វិវរណៈ 16:1-21

វិវរណៈ 16:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះ‌វិហារ ប្រាប់​ទេវតា​ទាំង​ប្រាំពីរ​ថា៖ «ចូរ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ ដែល​នៅ​ក្នុង​ពែង​ទាំង​ប្រាំពីរ ទៅ​លើ​ផែនដី​ទៅ!»។ ទេវតា​ទី​មួយ​ក៏​ចេញ​ទៅ យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ផែនដី ស្រាប់​តែ​មាន​ដំបៅ​យ៉ាង​អាក្រក់ និង​ឈឺ​ចាប់ កើត​លើ​មនុស្ស​ដែល​មាន​ទី​សម្គាល់​របស់​សត្វ​នោះ និង​អ្នក​ដែល​ក្រាប​ថ្វាយ​បង្គំ​រូប​ចម្លាក់​របស់​វា។ ទេវតា​ទី​ពីរ​យក​ពែង​របស់​ខ្លួន ចាក់​ទៅ​ក្នុង​សមុទ្រ ស្រាប់​តែ​សមុទ្រ​ត្រឡប់​ទៅ​ជា​ឈាម ដូច​ជា​ឈាម​ខ្មោច ហើយ​គ្រប់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។ ទេវតា​ទី​បី​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​ទន្លេ និង​រន្ធ​ទឹក​នានា ស្រាប់​តែ​ទន្លេ និង​រន្ធ​ទឹក​ទាំង​នោះ​ក៏​ត្រឡប់​ទៅ​ជា​ឈាម​ដែរ។ ខ្ញុំ​ឮ​ទេវតា​ដែល​គ្រប់​គ្រង​ទឹក​ពោល​ថា៖ «ឱ​ព្រះ​ដ៏​បរិសុទ្ធ ដែល​គង់​នៅ​សព្វ​ថ្ងៃ ហើយ​ក៏​គង់​នៅ​តាំង​ពី​ដើម​រៀង​មក​អើយ ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ដូច្នេះ ពិត​ជា​សុចរិត​មែន។ ដ្បិត​គេ​បាន​កម្ចាយ​ឈាម​ពួក​បរិសុទ្ធ និង​ពួក​ហោរា ហើយ​ព្រះ‌អង្គ​ឲ្យ​គេ​ផឹក​ឈាម​ដូច្នេះ គឺ​គេ​សម​នឹង​ទទួល​ហើយ!»។ ខ្ញុំ​ឮ​អាសនា​ពោល​ថា៖ «មែន​ហើយ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ សេចក្ដី​ជំនុំ‌ជម្រះ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់​ទាំង​អស់!»។ ទេវតា​ទី​បួន​យក​ពែង​របស់​ខ្លួន ចាក់​ទៅ​លើ​ព្រះ‌អាទិត្យ ស្រាប់​តែ​ព្រះ‌អាទិត្យ​ក៏​ទទួល​អំណាច​ធ្វើ​ឲ្យ​មនុស្ស​ត្រូវ​ខ្លោច ដោយ‌សារ​ភ្លើង។ មនុស្ស​ក៏​ត្រូវ​ខ្លោច ដោយសារ​កម្ដៅ​យ៉ាង​ខ្លាំង តែ​គេ​មិន​បាន​ប្រែ​ចិត្ត ហើយ​លើក​សរសើរ​សិរី‌ល្អ​របស់​ព្រះ​ទេ គឺ​គេ​ជេរ​ប្រមាថ​ព្រះ‌នាម​របស់​ព្រះ ដែល​មាន​អំណាច​លើ​គ្រោះ​កាច​ទាំង​នោះ​វិញ។ ទេវតា​ទី​ប្រាំ​យក​ពែង​របស់​ខ្លួន ចាក់​ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​នោះ ស្រាប់​តែ​រាជ្យ​របស់​វា​ក៏​ត្រឡប់​ទៅ​ជា​ងងឹត​សូន្យ​សុង ហើយ​មនុស្ស​ខាំ​អណ្ដាត​របស់​ខ្លួន ព្រោះ​វេទនា​ខ្លាំង​លំបាក​ពេក ក៏​ជេរ​ប្រមាថ​ព្រះ​នៃ​ស្ថាន‌សួគ៌ ដោយ​ព្រោះ​ការ​ឈឺ​ចាប់ និង​ដំបៅ​របស់​គេ តែ​គេ​មិន​បាន​ប្រែ​ចិត្ត លះ​បង់​អំពើ​ដែល​គេ​ប្រព្រឹត្ត​ឡើយ។ ទេវតា​ទី​ប្រាំមួយ​យក​ពែង​របស់​ខ្លួន ចាក់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត ស្រាប់​តែ​ទឹក​ទន្លេ​នោះ​ក៏​រីង​អស់ ដើម្បី​រៀបចំ​ផ្លូវ​របស់​ពួក​ស្តេច​ពី​ទិស​ខាង​កើត។ ខ្ញុំ​ឃើញ​វិញ្ញាណ​អសោច​បី ដូច​ជា​កង្កែប ចេញ​ពី​មាត់​នាគ ចេញ​ពី​មាត់​សត្វ​នោះ និង​ពី​មាត់​ហោរា​ក្លែង​ក្លាយ។ វិញ្ញាណ​ទាំង​នោះ ជា​វិញ្ញាណ​របស់​ពួក​អារក្ស ដែល​ចេញ​ទៅ​រក​ពួក​ស្តេច នៅ​ផែនដី​ទាំង​មូល ទាំង​ធ្វើ​ទី​សម្គាល់ ដើម្បី​ប្រមូល​ស្តេច​ទាំង​នោះ​មក​ច្បាំង នៅ​ថ្ងៃ​យ៉ាង​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត។ («មើល៍! យើង​មក​ដូច​ជា​ចោរ! មាន​ពរ​ហើយ អ្នក​ណា​ដែល​ប្រុង​ស្មារតី ហើយ​រក្សា​សម្លៀក​បំពាក់​របស់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត និង​មិន​ឲ្យ​គេ​ឃើញ​កេរខ្មាស»)។ វិញ្ញាណ​ទាំង​នោះ បាន​ប្រមូល​ពួក​ស្ដេច​ទៅ​កន្លែង​មួយ ដែល​ភាសា​ហេព្រើរ​ហៅ​ថា អើម៉ា‌គេដូន។ ទេវតា​ទី​ប្រាំពីរ​យក​ពែង​របស់​ខ្លួន ចាក់​ទៅ​ក្នុង​អាកាស ស្រាប់​តែ​មាន​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង ចេញ​ពី​បល្ល័ង្ក ក្នុង​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌​ថា៖ «រួច​រាល់​ហើយ!»។ មាន​ផ្លេក‌បន្ទោរ មាន​សូរ​សំឡេង មាន​ផ្គរ​លាន់ និង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង តាំង​ពី​មាន​មនុស្ស​នៅ​ផែនដី​មក មិន​ដែល​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​ដូច្នេះ​ឡើយ។ ទី​ក្រុង​ដ៏​ធំ​នោះ បាន​បែក​ចេញ​ជា​បី​ភាគ ឯ​ទី​ក្រុង​របស់​ជាតិ​សាសន៍​នានា​ទាំង​ប៉ុន្មាន​ក៏​រលំ ហើយ​ព្រះ​នឹក​ចាំ​ពី​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដើម្បី​ឲ្យ​ក្រុង​នេះ​ផឹក​ពី​ពែង​ស្រា​នៃ​សេចក្ដី​ក្រោធ​ជា​ខ្លាំង​របស់​ព្រះ‌អង្គ។ គ្រប់​ទាំង​កោះ​បាន​រសាត់​បាត់​អស់​ទៅ ហើយ​ក៏​មិន​ឃើញ​មាន​ភ្នំ​ទៀត​ដែរ មាន​ព្រឹល​ធំៗ គ្រាប់​ព្រឹល​នីមួយៗ​មាន​ទម្ងន់​ប្រមាណ​សែសិប​ប្រាំ​គីឡូ​ក្រាម ធ្លាក់​ចុះ​ពី​ផ្ទៃ​មេឃ​មក​លើ​មនុស្ស​លោក ហើយ​គេ​ជេរ​ប្រមាថ​ព្រះ ដោយ​សារ​គ្រោះ​កាច​នៃ​ការ​ធ្លាក់​ព្រឹល​នោះ ព្រោះ​គ្រោះ‌កាច​នោះ​ខ្លាំង​ក្រៃ‌លែង។

ចែក​រំលែក
អាន វិវរណៈ 16

វិវរណៈ 16:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះ‌វិហារ បន្លឺ​ទៅ​កាន់​ទេវតា​ទាំង​ប្រាំ‌ពីរ​ថា៖ «ចូរ​នាំ​គ្នា​ទៅ ហើយ​យក​ពែង​ទាំង​ប្រាំ‌ពីរ​នៃ​ព្រះ‌ពិរោធ​របស់​ព្រះ‌ជា‌ម្ចាស់​ចាក់​លើ​ផែនដី​ទៅ!»។ ទេវតា​ទី​មួយ​ចេញ​ទៅ យក​ពែង​របស់​ខ្លួន​ចាក់​លើ​ផែនដី ស្រាប់​តែ​អស់​អ្នក​ដែល​មាន​សញ្ញា​សម្គាល់​របស់​សត្វ​តិរច្ឆាន ហើយ​ដែល​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា កើត​ដំបៅ​រលួយ ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។ ទេវតា​ទី​ពីរ​យក​ពែង​របស់​ខ្លួន​ចាក់​លើ​សមុទ្រ ស្រាប់​តែ​សមុទ្រ​ក្លាយ​ទៅ​ជា​ឈាម ដូច​ឈាម​ហូរ​ចេញ​ពី​សាក‌សព ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់​ទៅ។ ទេវតា​ទី​បី​យក​ពែង​របស់​ខ្លួន​ចាក់​លើ​ទន្លេ និង​ប្រភព​ទឹក​នានា ស្រាប់​តែ​ទន្លេ និង​ប្រភព​ទឹក​ក្លាយ​ទៅ​ជា​ឈាម​ទាំង​អស់។ ខ្ញុំ​ឮ​ទេវតា​ម្ចាស់​ទឹក​ពោល​ថា៖ «បពិត្រ​ព្រះអង្គ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ និង​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​ពិត​ជា​វិសុទ្ធ ហើយ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌​មែន! ដ្បិត​អ្នក​ទាំង​នោះ​បាន​បង្ហូរ​ឈាម​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​បង្ហូរ​ឈាម​ពួក​ព្យាការី* ព្រះអង្គ​ឲ្យ​ឈាម​គេ​ផឹក​ដូច្នេះ សម​មុខ​ពួក​គេ​ហើយ»។ ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​អាសនៈ​មក​ថា៖ «ប្រាកដ​មែន! បពិត្រ​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌​ពិត​មែន​ហើយ!»។ ទេវតា​ទី​បួន​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ព្រះ‌អាទិត្យ ស្រាប់​តែ​ព្រះ‌អាទិត្យ​ទទួល​អំណាច​ធ្វើ​ឲ្យ​មនុស្ស​ក្ដៅ​ក្រហល់​ក្រហាយ។ មនុស្ស‌ម្នា​ត្រូវ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​យ៉ាង​ខ្លាំង គេ​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះ‌នាម​ព្រះ‌ជា‌ម្ចាស់ ដែល​មាន​អំណាច​លើ​គ្រោះ​កាច​ទាំង​នេះ តែ​គេ​ពុំ​បាន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ពុំ​ព្រម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​ឡើយ។ ទេវតា​ទី​ប្រាំ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​តិរច្ឆាន ស្រាប់​តែ​អាណា‌ចក្រ​របស់​វា​ប្រែ​ទៅ​ជា​ងងឹត​សូន្យ មនុស្ស‌ម្នា​នាំ​គ្នា​ខាំ​អណ្ដាត​របស់​ខ្លួន ព្រោះ​វេទនា​ខ្លាំង​ពេក។ គេ​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះ‌ជា‌ម្ចាស់​នៃ​ស្ថាន​បរម‌សុខ* ព្រោះ​តែ​ឈឺ​ចុក​ចាប់ និង​កើត​ដំបៅ​ពេញ​ខ្លួន។ ប៉ុណ្ណឹង​ហើយ ពួក​គេ​នៅ​តែ​មិន​កែ​ប្រែ​ចិត្ត​គំនិត លះ‌បង់​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​នោះ​ឡើយ។ ទេវតា​ទី​ប្រាំ​មួយ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត ស្រាប់​តែ​ទឹក​រីង​អស់ ដើម្បី​ឲ្យ​ទន្លេ​ទៅ​ជា​ផ្លូវ​មួយ​ចាំ​ទទួល​ស្ដេច​នានា​មក​ពី​បូព៌ា​ប្រទេស។ ខ្ញុំ​ឃើញ​វិញ្ញាណ​អាក្រក់​បី ដែល​មាន​រូប​រាង​ដូច​កង្កែប​មួយ​ចេញ​ពី​មាត់​នាគ មួយ​ចេញ​ពី​មាត់​សត្វ​តិរច្ឆាន និង​មួយ​ទៀត​ចេញ​ពី​មាត់​ព្យាការី​ក្លែងក្លាយ គឺ​ជា​វិញ្ញាណ​របស់​ពួក​អារក្ស។ វា​សម្តែង​ទី​សម្គាល់​ផ្សេងៗ និង​ចេញ​ទៅ​ប្រមូល​ស្ដេច​នៅ​លើ​ផែនដី​ទាំង​មូល​ឲ្យ​ធ្វើ​សឹក​សង្គ្រាម នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ («មើល៍! យើង​នឹង​មក​ដូច​ចោរ​ចូល​លួច។ អ្នក​ណា​ប្រុង​ស្មារតី ហើយ​មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ ឥត​នៅ​អាក្រាត​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល*​ហើយ!»)។ វិញ្ញាណ​អាក្រក់​នឹង​ប្រមូល​ស្ដេច​ទាំង​នោះ​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កន្លែង​មួយ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា «អើម៉ា‌គេដូន»។ ទេវតា​ទី​ប្រាំ‌ពីរ​យក​ពែង​របស់​ខ្លួន​ចាក់​ទៅ​លើ​អាកាស ស្រាប់​តែ​មាន​សំឡេង​មួយ​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​ចេញ​ពី​បល្ល័ង្ក​ក្នុង​ព្រះ‌វិហារ*​ថា៖ «រួច​រាល់​ស្រេច​អស់​ហើយ!»។ ពេល​នោះ មាន​ផ្លេក​បន្ទោរ មាន​ឮ​សំឡេង មាន​ផ្គរ‌លាន់ និង​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​មាន​មនុស្ស​រស់​នៅ​លើ​ផែនដី​មក មិន​ដែល​មាន​រញ្ជួយ​ផែនដី​ខ្លាំង​យ៉ាង​នេះ​ទេ។ មហា​នគរ​នោះ​បាន​បែក​ជា​បី រីឯ​ក្រុង​នានា​របស់​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​បាន​រលំ​អស់ ពេល​នោះ ព្រះ‌ជា‌ម្ចាស់​បាន​នឹក​ដល់​មហា​នគរ​បាប៊ី‌ឡូន ព្រះអង្គ​បាន​ឲ្យ​ក្រុង​នេះ​ផឹក​ស្រា​ពី​ពែង​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​បំផុត​របស់​ព្រះអង្គ​។ កោះ​ទាំង​ប៉ុន្មាន​នឹង​រសាត់​បាត់​អស់​ទៅ ហើយ​ភ្នំ​ទាំង‌ឡាយ​ក៏​លែង​មាន​ទៀត​ដែរ។ ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គ្រាប់​ព្រឹល​នីមួយៗ​មាន​ទម្ងន់​ប្រមាណ​ជាង​មួយ​ចុង​ ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​មនុស្ស​លោក។ គេ​ក៏​នាំ​គ្នា​ជេរ​ប្រមាថ​ព្រះ‌ជា‌ម្ចាស់ ព្រោះ​តែ​គ្រោះ​កាច​ដែល​កើត​មាន​ពី​ព្រឹល​នោះ ជា​គ្រោះ​កាច​ដ៏​ខ្លាំង​បំផុត។

ចែក​រំលែក
អាន វិវរណៈ 16

វិវរណៈ 16:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ព្រះ‌វិហារ ប្រាប់​ទៅ​ទេវតា​ទាំង​៧​ថា ចូរ​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ដែល​នៅ​ក្នុង​ចាន​ទាំង​៧ ទៅ​លើ​ផែនដី​ទៅ។ ទេវតា​ទី​១​ក៏​ចេញ​ទៅ ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ផែនដី នោះ​មនុស្ស​ដែល​មាន​ទី​សំគាល់​របស់​សត្វ នឹង​អស់​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​វា គេ​ក៏​កើត​ដំបៅ​កាច​អាក្រក់​ណាស់។ ទេវតា​ទី​២ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ត្រឡប់​ទៅ​ជា​ឈាម ដូច​ជា​ឈាម​ខ្មោច ហើយ​គ្រប់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។ ទេវតា​ទី​៣ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​ទន្លេ នឹង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន នោះ​ក៏​ប្រែ​ទៅ​ជា​ឈាម​ទាំង​អស់​ដែរ រួច​ខ្ញុំ​ឮ​ទេវតា​នៃ​ទឹក​និយាយ​ថា ឱ​ព្រះ​ដ៏​គង់​នៅ ហើយ​បាន​គង់​នៅ​តាំង​តែ​ពី​ដើម​រៀង​មក​អើយ ដែល​ទ្រង់​បាន​ជំនុំ‌ជំរះ​កាត់​ទោស​ដូច្នេះ នោះ​សុចរិត​ហើយ ដ្បិត​គេ​បាន​កំចាយ​ឈាម​នៃ​ពួក​បរិសុទ្ធ នឹង​ពួក​ហោរា ហើយ​ទ្រង់​បាន​ប្រទាន​ឈាម​ឲ្យ​គេ​ផឹក គេ​គួរ​មាន​ទោស​ដូច្នេះ​ហើយ រួច​ខ្ញុំ​ឮ​អាសនា​ទទួល​ថា មែន​ហើយ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ សេចក្ដី​ជំនុំ‌ជំរះ​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់​ទាំង​អស់។ ទេវតា​ទី​៤​ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​ព្រះ‌អាទិត្យ រួច​ព្រះ‌អាទិត្យ​បាន​អំណាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ត្រូវ​ខ្លោច ដោយ‌សារ​ភ្លើង មនុស្ស​លោក​ក៏​ត្រូវ​ខ្លោច​ទៅ ដោយ​អំណាច​ក្តៅ​ជា​ខ្លាំង តែ​គេ​មិន​បាន​ប្រែ​ចិត្ត ដើម្បី​នឹង​លើក​សរសើរ​ដល់​សិរី‌ល្អ​នៃ​ព្រះ​ទេ គឺ​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ ដែល​មាន​អំណាច​លើ​សេចក្ដី​វេទនា​ទាំង​នោះ​វិញ។ ឯ​ទេវតា​ទី​៥ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​លើ​បល្ល័ង្ក​របស់​សត្វ​នោះ រួច​នគរ​វា​ត្រឡប់​ទៅ​ជា​ងងឹត​សូន្យ​សុង ហើយ​គេ​ខាំ​អណ្តាត ដោយ​មាន​សេចក្ដី​ទុក្ខ​លំបាក ក៏​ប្រមាថ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌​ដោយ​ព្រោះ​ទុក្ខ​លំបាក នឹង​ដំបៅ​របស់​គេ តែ​មិន​បាន​ប្រែ​ចិត្ត​លះ​ចោល​ពី​ការ​ដែល​គេ​ប្រព្រឹត្ត​ឡើយ។ ទេវតា​ទី​៦ ក៏​ចាក់​ចាន​ខ្លួន​ទៅ​លើ​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត រួច​ទឹក​ទន្លេ​នោះ​ក៏​រីង​ទៅ ដើម្បី​ឲ្យ​បាន​រៀបចំ​ផ្លូវ​របស់​ពួក​ស្តេច​ពី​ទិស​ខាង​ថ្ងៃ​រះ រួច​ខ្ញុំ​ឃើញ​វិញ្ញាណ​អសោចិ៍​៣ ដូច​ជា​កង្កែប ចេញ​ពី​មាត់​នាគ មាត់​សត្វ នឹង​ពី​មាត់​ហោរា​ក្លែង‌ក្លាយ​មក ដ្បិត​វិញ្ញាណ​ទាំង​នោះ ជា​វិញ្ញាណ​នៃ​ពួក​អារក្ស ដែល​ចេញ​ទៅ​ឯ​អស់​ទាំង​ស្តេច​នៅ​ផែនដី​ទាំង​មូល ទាំង​ធ្វើ​ទី​សំគាល់ ដើម្បី​នឹង​ប្រមូល​ស្តេច​ទាំង​នោះ​មក​ក្នុង​ចំបាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត (មើល អញ​មក​ដូច​ជា​ចោរ​ប្លន់ មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ ហើយ​រក្សា​សំលៀក‌បំពាក់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត ឲ្យ​អ្នក​ណា​ឃើញ​កេរ្តិ៍​ខ្មាស​ខ្លួន​ឡើយ) រួច​វិញ្ញាណ​ទាំង​នោះ ក៏​ប្រមូល​គេ​ទៅ​ឯ​កន្លែង ដែល​ភាសា​ហេ‌ព្រើរ​ហៅ​ថា អើម៉ា‌គេដូន។ ទេវតា​ទី​៧​ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​អាកាស រួច​មាន​ឮ​សំឡេង​ខ្លាំង ចេញ​ពី​បល្ល័ង្ក ក្នុង​ព្រះ‌វិហារ​នៅ​ស្ថាន‌សួគ៌ មក​ថា ស្រេច​ហើយ រួច​មាន​ផ្លេក‌បន្ទោរ សូរ​សំឡេង នឹង​ផ្គរ‌លាន់ ហើយ​មាន​កក្រើក​ដី​ជា​ខ្លាំង​ដែរ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​មាន​មនុស្ស​នៅ​ផែនដី​រៀង​មក នោះ​មិន​ដែល​មាន​កក្រើក​ដី​យ៉ាង​ខ្លាំង ហើយ​សំបើម​ដូច្នេះ​ឡើយ ទី​ក្រុង​ដ៏​ធំ​ក៏​ញែក​ចេញ​ជា​៣​ភាគ អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ក៏​រលំ ហើយ​ព្រះ‌ទ្រង់​នឹក​ចាំ​ពី​ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ ដើម្បី​នឹង​ឲ្យ​ពែង​ស្រា​របស់​សេចក្ដី​ឃោរ‌ឃៅ​ផង​សេចក្ដី​ខ្ញាល់​ទ្រង់​ដល់​គេ នោះ​គ្រប់​ទាំង​កោះ​ក៏​បាត់​ទៅ ហើយ​មិន​ឃើញ​មាន​ភ្នំ​ណា​ទៀត​សោះ​ឡើយ ក៏​មាន​ព្រឹល​យ៉ាង​ធំៗ គ្រាប់​១​ទំងន់​១​ហាប ធ្លាក់​ចុះ​ពី​ផ្ទៃ​មេឃ​មក​លើ​មនុស្ស​លោក ហើយ​មនុស្ស​លោក​ក៏​ប្រមាថ​ដល់​ព្រះ ដោយ​ព្រោះ​សេចក្ដី​វេទនា នឹង​ព្រឹល​នោះ ពី​ព្រោះ​សេចក្ដី​វេទនា​នោះ​ជា​ខ្លាំង​ក្រៃ‌លែង។

ចែក​រំលែក
អាន វិវរណៈ 16