស្លាប់ និងស្ថានមច្ចុរាជក៏បានប្រគល់មនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយព្រះអង្គនឹងវិនិច្ឆ័យទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ សេចក្ដីស្លាប់ និងស្ថានមច្ចុរាជត្រូវគេបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយជាសេចក្ដីស្លាប់ទីពីរ។ អស់អ្នកដែលគ្មានឈ្មោះក្នុងបញ្ជីជីវិត ក៏នឹងត្រូវបោះទៅក្នុងបឹងភ្លើងដែរ។
វិវរណៈ 20:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏ឃើញទេវតា១ ចុះពីស្ថានសួគ៌មក ទាំងកាន់កូនសោជង្ហុកធំ នឹងច្រវាក់១យ៉ាងធំនៅដៃ ទេវតានោះក៏ចាប់នាគចងវាទុក១ពាន់ឆ្នាំ គឺជាពស់ពីចាស់បុរាណ ដែលជាអារក្សឈ្មោះថា សាតាំង ក៏បោះវាចោលទៅក្នុងជង្ហុកធំ ទាំងខ្ចប់ ហើយបិទត្រាពីលើ ដើម្បីកុំឲ្យវានាំអស់ទាំងសាសន៍ ឲ្យវង្វេងទៀត ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ ក្រោយនោះត្រូវតែស្រាយវាលែងបន្តិច។ ខ្ញុំក៏ឃើញបល្ល័ង្កជាច្រើន នឹងពួកអ្នកដែលអង្គុយលើ ហើយមានអំណាចបានប្រគល់ ដល់អ្នកទាំងនោះ ឲ្យជំនុំជំរះ នោះព្រលឹងមនុស្សទាំងប៉ុន្មាន ដែលត្រូវគេកាត់ក្បាល ដោយព្រោះធ្វើបន្ទាល់ពីព្រះយេស៊ូវ ហើយដោយព្រោះព្រះបន្ទូលនៃព្រះ ព្រមទាំងពួកអ្នកដែលមិនបានក្រាបថ្វាយបង្គំដល់សត្វនោះ ឬរូបវា ក៏មិនបានទទួលទីសំគាល់វា នៅលើថ្ងាស ឬនៅលើដៃឡើយ អ្នកទាំងនោះបានរស់វិញ ហើយក៏សោយរាជ្យជាមួយនឹងព្រះគ្រីស្ទ នៅ១ពាន់ឆ្នាំ តែមនុស្សស្លាប់ឯទៀតមិនបានរស់វិញទេ ទាល់តែផុតពី១ពាន់ឆ្នាំនោះទៅ នេះហើយជាខណរស់ឡើងវិញទី១ មានពរហើយ ក៏បរិសុទ្ធផង អស់អ្នកណាដែលមានចំណែក ក្នុងខណរស់ឡើងវិញជាន់មុនដំបូងនេះ សេចក្ដីស្លាប់ទី២គ្មានអំណាចលើអ្នកទាំងនោះឡើយ អ្នកទាំងនោះនឹងធ្វើជាពួកសង្ឃនៃព្រះ នឹងព្រះគ្រីស្ទ ហើយនឹងសោយរាជ្យជាមួយនឹងទ្រង់អស់១ពាន់ឆ្នាំ លុះផុតពី១ពាន់ឆ្នាំនោះហើយ ទើបទ្រង់នឹងស្រាយអារក្សសាតាំងលែងពីគុកចេញ នោះវានឹងចេញទៅ ខំនាំអស់ទាំងសាសន៍ ដែលនៅផែនដីទាំង៤ទិស ឲ្យវង្វេង គឺទាំងសាសន៍កុក នឹងសាសន៍ម៉ាកុក ដើម្បីនឹងប្រមូលគេមកច្បាំង ចំនួនគេដូចជាខ្សាច់នៃសមុទ្រ នោះគេក៏ឡើងទៅពេញពាសលើផែនដី ទាំងឡោមព័ទ្ធទីដំឡើងត្រសាលរបស់ពួកបរិសុទ្ធ ហើយនឹងទីក្រុងស្ងួនភ្ងាដែរ តែមានភ្លើងធ្លាក់ពីលើមេឃមកអំពីព្រះ បញ្ឆេះគេទាំងអស់ទៅ រួចអារក្សដែលនាំគេឲ្យវង្វេង បានត្រូវបោះទៅក្នុងបឹង ដែលឆេះជាភ្លើង នឹងស្ពាន់ធ័រ ជាកន្លែងដែលសត្វនោះ នឹងហោរាក្លែងក្លាយនៅហើយ នោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ នៅអស់កល្បជានិច្ចរៀងរាបតទៅ។ ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ នឹងព្រះអង្គដែលគង់លើ ឯផែនដី នឹងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយ នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ឯសមុទ្រ នោះបានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅឯណោះមកវិញដែរ រួចគេត្រូវជំនុំជំរះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន ចំណែកសេចក្ដីស្លាប់ នឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរ នេះជាសេចក្ដីស្លាប់ទី២ បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។