វិវរណៈ 19:1-16
វិវរណៈ 19:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមក ខ្ញុំបានឮហាក់ដូចជាសំឡេងយ៉ាងខ្លាំងរបស់មនុស្សច្រើនកុះករ នៅស្ថានសួគ៌ថា៖ «ហាលេលូយ៉ា! ការសង្គ្រោះ សិរីល្អ និងព្រះចេស្តា ជារបស់ព្រះនៃយើង ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ សុទ្ធតែពិតត្រង់ ហើយសុចរិត ព្រោះព្រះអង្គបានជំនុំជម្រះស្ត្រីពេស្យាដ៏ធំ ដែលបង្ខូចផែនដី ដោយអំពើសហាយស្មន់របស់នាង ហើយព្រះអង្គក៏បានសងសឹក ដោយព្រោះឈាមពួកអ្នកបម្រើរបស់ព្រះអង្គ ដែលនាងបានកម្ចាយនោះដែរ»។ ពួកគេក៏ពោលពាក្យម្តងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងនៃក្រុងនេះហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ»។ ពួកចាស់ទុំទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួន ក៏ក្រាបចុះថ្វាយបង្គំព្រះដែលគង់លើបល្ល័ង្ក ទាំងពោលថា៖ «អាម៉ែន! ហាលេលូយ៉ា!»។ មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អស់ទាំងអ្នកបម្រើ និងពួកអ្នកដែលកោតខ្លាចព្រះ ទាំងធំទាំងតូចអើយ ចូរសរសើរព្រះនៃយើង!»។ បន្ទាប់មក ខ្ញុំឮសូរដូចជាសំឡេងមនុស្សច្រើនកុះករ ដូចស្នូរសន្ធឹកមហាសាគរ ហើយដូចសូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលមានព្រះចេស្តាបំផុត ទ្រង់សោយរាជ្យឡើងហើយ។ ចូរយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ព្រះអង្គចុះ ដ្បិតដល់ពេលរៀបវិវាហមង្គលរបស់កូនចៀមហើយ ឯកូនក្រមុំរបស់ព្រះអង្គក៏បានរៀបចំខ្លួនជាស្រេចហើយដែរ។ ព្រះអង្គប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសឯកយ៉ាងម៉ដ្ដ ស្អាត ហើយភ្លឺ»។ ដ្បិតសំពត់ទេសឯកយ៉ាងម៉ដ្ដ គឺជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ។ ទេវតាពោលមកកាន់ខ្ញុំថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម»។ ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «នេះជាព្រះបន្ទូលពិតរបស់ព្រះ»។ ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែលោកពោលមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាបងប្អូនអ្នក ដែលមានបន្ទាល់របស់ព្រះយេស៊ូវដែរ។ ចូរថ្វាយបង្គំព្រះវិញ»។ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ គឺជាវិញ្ញាណនៃសេចក្ដីទំនាយ។ បន្ទាប់មក ខ្ញុំបានឃើញស្ថានសួគ៌បើកចំហ ហើយមើល៍ មានសេះសមួយ! ព្រះអង្គដែលគង់លើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ហើយពិតប្រាកដ» ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសុចរិត។ ព្រះនេត្ររបស់ព្រះអង្គដូចជាអណ្ដាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ព្រះអង្គមានព្រះនាមមួយចារទុក ដែលក្រៅពីព្រះអង្គគ្មានអ្នកណាស្គាល់ឡើយ។ ព្រះអង្គទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមព្រះអង្គហៅថា «ព្រះបន្ទូលនៃព្រះ»។ ពលទ័ពនៅស្ថានសួគ៌ ជិះសេះសដង្ហែព្រះអង្គ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌សស្អាត។ មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារអស់ទាំងសាសន៍ ហើយព្រះអង្គនឹងគ្រប់គ្រងគេ ដោយដំបងដែក។ ព្រះអង្គនឹងជាន់ក្នុងធុងឃ្នាបស្រាទំពាំងបាយជូរ ជាសេចក្ដីក្រោធដ៏ខ្លាំងក្លារបស់ព្រះដ៏មានព្រះចេស្តាបំផុត។ ព្រះអង្គមានព្រះនាមចារនៅព្រះពស្ត្រ និងនៅភ្លៅរបស់ព្រះអង្គថា «ស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។
វិវរណៈ 19:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់ពីហេតុការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជាមានសំឡេងយ៉ាងខ្លាំងរបស់មហាជនច្រើនកុះករនៅលើមេឃថា៖ «ហាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព ដ្បិតព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌។ ព្រះអង្គបានវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើឲ្យផែនដីទៅជាសៅហ្មង ដោយកាមគុណរបស់នាង ព្រះអង្គបានដាក់ទោសស្ត្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបម្រើរបស់ព្រះអង្គ»។ មហាជនទាំងនោះពោលម្ដងទៀតថា៖ «ហាលេលូយ៉ា! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់កល្បជាអង្វែងតរៀងទៅ»។ ពួកព្រឹទ្ធាចារ្យទាំងម្ភៃបួនរូប និងសត្វមានជីវិតទាំងបួន ក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅលើបល្ល័ង្ក ទាំងពោលថា៖ «អាម៉ែន! ហាលេលូយ៉ា!»។ មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!»។ ពេលនោះ ខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ហាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឲ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ ព្រះអង្គប្រទានឲ្យនាងស្លៀកពាក់រុងរឿង ភ្លឺចិញ្ចែងចិញ្ចាច និងបរិសុទ្ធ។ សម្លៀកបំពាក់ដ៏រុងរឿងនោះគឺជាអំពើសុចរិតផ្សេងៗ ដែលប្រជាជនដ៏វិសុទ្ធបានប្រព្រឹត្ត»។ ទេវតា*ពោលមកកាន់ខ្ញុំថា៖ «ចូរកត់ត្រាទុក អ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គល*ហើយ!»។ បន្ទាប់មក ទេវតាប្រាប់ខ្ញុំថា៖ «សេចក្ដីទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន»។ ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ បម្រុងនឹងថ្វាយបង្គំលោក ប៉ុន្តែ លោកពោលមកខ្ញុំថា៖ «កុំថ្វាយបង្គំខ្ញុំអី! ខ្ញុំជាអ្នករួមការងារជាមួយលោកទេតើ ហើយខ្ញុំក៏រួមការងារជាមួយបងប្អូនលោក ដែលជឿលើសក្ខីភាពរបស់ព្រះយេស៊ូដែរ។ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ! ដ្បិតសក្ខីភាពរបស់ព្រះយេស៊ូ គឺវិញ្ញាណដែលថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់»។ បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ ព្រះអង្គដែលគង់នៅលើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ព្រះដ៏ពិតប្រាកដ» ព្រះអង្គវិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្តិធម៌។ ព្រះអង្គមានព្រះនេត្រដូចអណ្ដាតភ្លើង ហើយមានមកុដជាច្រើននៅលើព្រះសិរសាផង។ នៅលើព្រះកាយព្រះអង្គមានសរសេរព្រះនាមមួយ ក្រៅពីព្រះអង្គ គ្មាននរណាស្គាល់ព្រះនាមនោះឡើយ ព្រះអង្គមានសម្លៀកបំពាក់ទទឹកឈាមជោក។ ព្រះអង្គមានព្រះនាមថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ កងទ័ពនៅស្ថានសួគ៌នាំគ្នាជិះសេះសមកតាមព្រះអង្គ ទាំងស្លៀកពាក់សំពត់ទេសឯកពណ៌ស និងបរិសុទ្ធ*។ មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារជាតិសាសន៍ទាំងឡាយ ព្រះអង្គនឹងកាន់ដំបងដែកដឹកនាំគេ ហើយព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុង ឲ្យចេញជាស្រានៃព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។ នៅលើព្រះភូសា និងលើភ្លៅរបស់ព្រះអង្គ មានសរសេរព្រះនាមថា «ព្រះមហាក្សត្រលើមហាក្សត្រនានា និងព្រះអម្ចាស់លើអម្ចាស់នានា»។
វិវរណៈ 19:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក ខ្ញុំឮសំឡេងយ៉ាងខ្លាំង របស់មនុស្ស១ហ្វូងដ៏ធំ នៅលើស្ថានសួគ៌ថា ហាលេលូយ៉ា សេចក្ដីសង្គ្រោះ សិរីល្អ នឹងព្រះចេស្តា នោះជារបស់ផងព្រះនៃយើងរាល់គ្នាហើយ ដ្បិតសេចក្ដីជំនុំជំរះរបស់ទ្រង់ សុទ្ធតែពិតត្រង់ ហើយសុចរិតទាំងអស់ ពីព្រោះទ្រង់បានកាត់ទោសស្រីសំផឹងដ៏ធំនោះ ដែលបង្ខូចផែនដី ដោយការកំផិតរបស់វា ទ្រង់ក៏សងសឹក ដោយព្រោះឈាមពួកបាវបំរើរបស់ទ្រង់ ដែលវាបានកំចាយ ពួកនោះក៏ពោលពាក្យម្តងទៀតថា ហាលេលូយ៉ា ហើយផ្សែងវាក៏ហុយឡើងនៅអស់កល្បជានិច្ចរៀងរាបតទៅ ពួកចាស់ទុំទាំង២៤នាក់ នឹងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំចំពោះព្រះ ដែលគង់លើបល្ល័ង្ក ដោយនិយាយថា អាម៉ែន ហាលេលូយ៉ា រួចមានសំឡេងចេញពីបល្ល័ង្កមកថា អស់ទាំងបាវបំរើទ្រង់ នឹងពួកអ្នកដែលកោតខ្លាចទ្រង់ ទាំងធំទាំងតូចអើយ ចូរសរសើរដល់ព្រះនៃយើងរាល់គ្នាចុះ នោះខ្ញុំឮសូរដូចជាសំឡេងនៃមនុស្ស១ហ្វូងយ៉ាងធំ ដូចសូរទឹកច្រើន ហើយដូចសូរផ្គរលាន់យ៉ាងខ្លាំងថា ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលមានព្រះចេស្តាបំផុត ទ្រង់សោយរាជ្យឡើងហើយ ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច ទ្រង់ប្រទានឲ្យនាងបានស្លៀកពាក់សំពត់ទេសយ៉ាងម៉ដ្ត ស្អាត ហើយភ្លឺ ដ្បិតសំពត់ទេសយ៉ាងម៉ដ្ត នោះជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ ទេវតាក៏ប្រាប់មកខ្ញុំថា ចូរសរសេរថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម ក៏និយាយមកខ្ញុំទៀតថា នេះជាព្រះបន្ទូលពិតរបស់ព្រះ នោះខ្ញុំទំលាក់ខ្លួនចុះ នៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែទេវតាប្រាប់ខ្ញុំថា កុំឲ្យធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាបាវបំរើជាមួយនឹងអ្នក ហើយនឹងបងប្អូនអ្នក ដែលមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវដែរ ចូរថ្វាយបង្គំដល់ព្រះវិញ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយ។ ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះស១ នឹងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថា «ស្មោះត្រង់ ហើយពិតប្រាកដ» ទ្រង់ជំនុំជំរះ ហើយច្បាំងដោយសុចរិត ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែលគ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ ទ្រង់ក៏ទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមទ្រង់ហៅថា «ព្រះបន្ទូលនៃព្រះ» អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង មានដាវយ៉ាងមុតចេញពីព្រះឱស្ឋទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្ដីឃោរឃៅរបស់សេចក្ដីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់មានព្រះនាមកត់នៅព្រះពស្ត្រ ហើយនៅព្រះឧរូទ្រង់ថា «ស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។