វិវរណៈ 2:18-29

វិវរណៈ 2:18-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ធា‌ទេរ៉ា​ថា៖ ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​មាន​ព្រះ‌នេត្រ​ដូច​អណ្ដាត​ភ្លើង ហើយ​ព្រះ‌បាទ​ដូច​លង្ហិន ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ថា "យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ សេចក្ដី​ស្រឡាញ់ ជំនឿ ការ​បម្រើ ការ​អត់‌ធ្មត់​របស់​អ្នក​ហើយ គឺ​ថា កិច្ច‌ការ​ដែល​អ្នក​ធ្វើ​ចុង​ក្រោយ​នេះ ច្រើន​លើស​ជាង​មុន​ទៅ​ទៀត។ តែ​យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ដ្បិត​អ្នក​បណ្តោយ​ឲ្យ​យេសិ‌បិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ហោរា ទៅ​បង្រៀន ហើយ​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សហាយ​ស្មន់ ហើយ​បរិ‌ភោគ​តង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ។ យើង​បាន​ទុក​ឱកាស​ឲ្យ​នាង​ប្រែ​ចិត្ត តែ​នាង​មិន​ព្រម​ប្រែ​ចិត្ត​ពី​អំពើ​សហាយ​ស្មន់​របស់​នាង​ឡើយ។ មើល៍! យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ ហើយ​បោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង លើក​លែង​តែ​គេ​ប្រែ​ចិត្ត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​ជា​មួយ​នាង​នោះ​ចេញ យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង ហើយ​ក្រុម​ជំនុំ​ទាំង​អស់​នឹង​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​ស្ទង់​មើល​ចិត្ត​គំនិត យើង​នឹង​សង​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ប៉ុន្តែ ចំពោះ​ពួក​អ្នក​ឯ​ទៀត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​ក្រុង​ធា‌ទេរ៉ា គឺ​អស់​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​បង្រៀន​នោះ ក៏​មិន​ស្គាល់​អ្វី​ដែល​អ្នក​ខ្លះ​ហៅ​ថា "ជម្រៅ​របស់​អារក្ស​សាតាំង" នោះ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​មិន​ផ្ទុក​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា​ទេ គ្រាន់​តែ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន​ប៉ុណ្ណោះ រហូត​ដល់​ពេល​យើង​មក​ដល់។ អ្នក​ណា​ដែល​ឈ្នះ ហើយ​ធ្វើ​កិច្ច‌ការ​របស់​យើង​រហូត​ដល់​ចុង​បំផុត យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​អំណាច​លើ​ជាតិ​សាសន៍​នានា អ្នក​នោះ​នឹង​ឃ្វាល​គេ​ដោយ​ដំបង​ដែក ដូច​ជា​គេ​បំបែក​ភាជនៈ​ដី​ឲ្យ​ខ្ទេច​ខ្ទី ដូច​អំណាច​ដែល​យើង​បាន​ទទួល​ពី​ព្រះ‌វរ‌បិតា​របស់​យើង​ដែរ យើង​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ។ អ្នក​ណា​ដែល​មាន​ត្រចៀក ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម​ជំនុំ​ទាំង​នេះ​ចុះ"»។

ចែក​រំលែក
អាន វិវរណៈ 2

វិវរណៈ 2:18-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ​នៅ​ក្រុង​ធាទេ‌រ៉ា ដូច​ត​ទៅ​នេះ៖ ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ គឺ​ព្រះអង្គ​ដែល​មាន​ព្រះ‌នេត្រ​ភ្លឺ​ដូច​អណ្ដាត​ភ្លើង និង​ព្រះ‌បាទា​ដូច​លង្ហិន ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ យើង​ដឹង​ថា អ្នក​មាន​ចិត្ត​ស្រឡាញ់ មាន​ជំនឿ ចេះ​បម្រើ​អ្នក​ដទៃ មាន​ចិត្ត​ព្យាយាម។ យើង​ដឹង​ទៀត​ថា អំពើ​ដែល​អ្នក​ប្រព្រឹត្ត​ថ្មីៗ​នេះ​មាន​ចំនួន​ច្រើន​លើស​មុន​ទៅ​ទៀត។ ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​បណ្ដោយ​ឲ្យ​នាង​យេសិ‌បិល ជា​ស្រី​ដែល​តាំង​ខ្លួន​ជា​ព្យាកា‌រិនី* បង្រៀន និង​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង​ឲ្យ​វង្វេង ឲ្យ​ប្រាស‌ចាក​សីលធម៌ និង​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ​ក្លែងក្លាយ។ យើង​បាន​ទុក​ពេល​ឲ្យ​ស្ត្រី​នោះ​កែ​ប្រែ​ចិត្ត​គំនិត តែ​នាង​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឡើយ នាង​នៅ​តែ​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌​ដដែល។ ហេតុ​នេះ យើង​នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ដេក​លើ​គ្រែ​យ៉ាង​សែន​វេទនា ហើយ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​រួម​ផិត​ក្បត់​ជា​មួយ​នាង វេទនា​ដូច​គ្នា​ដែរ លើក‌លែង​តែ​គេ​កែ​ប្រែ​ចិត្ត ឈប់​ប្រព្រឹត្ត​អំពើ​នោះ​ជា​មួយ​នាង​ទៀត។ យើង​នឹង​ប្រហារ​ជីវិត​កូន​ចៅ​របស់​នាង ហើយ​ពេល​នោះ ក្រុម‌ជំនុំ​ទាំង​អស់​នឹង​ដឹង​ថា យើង​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស ហើយ​យើង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ចំពោះ​អ្នក​មួយ​ចំនួន​ទៀត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​ក្រុង​ធាទេ‌រ៉ា ដែល​ពុំ​បាន​ជំពាក់​ចិត្ត​នឹង​លទ្ធិ​នោះ ហើយ​ក៏​ពុំ​បាន​ស្គាល់ “សេចក្ដី​ជ្រៅ​ជ្រះ​របស់​មារ​សាតាំង” ដូច​ពាក្យ​គេ​និយាយ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​លើ​អ្នក​រាល់​គ្នា​ទៀត​ទេ គឺ​គ្រាន់​តែ​កាន់​តាម​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន​ឲ្យ​ខ្ជាប់ខ្ជួន រហូត​ដល់​ពេល​យើង​មក​ដល់​ប៉ុណ្ណោះ​បាន​ហើយ។ អ្នក​ណា​មាន​ជ័យ‌ជម្នះ ហើយ​បំពេញ​កិច្ចការ​របស់​យើង​រហូត​ដល់​ចុង​បញ្ចប់ យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​អំណាច​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា គេ​នឹង​ដឹក​នាំ​ប្រជា‌ជាតិ​ទាំង​នោះ​ដោយ​ដំបង​ដែក ដូច​គេ​កម្ទេច​ភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ។ អ្នក​នោះ​មាន​អំណាច​ដូច​អំណាច​ដែល​យើង​បាន​ទទួល​ពី​ព្រះ‌បិតា​របស់​យើង ហើយ​យើង​នឹង​ប្រគល់​ផ្កាយ​ព្រឹក​ឲ្យ​អ្នក​នោះ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!”»។

ចែក​រំលែក
អាន វិវរណៈ 2

វិវរណៈ 2:18-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ធាទេរ៉ា​ថា ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​មាន​ព្រះ‌នេត្រ​ដូច​ជា​អណ្តាត​ភ្លើង ហើយ​ព្រះ‌បាទ​ដូច​ជា​លង្ហិន​រលីង ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ ព្រម​ទាំង​សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនួយ សេចក្ដី​ជំនឿ សេចក្ដី​អត់‌ធ្មត់​របស់​ឯង​ដែរ ហើយ​ថា ការ​ដែល​ឯង​ធ្វើ​ជាន់​ក្រោយ បាន​ច្រើន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត តែ​អញ​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​ឯង ដ្បិត​ឯង​បណ្តោយ​ឲ្យ​ស្ត្រី ឈ្មោះ​យេសិ‌បិល ដែល​ហៅ​ខ្លួន​ជា​ហោរា បាន​ទៅ​បង្ហាត់​បង្រៀន ហើយ​នាំ​ពួក​បាវ​បំរើ​របស់​អញ ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​បរិភោគ​ដង្វាយ​ដែល​ថ្វាយ​ទៅ​រូប​ព្រះ​ផង អញ​បាន​ឲ្យ​វា​មាន​ឱកាស​នឹង​ប្រែ​ចិត្ត ចេញ​ពី​ការ​កំផិត​របស់​វា​ដែរ តែ​វា​មិន​ព្រម​សោះ មើល អញ​នឹង​បោះ​វា​ទៅ​លើ​គ្រែ ហើយ​បោះ​ពួក​អ្នក ដែល​ប្រព្រឹត្ត​សេចក្ដី​កំផិត​ជា​មួយ​នឹង​វា ឲ្យ​ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង លើក​តែ​គេ​ប្រែ​ចិត្ត​លះ‌បង់​ការ ដែល​គេ​ប្រព្រឹត្ត​នោះ​ចេញ ហើយ​អញ​នឹង​សំឡាប់​កូន​ចៅ​វា​ចោល នោះ​គ្រប់​ទាំង​ពួក​ជំនុំ​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ដែល​ស្ទង់​មើល​ចិត្ត​នឹង​ថ្លើម រួច​អញ​នឹង​សង​ការ​ដល់​ឯង​រាល់​គ្នា តាម​ការ​ដែល​គ្រប់​គ្នា​បាន​ប្រព្រឹត្ត តែ​អញ​ប្រាប់​ដល់​ឯង​រាល់​គ្នា ហើយ​ដល់​ពួក​អ្នក​ឯ​ទៀត នៅ​ក្រុង​ធាទេរ៉ា​ដែរ គឺ​ដល់​ពួក​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​បង្រៀន​នោះ ក៏​មិន​ស្គាល់​សេចក្ដី​ជំរៅ​របស់​អារក្ស​សាតាំង ដូច​ជា​ពាក្យ​ដែល​គេ​ថា​នោះ​ឡើយ តែ​អញៗ​មិន​ផ្ទុក​បន្ទុក​អ្វី​ទៀត​លើ​ឯង​រាល់​គ្នា​ទេ ប៉ុន្តែ សេចក្ដី​ដែល​ឯង​មាន នោះ​ឲ្យ​កាន់​ខ្ជាប់ ដរាប​ដល់​អញ​មក​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ ហើយ​កាន់​តាម​ការ​អញ ដរាប​ដល់​ចុង​បំផុត នោះ​អញ​នឹង​ឲ្យ​មាន​អំណាច​លើ​ពួក​សាសន៍​ដទៃ អ្នក​នោះ​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ដូច​ជា​គេ​បំបែក​ភាជនៈ​ដី​ឲ្យ​ខ្ទេច‌ខ្ទី តាម​អំណាច​ដែល​អញ​បាន​ទទួល​ពី​ព្រះវរ‌បិតា​មក អញ​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ។

ចែក​រំលែក
អាន វិវរណៈ 2