វិវរណៈ 17:10-18

វិវរណៈ 17:10-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក៏​មាន​ស្តេច​ប្រាំពីរ​អង្គ ប្រាំ​អង្គ​បាន​ដួល​ហើយ មាន​មួយ​អង្គ​នៅ​សព្វ​ថ្ងៃ ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​ទេ ពេល​ស្តេច​នោះ​មក​ដល់ ទ្រង់​នៅ​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ រីឯ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​គ្មាន គឺ​ជា​ស្តេច​ទី​ប្រាំបី តែ​ក៏​នៅ​ក្នុង​ចំណោម​ស្តេច​ទាំង​ប្រាំពីរ​នោះ​ដែរ ហើយ​ត្រូវ​វិនាស​បាត់​ទៅ។ ស្នែង​ដប់​ដែល​អ្នក​ឃើញ គឺ​ជា​ស្តេច​ដប់​អង្គ ដែល​មិន​ទាន់​ទទួល​រាជ្យ​នៅ​ឡើយ តែ​ស្ដេច​ទាំង​នោះ​ត្រូវ​ទទួល​អំណាច​ជា​ស្តេច​រយៈ​ពេល​មួយ​ម៉ោង រួម​ជា​មួយ​សត្វ​នោះ។ ស្តេច​ទាំង​នេះ​មាន​គំនិត​តែ​មួយ ដើម្បី​ប្រគល់​ឫទ្ធា‌នុភាព និង​អំណាច​របស់​ខ្លួន​ដល់​សត្វ​នោះ។ ស្ដេច​ទាំង​នោះ នឹង​ច្បាំង​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ បាន​ជ្រើស​រើស និង​ជា​អ្នក​ស្មោះ​ត្រង់»។ ទេវតា​នោះ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «មហា‌សមុទ្រ​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្ត្រី​ពេស្យា​អង្គុយ​លើ​នោះ គឺ​ជា​ប្រជា‌ជន មហាជន ជាតិ​សាសន៍ និង​ភាសា​នានា។ ឯស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ ព្រម​ទាំង​សត្វ​នោះ នឹង​ស្អប់​ស្ត្រី​ពេស្យា​នោះ គេ​នឹង​ធ្វើ​ឲ្យ​នាង​ហិនហោច ហើយ​នៅ​អាក្រាត គេ​នឹង​ស៊ី​សាច់​នាង និង​ដុត​នាង​នៅ​ក្នុង​ភ្លើង។ ដ្បិត​ព្រះ​បាន​បណ្ដាល​ចិត្ត​គេ ឲ្យ​ធ្វើ​តាម​គំនិត​របស់​ព្រះ‌អង្គ ដោយ​មូល​គំនិត​តែ​មួយ ហើយ​ប្រគល់​រាជ្យ​របស់​គេ​ឲ្យ​សត្វ​នោះ រហូត​ទាល់​តែ​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​សម្រេច។ ស្ត្រី​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ជា​ទី​ក្រុង​ដ៏​ធំ ដែល​មាន​អំណាច​លើ​ស្តេច​នានា​នៅ​ផែនដី»។

ចែក​រំលែក
អាន វិវរណៈ 17

វិវរណៈ 17:10-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ដេច​ប្រាំ​អង្គ​បាន​បាត់‌បង់​រាជ្យ​ទៅ​ហើយ មួយ​អង្គ​ទៀត​កំពុង​តែ​សោយ​រាជ្យ ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ ពេល​ស្ដេច​នោះ​មក​ដល់ ស្ដេច​នឹង​សោយ​រាជ្យ​តែ​មួយ‌ភ្លែត​ប៉ុណ្ណោះ។ រីឯ​សត្វ​តិរច្ឆាន​ដែល​មាន​ជីវិត​កាល​ពី​សម័យ​ដើម តែ​ឥឡូវ​គ្មាន​ទេ​នោះ វា​នឹង​មក​ធ្វើ​ជា​ស្ដេច​ទី​ប្រាំ​បី។ វា​ក៏​នៅ​ក្នុង​ចំណោម​ស្ដេច​ទាំង​ប្រាំ‌ពីរ​នោះ​ដែរ ហើយ​នឹង​ត្រូវ​វិនាស​បាត់​ទៅ។ ស្នែង​ទាំង​ដប់​ដែល​លោក​បាន​ឃើញ សំដៅ​ទៅ​លើ​ស្ដេច​ដប់​អង្គ​ដែល​ពុំ​ទាន់​បាន​ទទួល​រាជ​សម្បត្តិ​នៅ​ឡើយ តែ​ស្ដេច​ទាំង​នោះ​នឹង​ទទួល​អំណាច​ធ្វើ​ជា​ស្ដេច បាន​មួយ​ម៉ោង​រួម​ជា​មួយ​សត្វ​តិរច្ឆាន។ ស្ដេច​ទាំង​នោះ​មាន​គោល​បំណង​តែ​មួយ​ដូច​គ្នា គឺ​ប្រគល់​ឫទ្ធា‌នុភាព និង​អំណាច​ខ្លួន ទៅ​ឲ្យ​សត្វ​តិរច្ឆាន។ ស្ដេច​ទាំង​ដប់​នឹង​នាំ​គ្នា​ធ្វើ​សឹក​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​ស្ដេច​ទាំង​ដប់ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​លើ​អម្ចាស់​នានា និង​ជា​ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​នានា។ រីឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​កូន​ចៀម គឺ​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ និង​បាន​ជ្រើស​រើស ហើយ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ ក៏​នឹង​មាន​ជ័យ‌ជម្នះ​រួម​ជា​មួយ​កូន​ចៀម​ដែរ»។ ទេវតា​ពោល​មក​កាន់​ខ្ញុំ​ទៀត​ថា៖ «មហា​សមុទ្រ​ដែល​លោក​បាន​ឃើញ គឺ​មហា​សមុទ្រ​ដែល​ស្ត្រី​ពេស្យា​អង្គុយ​លើ​នោះ សំដៅ​ទៅ​លើ​ប្រជា‌រាស្ត្រ មហា‌ជន ជាតិ​សាសន៍ និង​ភាសា​នានា។ រីឯ​ស្នែង​ទាំង​ដប់​ដែល​លោក​បាន​ឃើញ ព្រម​ទាំង​សត្វ​តិរច្ឆាន នឹង​នាំ​គ្នា​ស្អប់​ស្ត្រី​ពេស្យា​នោះ ហើយ​ធ្វើ​ឲ្យ​នាង​នៅ​ស្ងាត់​ឈឹង ទាំង​សម្រាត​នាង​ឲ្យ​នៅ​ខ្លួន​ទទេ គេ​នឹង​ស៊ី​សាច់​នាង និង​យក​នាង​ទៅ​ដុត​ក្នុង​ភ្លើង​ទៀត​ផង ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ចិត្ត ធ្វើ​តាម​ផែន‌ការ​របស់​ព្រះអង្គ គឺ​មូល​មតិ​គ្នា​ប្រគល់​រាជ​សម្បត្តិ​ទៅ​ឲ្យ​សត្វ​តិរច្ឆាន រហូត​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​បាន​សម្រេច​គ្រប់​ប្រការ។ រីឯ​ស្ត្រី​ដែល​លោក​បាន​ឃើញ​នោះ គឺ​ជា​មហា​នគរ​ដែល​គ្រង​រាជ្យ​លើ​ស្ដេច​នានា​នៅ​លើ​ផែនដី»។

ចែក​រំលែក
អាន វិវរណៈ 17

វិវរណៈ 17:10-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក៏​មាន​ស្តេច​៧​អង្គ ឯ​៥​អង្គ​បាន​ដួល​ហើយ មាន​១​អង្គ​នៅ​សព្វ​ថ្ងៃ ហើយ​១​អង្គ​ទៀត​មិន​ទាន់​មក​ដល់​ទេ កាល​ណា​ស្តេច​នោះ​បាន​មក​ហើយ នោះ​នឹង​នៅ​មិន​យូរ​ប៉ុន្មាន​ទេ រីឯ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​បាត់ នោះ​ជា​ស្តេច​ទី​៨ ដែល​កើត​មក​ពី​ស្តេច​៧​អង្គ​នោះ ហើយ​ត្រូវ​វិនាស​បាត់​ទៅ​វិញ ឯ​ស្នែង​១០​ដែល​អ្នក​ឃើញ នោះ​ជា​ស្តេច​១០​អង្គ ដែល​មិន​ទាន់​ទទួល​រាជ្យ​នៅ​ឡើយ តែ​នឹង​ទទួល​អំណាច​ជា​ស្តេច នៅ​តែ​១​ម៉ោង​ប៉ុណ្ណោះ ជា​មួយ​នឹង​សត្វ​នោះ ស្តេច​ទាំង​នោះ​នឹង​មាន​គំនិត​តែ​១ ដើម្បី​នឹង​ប្រគល់​កំឡាំង នឹង​អំណាច​ខ្លួន​ដល់​សត្វ​នោះ គេ​នឹង​ច្បាំង​ទាស់​នឹង​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ជា​អ្នក​ដែល​ទ្រង់​បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ‌ត្រង់​ទាំង​អស់​គ្នា។ ទេវតា​ក៏​ប្រាប់​ខ្ញុំ​ថា ឯ​ទឹក​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្រី​សំផឹង​អង្គុយ​នោះ គឺ​ជា​ប្រជា‌ជន នឹង​មនុស្ស​ផង​ទាំង‌ឡាយ គ្រប់​សាសន៍ គ្រប់​ភាសា ស្នែង​ទាំង​១០​ដែល​អ្នក​ឃើញ ព្រម​ទាំង​សត្វ​នោះ​ផង នោះ​នឹង​ស្អប់​ដល់​ស្រី​សំផឹង ហើយ​នឹង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង ដ្បិត​ព្រះ‌ទ្រង់​បាន​បណ្តាល​ចិត្ត​គេ ឲ្យ​ធ្វើ​តាម​គំនិត​ទ្រង់ ហើយ​ឲ្យ​គេ​មូល​គំនិត នឹង​ប្រគល់​រាជ្យ​គេ ដល់​សត្វ​នោះ ទាល់​តែ​ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​សំរេច ឯ​ស្ត្រី​ដែល​អ្នក​បាន​ឃើញ នោះ​គឺ​ជា​ទី​ក្រុង​ដ៏​ធំ ដែល​មាន​អំណាច​លើ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី។

ចែក​រំលែក
អាន វិវរណៈ 17