វិវរណៈ 17:1-9
វិវរណៈ 17:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញពីការជំនុំជម្រះស្ត្រីពេស្យាដ៏ល្បីអសោច ដែលអង្គុយនៅលើមហាសាគរ ពួកស្តេចនៅផែនដីបានសហាយស្មន់ជាមួយស្ត្រីនោះ ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រានៃអំពើសហាយស្មន់របស់នាង»។ ទេវតានោះក៏នាំវិញ្ញាណខ្ញុំទៅកាន់ទីរហោស្ថាន នៅទីនោះខ្ញុំឃើញស្ត្រីម្នាក់ អង្គុយលើសត្វមួយសម្បុរក្រហមឆ្អិនឆ្អៅ ដែលមានឈ្មោះជាពាក្យប្រមាថព្រះពេញខ្លួន ហើយវាមានក្បាលប្រាំពីរ និងស្នែងដប់។ ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ហើយតុបតែងខ្លួនដោយមាស ត្បូងដ៏មានតម្លៃ និងកែវមុក្ដា ទាំងកាន់ពែងមាសមួយនៅនឹងដៃ ពេញដោយអំពើគួរឲ្យស្អប់ខ្ពើម និងសេចក្ដីស្មោកគ្រោកនៃអំពើសហាយស្មន់របស់នាង។ នៅលើថ្ងាសរបស់នាងមានចាឈ្មោះអាថ៌កំបាំងមួយ គឺ «ក្រុងបាប៊ីឡូនដ៏ធំ ជាម្តាយនៃពួកស្ត្រីពេស្យា និងអំពើគួរឲ្យស្អប់ខ្ពើមនៅផែនដី»។ ខ្ញុំក៏ឃើញស្ត្រីនោះស្រវឹងដោយឈាមរបស់ពួកបរិសុទ្ធ និងឈាមអ្នកដែលធ្វើបន្ទាល់របស់ព្រះយេស៊ូវ។ ពេលខ្ញុំឃើញស្ត្រីនោះ ខ្ញុំមានសេចក្ដីអស្ចារ្យយ៉ាងខ្លាំង។ ប៉ុន្តែ ទេវតាសួរខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកមានសេចក្ដីអស្ចារ្យដូច្នេះ? ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹងពីអាថ៌កំបាំងរបស់ស្ត្រីនោះ និងសត្វមានក្បាលប្រាំពីរ ហើយស្នែងដប់ដែលនាងជិះ។ សត្វដែលអ្នកបានឃើញនោះ ពីដើមវាមាន តែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីជង្ហុកធំមក រួចត្រូវវិនាសបាត់ទៅ។ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតពិភពលោកមក គេនឹងមានសេចក្ដីអស្ចារ្យ ដោយឃើញសត្វដែលពីដើមមាន តែឥឡូវនេះគ្មាន ហើយដែលត្រូវមកនោះ។ ត្រង់នេះ ត្រូវឲ្យគំនិតមានប្រាជ្ញាឡើង គឺក្បាលទាំងប្រាំពីរ ជាភ្នំប្រាំពីរដែលស្ត្រីនោះអង្គុយលើ
វិវរណៈ 17:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ទេវតា*មួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យលោកឃើញការវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។ ស្ដេចនៅផែនដីបាននាំគ្នាប្រាសចាកសីលធម៌ជាមួយស្ត្រីនោះ ហើយមនុស្សម្នានៅលើផែនដីក៏បាននាំគ្នាស្រវឹងនឹងកាមគុណជាមួយនាងដែរ»។ ទេវតានោះបានលើកវិញ្ញាណខ្ញុំឡើងនាំទៅកាន់វាលរហោស្ថាន*។ នៅទីនោះ ខ្ញុំឃើញស្ត្រីម្នាក់អង្គុយលើសត្វមួយសម្បុរក្រហមឆ្អិនឆ្អៅ ដែលមានសរសេរឈ្មោះផ្សេងៗពេញខ្លួនវា ជាឈ្មោះប្រមាថព្រះជាម្ចាស់។ សត្វនោះមានក្បាលប្រាំពីរ និងមានស្នែងដប់។ ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងតុបតែងខ្លួនដោយពាក់មាស ត្បូង និងពេជ្រទៀតផង។ នាងកាន់ពែងមាសមួយនៅដៃ ពោរពេញទៅដោយអំពើគួរឲ្យស្អប់ខ្ពើម និងកាមគុណដ៏ថោកទាបរបស់នាង។ នៅលើថ្ងាសនាងមានចារឈ្មោះមួយដ៏អាថ៌កំបាំង គឺ «មហានគរបាប៊ីឡូនជាម្ដាយរបស់ពួកស្ត្រីពេស្យា និងជាប្រភពនៃអំពើគួរឲ្យស្អប់ខ្ពើមនៅលើផែនដី»។ ខ្ញុំឃើញស្ត្រីនោះស្រវឹងឈាមរបស់ប្រជាជនដ៏វិសុទ្ធ* និងឈាមអស់អ្នកដែលជាបន្ទាល់របស់ព្រះយេស៊ូ។ ពេលឃើញស្ត្រីនោះ ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។ ទេវតាពោលមកកាន់ខ្ញុំថា៖ «ហេតុអ្វីបានជាលោកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងប្រាប់លោកឲ្យបានដឹងអត្ថន័យដ៏អាថ៌កំបាំងអំពីស្ត្រីនោះ និងអំពីសត្វដែលនាងជិះ មានក្បាលប្រាំពីរ និងស្នែងដប់។ សត្វដែលលោកឃើញនោះ នៅសម័យដើម មានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរកអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះ មនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើមវាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។ ត្រង់នេះ តោងយកប្រាជ្ញាដ៏ឈ្លាសវៃមករិះគិត ទើបយល់ ក្បាលប្រាំពីរសំដៅទៅលើភ្នំទាំងប្រាំពីរដែលស្ត្រីនោះអង្គុយលើ ហើយក៏សំដៅទៅលើស្ដេចទាំងប្រាំពីរអង្គដែរ។
វិវរណៈ 17:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទេវតា១ក្នុងពួកទាំង៧នោះ ដែលកាន់ចានកន្ទោង៧ ក៏មកនិយាយមកខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញទោសនៃស្រីសំផឹងដ៏ធំ ដែលស្ថិតនៅលើទឹកច្រើន ដែលពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រារបស់សេចក្ដីកំផិតនៃវា ទេវតានោះក៏នាំវិញ្ញាណខ្ញុំទៅឯទីរហោស្ថាន នោះខ្ញុំឃើញមានស្ត្រីម្នាក់ ជិះនៅលើសត្វសម្បុរក្រហម ដែលពេញជាឈ្មោះប្រមាថ មានក្បាល៧ ហើយស្នែង១០ សំលៀកបំពាក់របស់ស្ត្រីនោះមានពណ៌ស្វាយ ហើយក្រហម ក៏តែងដោយមាស ត្បូងមានដំឡៃ ហើយនឹងកែវមុក្តា ព្រមទាំងកាន់ពែងមាស ដែលពេញដោយសេចក្ដីស្មោកគ្រោក របស់ការកំផិតដ៏គួរខ្ពើមរបស់វាផង ហើយនៅថ្ងាសវាមានកត់ឈ្មោះថា «សេចក្ដីអាថ៌កំបាំង ក្រុងបាប៊ីឡូនដ៏ធំ ជាម្តាយនៃពួកស្រីសំផឹង នឹងអស់ទាំងសេចក្ដីគួរខ្ពើមនៅផែនដី» ខ្ញុំក៏ឃើញស្ត្រីនោះស្រវឹងនឹងឈាមនៃពួកបរិសុទ្ធ ហើយនឹងឈាមពួកអ្នកដែលធ្វើបន្ទាល់ពីព្រះយេស៊ូវ លុះខ្ញុំឃើញវាហើយ ក៏មានសេចក្ដីអស្ចារ្យជាខ្លាំង។ នោះទេវតាសួរខ្ញុំថា ហេតុអ្វីបានជាអ្នកមានសេចក្ដីអស្ចារ្យដូច្នេះ ខ្ញុំនឹងប្រាប់ឲ្យអ្នកដឹង ពីសេចក្ដីអាថ៌កំបាំងរបស់ស្ត្រីនោះ ហើយនឹងសត្វដែលវាជិះនោះ ដែលមានក្បាល៧ នឹងស្នែង១០ដែរ ឯសត្វដែលអ្នកបានឃើញនោះ ពីដើមវានៅ ឥឡូវនេះបាត់ទៅហើយ ក៏រៀបនឹងឡើងចេញពីជង្ហុកធំមកវិញ រួចវានឹងត្រូវវិនាសបាត់ទៅ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតលោកីយមក គេនឹងមានសេចក្ដីអស្ចារ្យ ដោយឃើញសត្វដែលពីដើមនៅ ឥឡូវនេះបាត់ តែនឹងត្រឡប់មានឡើងវិញនោះ នេះហើយជាគំនិតដ៏មានប្រាជ្ញា ឯក្បាលទាំង៧ នោះជាភ្នំ៧ គឺជាកន្លែងដែលស្ត្រីនោះអង្គុយនៅ