វិវរណៈ 2:1-11
វិវរណៈ 2:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងអេភេសូរថា៖ ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្តស្តាំ ហើយយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរនោះ ទ្រង់មានព្រះបន្ទូលពីសេចក្តីទាំងនេះថា "យើងស្គាល់កិច្ចការទាំងប៉ុន្មានដែលអ្នកធ្វើ ស្គាល់ការនឿយហត់ និងសេចក្ដីអត់ធ្មត់របស់អ្នកហើយ ក៏ដឹងថា អ្នកមិនអាចទ្រាំនឹងមនុស្សអាក្រក់បានផង គឺអ្នកបានល្បងលអស់អ្នកដែលហៅខ្លួនថាជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាអ្នកកុហក។ យើងក៏ដឹងថា អ្នកបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ដោយព្រោះនាមរបស់យើង ឥតណាយចិត្តឡើយ។ ប៉ុន្តែ យើងប្រកាន់សេចក្ដីនេះនឹងអ្នក គឺថា អ្នកបានបោះបង់សេចក្តីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង។ ដូច្នេះ ចូរនឹកចាំថា អ្នកបានធ្លាក់ចេញពីសណ្ឋានណា ចូរប្រែចិត្ត ហើយប្រព្រឹត្តដូចដើមឡើងវិញ។ បើពុំនោះទេ យើងនឹងមករកអ្នក ហើយដកយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងរបស់វា លើកលែងតែអ្នកប្រែចិត្ត។ ប៉ុន្តែ អ្នកមានសេចក្ដីនេះ គឺអ្នកស្អប់កិច្ចការរបស់ពួកនីកូឡាស យើងក៏ស្អប់ដែរ។ អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ យើងនឹងឲ្យបរិភោគផ្លែពីដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ"»។ «ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងស្មឺណាថា៖ ព្រះដ៏ជាដើម និងជាចុង ដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា "យើងស្គាល់ទុក្ខវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្តែ តាមពិតអ្នកជាអ្នកមាន ក៏ស្គាល់អស់អ្នកដែលប្រមាថអ្នក ដែលថាខ្លួនជាសាសន៍យូដា តែគេមិនមែនជាសាសន៍យូដាទេ គឺជាក្រុមជំនុំរបស់អារក្សសាតាំងវិញ។ កុំខ្លាចការដែលអ្នកត្រូវរងទុក្ខវេទនានោះឡើយ មើល៍! អារក្សវាបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីនឹងល្បងល ហើយអ្នកនឹងត្រូវវេទនាអស់ដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។ អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ នោះសេចក្ដីស្លាប់ទីពីរនឹងធ្វើទុក្ខអ្នកនោះមិនបានឡើយ"»។
វិវរណៈ 2:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ នៅក្រុងអេភេសូដូចតទៅ៖ ព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដាំ ហើយដែលយាងនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ត ហើយក៏ស្គាល់ការនឿយហត់ និងការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់ឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាសាវ័ក* ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។ អ្នកមានចិត្តព្យាយាម អ្នកបានរងទុក្ខលំបាក ព្រោះតែនាមយើងឥតបាក់ទឹកចិត្តសោះឡើយ។ ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកលែងមានចិត្តស្រឡាញ់ដូចអ្នកមាន កាលពីដើមដំបូង។ ដូច្នេះ ចូរនឹកគិតឡើងវិញថា តើអ្នកបានធ្លាក់ចុះពីណាមក ចូរកែប្រែចិត្តគំនិត ហើយប្រព្រឹត្តអំពើដែលអ្នកធ្លាប់ប្រព្រឹត្ត កាលពីដើមនោះឡើងវិញ។ បើពុំនោះទេ យើងនឹងមករកអ្នក ហើយបើអ្នកមិនកែប្រែចិត្តគំនិតទេនោះ យើងនឹងយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងវាជាមិនខាន។ ប៉ុន្តែ យើងសរសើរអ្នកត្រង់កន្លែងមួយ គឺអ្នកស្អប់អំពើដែលពួកនីកូឡាសប្រព្រឹត្ដ យើងក៏ស្អប់អំពើទាំងនោះដែរ។ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំ*ទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះបរិភោគផ្លែឈើ ដែលបេះពីដើមនៃជីវិត នៅក្នុងសួនឧទ្យានរបស់ព្រះជាម្ចាស់”»។ «ចូរសរសេរទៅកាន់ទេវតា*របស់ក្រុមជំនុំ*នៅក្រុងស្មៀរណាដូចតទៅនេះ៖ ព្រះអង្គដែលគង់នៅមុនគេ និងនៅក្រោយគេបំផុត គឺព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ទ្រង់មានព្រះបន្ទូលថា: “យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និងដឹងថាអ្នកកម្សត់ទុគ៌ត តែតាមពិត អ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នក តែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់មារ*សាតាំង។ កុំខ្លាចទុក្ខលំបាកដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា មារ*នឹងចាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា យកទៅឃុំឃាំង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នកទុកជាមកុដ។ ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជម្នះ សេចក្ដីស្លាប់ទីពីរពុំអាចមកយាយីអ្នកនោះឡើយ”»។
វិវរណៈ 2:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្តាំ ហើយយាងនៅកណ្តាលជើងចង្កៀងមាសទាំង៧នោះ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា អញស្គាល់អស់ទាំងការដែលឯងធ្វើ នឹងសេចក្ដីនឿយហត់ ហើយសេចក្ដីអត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ ឯងបានអត់ធន់ ហើយទ្រាំទ្រ ទាំងធ្វើការដោយនឿយហត់ ឥតណាយចិត្តឡើយ ដោយព្រោះឈ្មោះអញ តែអញប្រកាន់សេចក្ដីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមចេញ ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ ពុំនោះសោត អញនឹងមកឯឯង ហើយនឹងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ ប៉ុន្តែ ឯងមានសេចក្ដី១នេះ គឺថា ឯងស្អប់ការរបស់ពួកនីកូឡាស ដែលអញក៏ស្អប់ដែរ អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដី ដែលព្រះវិញ្ញាណមានបន្ទូល ដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអស់អ្នកណាដែលឈ្នះ នោះអញនឹងឲ្យបរិភោគផ្លែរបស់ដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ។ ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងស្មឺន៉ាថា ព្រះដ៏ជាដើម ហើយជាចុង ដែលបានសុគត រួចមានព្រះជន្មរស់ឡើងវិញ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា អញស្គាល់សេចក្ដីទុក្ខលំបាក នឹងសេចក្ដីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ ក៏ស្គាល់សេចក្ដីប្រមាថរបស់ពួកអ្នក ដែលហៅខ្លួនជាសាសន៍យូដាដែរ តែគេមិនមែនសាសន៍យូដាទេ គឺជាពួកជំនុំរបស់អារក្សសាតាំងវិញ កុំឲ្យឯងខ្លាចសេចក្ដីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ ឯអ្នកណាដែលឈ្នះ នោះសេចក្ដីស្លាប់ទី២នឹងធ្វើទុក្ខដល់អ្នកនោះមិនបានឡើយ។