វិវរណៈ 2:2-7

វិវរណៈ 2:2-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

"យើង​ស្គាល់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ ស្គាល់​ការ​នឿយ​ហត់ និង​សេចក្ដី​អត់‌ធ្មត់​របស់​អ្នក​ហើយ ក៏​ដឹង​ថា អ្នក​មិន​អាច​ទ្រាំ​នឹង​មនុស្ស​អាក្រក់​បាន​ផង គឺ​អ្នក​បាន​ល្បង​ល​អស់​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​សាវក តែ​មិន​មែន​ជា​សាវក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​អ្នក​កុហក។ យើងក៏​ដឹង​ថា អ្នក​បាន​អត់‌ធន់ ហើយ​ទ្រាំ‌ទ្រ ទាំង​ធ្វើ​ការ​ដោយ​នឿយ​ហត់ ដោយ​ព្រោះ​នាម​របស់​យើង ឥត​ណាយ​ចិត្ត​ឡើយ។ ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​នេះ​នឹង​អ្នក គឺ​ថា អ្នក​បាន​បោះបង់​សេចក្តី​ស្រឡាញ់​ដែល​អ្នក​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង។ ដូច្នេះ ចូរ​នឹក​ចាំ​ថា អ្នក​បាន​ធ្លាក់​ចេញ​ពី​សណ្ឋាន​ណា ចូរ​ប្រែ​ចិត្ត ហើយ​ប្រព្រឹត្ត​ដូច​ដើម​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក ហើយ​ដក​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​របស់​វា លើក​លែង​តែ​អ្នក​ប្រែ​ចិត្ត។ ប៉ុន្តែ អ្នក​មាន​សេចក្ដី​នេះ គឺ​អ្នក​ស្អប់​កិច្ច‌ការ​របស់​ពួក​នីកូ‌ឡាស យើង​ក៏​ស្អប់​ដែរ។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ។ អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​ឲ្យ​បរិ‌ភោគ​ផ្លែ​ពី​ដើម​ជីវិត ដែល​នៅ​ស្ថាន‌បរម‌សុខ​របស់​ព្រះ"»។

ចែក​រំលែក
អាន វិវរណៈ 2

វិវរណៈ 2:2-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

“យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត ហើយ​ក៏​ស្គាល់​ការ​នឿយ‌ហត់ និង​ការ​ព្យាយាម​របស់​អ្នក​ដែរ។ យើង​ដឹង​ហើយ​ថា អ្នក​មិន​អាច​ទ្រាំ‌ទ្រ​នឹង​មនុស្ស​អាក្រក់​ឡើយ អ្នក​បាន​ល្បង‌ល​មើល​ពួក​ដែល​តាំង​ខ្លួន​ជា​សាវ័ក* ហើយ​ឃើញ​ថា​ពួក​នោះ​មិន​មែន​ជា​សាវ័ក​ទេ គឺ​ជា​អ្នក​កុហក។ អ្នក​មាន​ចិត្ត​ព្យាយាម អ្នក​បាន​រង‌ទុក្ខ​លំបាក ព្រោះ​តែ​នាម​យើង​ឥត​បាក់​ទឹក​ចិត្ត​សោះ​ឡើយ។ ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​លែង​មាន​ចិត្ត​ស្រឡាញ់​ដូច​អ្នក​មាន កាល​ពី​ដើម​ដំបូង។ ដូច្នេះ ចូរ​នឹក​គិត​ឡើង​វិញ​ថា តើ​អ្នក​បាន​ធ្លាក់​ចុះ​ពី​ណា​មក ចូរ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ប្រព្រឹត្ត​អំពើ​ដែល​អ្នក​ធ្លាប់​ប្រព្រឹត្ត កាល​ពី​ដើម​នោះ​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក ហើយ​បើ​អ្នក​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ​នោះ យើង​នឹង​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​វា​ជា​មិន​ខាន។ ប៉ុន្តែ យើង​សរសើរ​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​ស្អប់​អំពើ​ដែល​ពួក​នីកូ‌ឡាស​ប្រព្រឹត្ដ យើង​ក៏​ស្អប់​អំពើ​ទាំង​នោះ​ដែរ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ*​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ផ្លែ​ឈើ ដែល​បេះ​ពី​ដើម​នៃ​ជីវិត នៅ​ក្នុង​សួន​ឧទ្យាន​របស់​ព្រះ‌ជា‌ម្ចាស់”»។

ចែក​រំលែក
អាន វិវរណៈ 2

វិវរណៈ 2:2-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អញ​ស្គាល់​អស់​ទាំង​ការ​ដែល​ឯង​ធ្វើ នឹង​សេចក្ដី​នឿយ‌ហត់ ហើយ​សេចក្ដី​អត់‌ធ្មត់​របស់​ឯង​ហើយ ក៏​ដឹង​ថា ឯង​ទ្រាំ​នឹង​មនុស្ស​អាក្រក់​ពុំ​បាន​ផង គឺ​ឯង​បាន​ល្បង​ល​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាវក តែ​មិន​មែន​ជា​សាវក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​ពួក​ភូត‌ភរ​វិញ ឯង​បាន​អត់‌ធន់ ហើយ​ទ្រាំ‌ទ្រ ទាំង​ធ្វើ​ការ​ដោយ​នឿយ‌ហត់ ឥត​ណាយ​ចិត្ត​ឡើយ ដោយ​ព្រោះ​ឈ្មោះ​អញ តែ​អញ​ប្រកាន់​សេចក្ដី​នេះ​នឹង​ឯង គឺ​ថា ឯង​បាន​បោះ​បង់​ចោល​សេចក្ដី​ស្រឡាញ់​ដើម​ចេញ ដូច្នេះ ចូរ​នឹក​ចាំ ដែល​ឯង​បាន​ធ្លាក់​ចេញ​ពី​សណ្ឋាន​ណា​នោះ ហើយ​ប្រែ​ចិត្ត​ចុះ រួច​ប្រព្រឹត្ត​តាម​ការ​ដើម​ដំបូង​នោះ​វិញ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង ហើយ​នឹង​ហូត​យក​ជើង​ចង្កៀង​ឯង​ពី​កន្លែង​ចេញ លើក​តែ​ឯង​ប្រែ​ចិត្ត​ឡើង​វិញ ប៉ុន្តែ ឯង​មាន​សេចក្ដី​១​នេះ គឺ​ថា ឯង​ស្អប់​ការ​របស់​ពួក​នីកូឡាស ដែល​អញ​ក៏​ស្អប់​ដែរ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អស់​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​ផ្លែ​របស់​ដើម​ជីវិត ដែល​នៅ​ស្ថាន‌បរម‌សុខ​របស់​ព្រះ។

ចែក​រំលែក
អាន វិវរណៈ 2