វិវរណៈ 17:1-18

វិវរណៈ 17:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ ចូល​មក​និយាយ​នឹង​ខ្ញុំ​ថា៖ «ចូល​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ពី​ការ​ជំនុំ‌ជម្រះ​ស្ត្រី​ពេស្យា​ដ៏​ល្បី​អសោច ដែល​អង្គុយ​នៅ​លើ​មហា​សាគរ ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​ជា​មួយ​ស្ត្រី​នោះ ហើយ​អស់​អ្នក​នៅ​ផែនដី​បាន​ស្រវឹង ដោយ​ស្រា​នៃ​អំពើ​សហាយ‌ស្មន់​របស់​នាង»។ ទេវតា​នោះ​ក៏​នាំ​វិញ្ញាណ​ខ្ញុំ​ទៅ​កាន់​ទី​រហោ‌ស្ថាន នៅ​ទីនោះ​ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់ អង្គុយ​លើ​សត្វ​មួយ​សម្បុរ​ក្រហម​ឆ្អិនឆ្អៅ ដែល​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះ​ពេញ​ខ្លួន ហើយ​វា​មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់។ ស្ត្រី​នោះ​ស្លៀក​ពាក់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិនឆ្អៅ ហើយ​តុប​តែង​ខ្លួន​ដោយ​មាស ត្បូង​ដ៏​មាន​តម្លៃ និង​កែវ​មុក្ដា ទាំង​កាន់​ពែង​មាស​មួយ​នៅ​នឹង​ដៃ ពេញ​ដោយ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​សេចក្ដី​ស្មោក‌គ្រោកនៃ​អំពើ​សហាយ​ស្មន់​របស់​នាង។ នៅ​លើ​ថ្ងាស​របស់​នាង​មាន​ចា​ឈ្មោះ​អាថ៌‌កំបាំង​មួយ គឺ «ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ជា​ម្តាយ​នៃ​ពួក​ស្ត្រី​ពេស្យា និង​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​ផែនដី»។ ខ្ញុំ​ក៏​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ដោយ​ឈាម​របស់​ពួក​បរិសុទ្ធ និង​ឈាម​អ្នក​ដែល​ធ្វើ​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ។ ពេល​ខ្ញុំ​ឃើញ​ស្ត្រី​នោះ ខ្ញុំ​មាន​សេចក្ដី​អស្ចារ្យ​យ៉ាង​ខ្លាំង។ ប៉ុន្តែ ទេវតា​សួរ​ខ្ញុំ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មាន​សេចក្ដី​អស្ចារ្យ​ដូច្នេះ? ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង​ពី​អាថ៌‌កំបាំង​របស់​ស្ត្រី​នោះ និង​សត្វ​មាន​ក្បាល​ប្រាំពីរ ហើយ​ស្នែង​ដប់​ដែល​នាង​ជិះ។ សត្វ​ដែល​អ្នក​បាន​ឃើញ​នោះ ពី​ដើម​វា​មាន តែ​ឥឡូវ​នេះ​គ្មាន​ទេ ហើយ​វា​បម្រុង​នឹង​ឡើង​ចេញ​ពី​ជង្ហុក​ធំ​មក រួច​ត្រូវ​វិនាស​បាត់​ទៅ។ ឯ​អស់​អ្នក​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត តាំង​ពី​កំណើត​ពិភព‌លោក​មក គេ​នឹង​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​គ្មាន ហើយ​ដែល​ត្រូវ​មក​នោះ។ ត្រង់​នេះ ត្រូវ​ឲ្យ​គំនិត​មាន​ប្រាជ្ញា​ឡើង គឺ​ក្បាល​ទាំង​ប្រាំពីរ ជា​ភ្នំ​ប្រាំពីរ​ដែល​ស្ត្រី​នោះ​អង្គុយ​លើ ក៏​មាន​ស្តេច​ប្រាំពីរ​អង្គ ប្រាំ​អង្គ​បាន​ដួល​ហើយ មាន​មួយ​អង្គ​នៅ​សព្វ​ថ្ងៃ ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​ទេ ពេល​ស្តេច​នោះ​មក​ដល់ ទ្រង់​នៅ​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ រីឯ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​គ្មាន គឺ​ជា​ស្តេច​ទី​ប្រាំបី តែ​ក៏​នៅ​ក្នុង​ចំណោម​ស្តេច​ទាំង​ប្រាំពីរ​នោះ​ដែរ ហើយ​ត្រូវ​វិនាស​បាត់​ទៅ។ ស្នែង​ដប់​ដែល​អ្នក​ឃើញ គឺ​ជា​ស្តេច​ដប់​អង្គ ដែល​មិន​ទាន់​ទទួល​រាជ្យ​នៅ​ឡើយ តែ​ស្ដេច​ទាំង​នោះ​ត្រូវ​ទទួល​អំណាច​ជា​ស្តេច​រយៈ​ពេល​មួយ​ម៉ោង រួម​ជា​មួយ​សត្វ​នោះ។ ស្តេច​ទាំង​នេះ​មាន​គំនិត​តែ​មួយ ដើម្បី​ប្រគល់​ឫទ្ធា‌នុភាព និង​អំណាច​របស់​ខ្លួន​ដល់​សត្វ​នោះ។ ស្ដេច​ទាំង​នោះ នឹង​ច្បាំង​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ បាន​ជ្រើស​រើស និង​ជា​អ្នក​ស្មោះ​ត្រង់»។ ទេវតា​នោះ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «មហា‌សមុទ្រ​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្ត្រី​ពេស្យា​អង្គុយ​លើ​នោះ គឺ​ជា​ប្រជា‌ជន មហាជន ជាតិ​សាសន៍ និង​ភាសា​នានា។ ឯស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ ព្រម​ទាំង​សត្វ​នោះ នឹង​ស្អប់​ស្ត្រី​ពេស្យា​នោះ គេ​នឹង​ធ្វើ​ឲ្យ​នាង​ហិនហោច ហើយ​នៅ​អាក្រាត គេ​នឹង​ស៊ី​សាច់​នាង និង​ដុត​នាង​នៅ​ក្នុង​ភ្លើង។ ដ្បិត​ព្រះ​បាន​បណ្ដាល​ចិត្ត​គេ ឲ្យ​ធ្វើ​តាម​គំនិត​របស់​ព្រះ‌អង្គ ដោយ​មូល​គំនិត​តែ​មួយ ហើយ​ប្រគល់​រាជ្យ​របស់​គេ​ឲ្យ​សត្វ​នោះ រហូត​ទាល់​តែ​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​សម្រេច។ ស្ត្រី​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ជា​ទី​ក្រុង​ដ៏​ធំ ដែល​មាន​អំណាច​លើ​ស្តេច​នានា​នៅ​ផែនដី»។

ចែក​រំលែក
អាន វិវរណៈ 17

វិវរណៈ 17:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ទេវតា*​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំ‌ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ‌ពីរ ចូល​មក​និយាយ​នឹង​ខ្ញុំ​ថា៖ «សុំ​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​ការ​វិនិច្ឆ័យ​ទោស​ស្ត្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​អង្គុយ​លើ​មហា​សមុទ្រ។ ស្ដេច​នៅ​ផែនដី​បាន​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌​ជា​មួយ​ស្ត្រី​នោះ ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែនដី​ក៏​បាន​នាំ​គ្នា​ស្រវឹង​នឹង​កាម‌គុណ​ជា​មួយ​នាង​ដែរ»។ ទេវតា​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​នាំ​ទៅ​កាន់​វាល​រហោ‌ស្ថាន*។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​លើ​សត្វ​មួយ​សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ ដែល​មាន​សរសេរ​ឈ្មោះ​ផ្សេងៗ​ពេញ​ខ្លួន​វា ជា​ឈ្មោះ​ប្រមាថ​ព្រះ‌ជាម្ចាស់។ សត្វ​នោះ​មាន​ក្បាល​ប្រាំ‌ពីរ និង​មាន​ស្នែង​ដប់។ ស្ត្រី​នោះ​ស្លៀក​ពាក់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ ព្រម​ទាំង​តុប‌តែង​ខ្លួន​ដោយ​ពាក់​មាស ត្បូង និង​ពេជ្រ​ទៀត​ផង។ នាង​កាន់​ពែង​មាស​មួយ​នៅ​ដៃ ពោរ‌ពេញ​ទៅ​ដោយ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​កាម‌គុណ​ដ៏​ថោក​ទាប​របស់​នាង។ នៅ​លើ​ថ្ងាស​នាង​មាន​ចារ​ឈ្មោះ​មួយ​ដ៏​អាថ៌‌កំបាំង គឺ «មហា​នគរ​បាប៊ី‌ឡូន​ជា​ម្ដាយ​របស់​ពួក​ស្ត្រី​ពេស្យា និង​ជា​ប្រភព​នៃ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​លើ​ផែនដី»។ ខ្ញុំ​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ឈាម​របស់​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​ឈាម​អស់​អ្នក​ដែល​ជា​បន្ទាល់​របស់​ព្រះ‌យេស៊ូ។ ពេល​ឃើញ​ស្ត្រី​នោះ ខ្ញុំ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់។ ទេវតា​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ងឿង‌ឆ្ងល់​ដូច្នេះ? ខ្ញុំ​នឹង​ប្រាប់​លោក​ឲ្យ​បាន​ដឹង​អត្ថ‌ន័យ​ដ៏​អាថ៌‌កំបាំង​អំពី​ស្ត្រី​នោះ និង​អំពី​សត្វ​ដែល​នាង​ជិះ មាន​ក្បាល​ប្រាំ‌ពីរ និង​ស្នែង​ដប់។ សត្វ​ដែល​លោក​ឃើញ​នោះ នៅ​សម័យ​ដើម មាន​ជីវិត តែ​ឥឡូវ​នេះ គ្មាន​ទៀត​ទេ ហើយ​វា​នឹង​ឡើង​ពី​នរក‌អវិចី​មក រួច​វា​នឹង​វិនាស​បាត់​ទៅ​វិញ។ ពេល​ឃើញ​សត្វ​នោះ មនុស្ស‌ម្នា​រស់​នៅ​លើ​ផែនដី​ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត តាំង​ពី​មុន​កំណើត​ពិភព​លោក​មក នឹង​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង ព្រោះ​នៅ​សម័យ​ដើម​វា​មាន​ជីវិត តែ​ឥឡូវ​នេះ គ្មាន​ទៀត​ទេ ហើយ​វា​នឹង​លេច​មក​សា​ជា​ថ្មី។ ត្រង់​នេះ តោង​យក​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​មក​រិះគិត ទើប​យល់ ក្បាល​ប្រាំ‌ពីរ​សំដៅ​ទៅ​លើ​ភ្នំ​ទាំង​ប្រាំ‌ពីរ​ដែល​ស្ត្រី​នោះ​អង្គុយ​លើ ហើយ​ក៏​សំដៅ​ទៅ​លើ​ស្ដេច​ទាំង​ប្រាំ‌ពីរ​អង្គ​ដែរ។ ស្ដេច​ប្រាំ​អង្គ​បាន​បាត់‌បង់​រាជ្យ​ទៅ​ហើយ មួយ​អង្គ​ទៀត​កំពុង​តែ​សោយ​រាជ្យ ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ ពេល​ស្ដេច​នោះ​មក​ដល់ ស្ដេច​នឹង​សោយ​រាជ្យ​តែ​មួយ‌ភ្លែត​ប៉ុណ្ណោះ។ រីឯ​សត្វ​តិរច្ឆាន​ដែល​មាន​ជីវិត​កាល​ពី​សម័យ​ដើម តែ​ឥឡូវ​គ្មាន​ទេ​នោះ វា​នឹង​មក​ធ្វើ​ជា​ស្ដេច​ទី​ប្រាំ​បី។ វា​ក៏​នៅ​ក្នុង​ចំណោម​ស្ដេច​ទាំង​ប្រាំ‌ពីរ​នោះ​ដែរ ហើយ​នឹង​ត្រូវ​វិនាស​បាត់​ទៅ។ ស្នែង​ទាំង​ដប់​ដែល​លោក​បាន​ឃើញ សំដៅ​ទៅ​លើ​ស្ដេច​ដប់​អង្គ​ដែល​ពុំ​ទាន់​បាន​ទទួល​រាជ​សម្បត្តិ​នៅ​ឡើយ តែ​ស្ដេច​ទាំង​នោះ​នឹង​ទទួល​អំណាច​ធ្វើ​ជា​ស្ដេច បាន​មួយ​ម៉ោង​រួម​ជា​មួយ​សត្វ​តិរច្ឆាន។ ស្ដេច​ទាំង​នោះ​មាន​គោល​បំណង​តែ​មួយ​ដូច​គ្នា គឺ​ប្រគល់​ឫទ្ធា‌នុភាព និង​អំណាច​ខ្លួន ទៅ​ឲ្យ​សត្វ​តិរច្ឆាន។ ស្ដេច​ទាំង​ដប់​នឹង​នាំ​គ្នា​ធ្វើ​សឹក​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​ស្ដេច​ទាំង​ដប់ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​លើ​អម្ចាស់​នានា និង​ជា​ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​នានា។ រីឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​កូន​ចៀម គឺ​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ និង​បាន​ជ្រើស​រើស ហើយ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ ក៏​នឹង​មាន​ជ័យ‌ជម្នះ​រួម​ជា​មួយ​កូន​ចៀម​ដែរ»។ ទេវតា​ពោល​មក​កាន់​ខ្ញុំ​ទៀត​ថា៖ «មហា​សមុទ្រ​ដែល​លោក​បាន​ឃើញ គឺ​មហា​សមុទ្រ​ដែល​ស្ត្រី​ពេស្យា​អង្គុយ​លើ​នោះ សំដៅ​ទៅ​លើ​ប្រជា‌រាស្ត្រ មហា‌ជន ជាតិ​សាសន៍ និង​ភាសា​នានា។ រីឯ​ស្នែង​ទាំង​ដប់​ដែល​លោក​បាន​ឃើញ ព្រម​ទាំង​សត្វ​តិរច្ឆាន នឹង​នាំ​គ្នា​ស្អប់​ស្ត្រី​ពេស្យា​នោះ ហើយ​ធ្វើ​ឲ្យ​នាង​នៅ​ស្ងាត់​ឈឹង ទាំង​សម្រាត​នាង​ឲ្យ​នៅ​ខ្លួន​ទទេ គេ​នឹង​ស៊ី​សាច់​នាង និង​យក​នាង​ទៅ​ដុត​ក្នុង​ភ្លើង​ទៀត​ផង ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ចិត្ត ធ្វើ​តាម​ផែន‌ការ​របស់​ព្រះអង្គ គឺ​មូល​មតិ​គ្នា​ប្រគល់​រាជ​សម្បត្តិ​ទៅ​ឲ្យ​សត្វ​តិរច្ឆាន រហូត​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​បាន​សម្រេច​គ្រប់​ប្រការ។ រីឯ​ស្ត្រី​ដែល​លោក​បាន​ឃើញ​នោះ គឺ​ជា​មហា​នគរ​ដែល​គ្រង​រាជ្យ​លើ​ស្ដេច​នានា​នៅ​លើ​ផែនដី»។

ចែក​រំលែក
អាន វិវរណៈ 17

វិវរណៈ 17:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទេវតា​១​ក្នុង​ពួក​ទាំង​៧​នោះ ដែល​កាន់​ចាន​កន្ទោង​៧ ក៏​មក​និយាយ​មក​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ទោស​នៃ​ស្រី​សំផឹង​ដ៏​ធំ ដែល​ស្ថិត​នៅ​លើ​ទឹក​ច្រើន ដែល​ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​អស់​អ្នក​នៅ​ផែនដី​បាន​ស្រវឹង ដោយ​ស្រា​របស់​សេចក្ដី​កំផិត​នៃ​វា ទេវតា​នោះ​ក៏​នាំ​វិញ្ញាណ​ខ្ញុំ​ទៅ​ឯ​ទី​រហោ‌ស្ថាន នោះ​ខ្ញុំ​ឃើញ​មាន​ស្ត្រី​ម្នាក់ ជិះ​នៅ​លើ​សត្វ​សម្បុរ​ក្រហម ដែល​ពេញ​ជា​ឈ្មោះ​ប្រមាថ មាន​ក្បាល​៧ ហើយ​ស្នែង​១០ សំលៀក‌បំពាក់​របស់​ស្ត្រី​នោះ​មាន​ពណ៌​ស្វាយ ហើយ​ក្រហម ក៏​តែង​ដោយ​មាស ត្បូង​មាន​ដំឡៃ ហើយ​នឹង​កែវ‌មុក្តា ព្រម​ទាំង​កាន់​ពែង​មាស ដែល​ពេញ​ដោយ​សេចក្ដី​ស្មោក‌គ្រោក របស់​ការ​កំផិត​ដ៏​គួរ​ខ្ពើម​របស់​វា​ផង ហើយ​នៅ​ថ្ងាស​វា​មាន​កត់​ឈ្មោះ​ថា «សេចក្ដី​អាថ៌‌កំបាំង ក្រុង​បាប៊ីឡូន​ដ៏​ធំ ជា​ម្តាយ​នៃ​ពួក​ស្រី​សំផឹង នឹង​អស់​ទាំង​សេចក្ដី​គួរ​ខ្ពើម​នៅ​ផែនដី» ខ្ញុំ​ក៏​ឃើញ​ស្ត្រី​នោះ​ស្រវឹង​នឹង​ឈាម​នៃ​ពួក​បរិសុទ្ធ ហើយ​នឹង​ឈាម​ពួក​អ្នក​ដែល​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ លុះ​ខ្ញុំ​ឃើញ​វា​ហើយ ក៏​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង។ នោះ​ទេវតា​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​សេចក្ដី​អស្ចារ្យ​ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​សេចក្ដី​អាថ៌‌កំបាំង​របស់​ស្ត្រី​នោះ ហើយ​នឹង​សត្វ​ដែល​វា​ជិះ​នោះ ដែល​មាន​ក្បាល​៧ នឹង​ស្នែង​១០​ដែរ ឯ​សត្វ​ដែល​អ្នក​បាន​ឃើញ​នោះ ពី​ដើម​វា​នៅ ឥឡូវ​នេះ​បាត់​ទៅ​ហើយ ក៏​រៀប​នឹង​ឡើង​ចេញ​ពី​ជង្ហុក​ធំ​មក​វិញ រួច​វា​នឹង​ត្រូវ​វិនាស​បាត់​ទៅ ឯ​អស់​អ្នក​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត តាំង​ពី​កំណើត​លោកីយ​មក គេ​នឹង​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​សត្វ​ដែល​ពី​ដើម​នៅ ឥឡូវ​នេះ​បាត់ តែ​នឹង​ត្រឡប់​មាន​ឡើង​វិញ​នោះ នេះ​ហើយ​ជា​គំនិត​ដ៏​មាន​ប្រាជ្ញា ឯ​ក្បាល​ទាំង​៧ នោះ​ជា​ភ្នំ​៧ គឺ​ជា​កន្លែង​ដែល​ស្ត្រី​នោះ​អង្គុយ​នៅ ក៏​មាន​ស្តេច​៧​អង្គ ឯ​៥​អង្គ​បាន​ដួល​ហើយ មាន​១​អង្គ​នៅ​សព្វ​ថ្ងៃ ហើយ​១​អង្គ​ទៀត​មិន​ទាន់​មក​ដល់​ទេ កាល​ណា​ស្តេច​នោះ​បាន​មក​ហើយ នោះ​នឹង​នៅ​មិន​យូរ​ប៉ុន្មាន​ទេ រីឯ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​បាត់ នោះ​ជា​ស្តេច​ទី​៨ ដែល​កើត​មក​ពី​ស្តេច​៧​អង្គ​នោះ ហើយ​ត្រូវ​វិនាស​បាត់​ទៅ​វិញ ឯ​ស្នែង​១០​ដែល​អ្នក​ឃើញ នោះ​ជា​ស្តេច​១០​អង្គ ដែល​មិន​ទាន់​ទទួល​រាជ្យ​នៅ​ឡើយ តែ​នឹង​ទទួល​អំណាច​ជា​ស្តេច នៅ​តែ​១​ម៉ោង​ប៉ុណ្ណោះ ជា​មួយ​នឹង​សត្វ​នោះ ស្តេច​ទាំង​នោះ​នឹង​មាន​គំនិត​តែ​១ ដើម្បី​នឹង​ប្រគល់​កំឡាំង នឹង​អំណាច​ខ្លួន​ដល់​សត្វ​នោះ គេ​នឹង​ច្បាំង​ទាស់​នឹង​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ជា​អ្នក​ដែល​ទ្រង់​បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ‌ត្រង់​ទាំង​អស់​គ្នា។ ទេវតា​ក៏​ប្រាប់​ខ្ញុំ​ថា ឯ​ទឹក​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្រី​សំផឹង​អង្គុយ​នោះ គឺ​ជា​ប្រជា‌ជន នឹង​មនុស្ស​ផង​ទាំង‌ឡាយ គ្រប់​សាសន៍ គ្រប់​ភាសា ស្នែង​ទាំង​១០​ដែល​អ្នក​ឃើញ ព្រម​ទាំង​សត្វ​នោះ​ផង នោះ​នឹង​ស្អប់​ដល់​ស្រី​សំផឹង ហើយ​នឹង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង ដ្បិត​ព្រះ‌ទ្រង់​បាន​បណ្តាល​ចិត្ត​គេ ឲ្យ​ធ្វើ​តាម​គំនិត​ទ្រង់ ហើយ​ឲ្យ​គេ​មូល​គំនិត នឹង​ប្រគល់​រាជ្យ​គេ ដល់​សត្វ​នោះ ទាល់​តែ​ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​សំរេច ឯ​ស្ត្រី​ដែល​អ្នក​បាន​ឃើញ នោះ​គឺ​ជា​ទី​ក្រុង​ដ៏​ធំ ដែល​មាន​អំណាច​លើ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី។

ចែក​រំលែក
អាន វិវរណៈ 17