វិវរណៈ 2:1-4
វិវរណៈ 2:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងអេភេសូរថា៖ ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្តស្តាំ ហើយយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរនោះ ទ្រង់មានព្រះបន្ទូលពីសេចក្តីទាំងនេះថា "យើងស្គាល់កិច្ចការទាំងប៉ុន្មានដែលអ្នកធ្វើ ស្គាល់ការនឿយហត់ និងសេចក្ដីអត់ធ្មត់របស់អ្នកហើយ ក៏ដឹងថា អ្នកមិនអាចទ្រាំនឹងមនុស្សអាក្រក់បានផង គឺអ្នកបានល្បងលអស់អ្នកដែលហៅខ្លួនថាជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាអ្នកកុហក។ យើងក៏ដឹងថា អ្នកបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ដោយព្រោះនាមរបស់យើង ឥតណាយចិត្តឡើយ។ ប៉ុន្តែ យើងប្រកាន់សេចក្ដីនេះនឹងអ្នក គឺថា អ្នកបានបោះបង់សេចក្តីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង។
វិវរណៈ 2:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ នៅក្រុងអេភេសូដូចតទៅ៖ ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដាំ ហើយដែលយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ត ហើយក៏ស្គាល់ការនឿយហត់ និងការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់ឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាសាវ័ក* ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។ អ្នកមានចិត្តព្យាយាម អ្នកបានរងទុក្ខលំបាក ព្រោះតែនាមយើងឥតបាក់ទឹកចិត្តសោះឡើយ។ ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកលែងមានចិត្តស្រឡាញ់ដូចអ្នកមាន កាលពីដើមដំបូង។
វិវរណៈ 2:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្តាំ ហើយយាងនៅកណ្តាលជើងចង្កៀងមាសទាំង៧នោះ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា អញស្គាល់អស់ទាំងការដែលឯងធ្វើ នឹងសេចក្ដីនឿយហត់ ហើយសេចក្ដីអត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ ឯងបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ តែអញប្រកាន់សេចក្ដីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមចេញ