វិវរណៈ 19:6-10

វិវរណៈ 19:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​មនុស្ស​ច្រើន​កុះករ ដូច​ស្នូរ​សន្ធឹក​មហា​សាគរ ហើយ​ដូច​សូរ​ផ្គរ​លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ។ ចូរ​យើង​អរ​សប្បាយ ហើយ​រីក​រាយ​ឡើង ទាំង​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌អង្គ​ចុះ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គលរបស់​កូន​ចៀម​ហើយ ឯ​កូន​ក្រមុំ​របស់​ព្រះ‌អង្គ​ក៏​បាន​រៀប​ចំ​ខ្លួន​ជា​ស្រេច​ហើយ​ដែរ។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​នាង​បាន​ស្លៀក​ពាក់​សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ដ ស្អាត ហើយ​ភ្លឺ»។ ដ្បិត​សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ដ គឺ​ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ។ ទេវតា​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​សរសេរ​ដូច្នេះ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ព្រះ​បាន​ហៅ​មក​បរិ‌ភោគ​ការ​កូន​ចៀម»។ ទេវតា​ពោល​មក​កាន់​ខ្ញុំ​ទៀត​ថា៖ «នេះ​ជា​ព្រះ‌បន្ទូល​ពិត​របស់​ព្រះ»។ ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា​នោះ ដើម្បី​ថ្វាយ​បង្គំ តែ​លោក​ពោល​មក​កាន់​ខ្ញុំ​ថា៖ «កុំ​ធ្វើ​ដូច្នេះ​ឡើយ ដ្បិត​ខ្ញុំ​ជា​អ្នក​បម្រើ​រួម​ការងារ​ជា​មួយ​អ្នក និង​ជា​បង‌ប្អូន​អ្នក ដែល​មាន​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ​ដែរ។ ចូរ​ថ្វាយ​បង្គំ​ព្រះ​វិញ»។ ដ្បិត​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេ‌ស៊ូវ គឺ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ។

ចែក​រំលែក
អាន វិវរណៈ 19

វិវរណៈ 19:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា! ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​តាំង​ព្រះ‌រាជ្យ​របស់​ព្រះអង្គ​ហើយ យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឲ្យ​ខ្លាំង ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះអង្គ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ ភរិយា​ថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។ ព្រះអង្គ​ប្រទាន​ឲ្យ​នាង​ស្លៀក​ពាក់​រុងរឿង ភ្លឺ​ចិញ្ចែង‌ចិញ្ចាច និង​បរិសុទ្ធ។ សម្លៀក‌បំពាក់​ដ៏​រុងរឿង​នោះ​គឺ​ជា​អំពើ​សុចរិត​ផ្សេងៗ ដែល​ប្រជា‌ជន​ដ៏វិសុទ្ធ​បាន​ប្រព្រឹត្ត»។ ទេវតា*​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​កត់‌ត្រា​ទុក អ្នក​ណា​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គល‌ការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល*​ហើយ!»។ បន្ទាប់​មក ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «សេចក្ដី​ទាំង​នេះ​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់​មែន»។ ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា​នោះ បម្រុង​នឹង​ថ្វាយ‌បង្គំ​លោក ប៉ុន្តែ លោក​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​លោក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​បងប្អូន​លោក ដែល​ជឿ​លើ​សក្ខីភាព​របស់​ព្រះ‌យេស៊ូ​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់​វិញ! ដ្បិត​សក្ខីភាព​របស់​ព្រះ‌យេស៊ូ គឺ​វិញ្ញាណ​ដែល​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌ជា‌ម្ចាស់»​។

ចែក​រំលែក
អាន វិវរណៈ 19

វិវរណៈ 19:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​នៃ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដូច​សូរ​ទឹក​ច្រើន ហើយ​ដូច​សូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ‌រាជ្យ​ឡើង​ហើយ ចូរ​ឲ្យ​យើង​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង ទាំង​ថ្វាយ​សិរី‌ល្អ​ដល់​ទ្រង់​ចុះ ដ្បិត​បាន​ដល់​ពេល​រៀប​វិវាហ‌មង្គល​នៃ​កូន​ចៀម​ហើយ ភរិយា​ទ្រង់​បាន​រៀប​ខ្លួន​ជា​ស្រេច ទ្រង់​ប្រទាន​ឲ្យ​នាង​បាន​ស្លៀក‌ពាក់​សំពត់​ទេស​យ៉ាង​ម៉ដ្ត ស្អាត ហើយ​ភ្លឺ ដ្បិត​សំពត់​ទេស​យ៉ាង​ម៉ដ្ត នោះ​ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ ទេវតា​ក៏​ប្រាប់​មក​ខ្ញុំ​ថា ចូរ​សរសេរ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ព្រះ​បាន​ហៅ​មក​បរិភោគ​ការ​កូន​ចៀម ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា នេះ​ជា​ព្រះ‌បន្ទូល​ពិត​របស់​ព្រះ នោះ​ខ្ញុំ​ទំលាក់​ខ្លួន​ចុះ នៅ​ទៀប​ជើង​ទេវតា​នោះ ដើម្បី​ថ្វាយ‌បង្គំ តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ដ្បិត​ខ្ញុំ​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក ហើយ​នឹង​បង​ប្អូន​អ្នក ដែល​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ​ដែរ ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ ដ្បិត​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ នោះ​ហើយ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ។

ចែក​រំលែក
អាន វិវរណៈ 19