វិវរណៈ 14:1-7

វិវរណៈ 14:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ នៅ​ជា​មួយ​ព្រះ‌អង្គ ដែល​អ្នក​ទាំង​នោះ​មាន​ព្រះ‌នាម​ព្រះ‌អង្គ និង​ព្រះ‌នាម​ព្រះ‌វរ‌បិតា​របស់​ព្រះ‌អង្គ​កត់​នៅ​លើ​ថ្ងាស។ ខ្ញុំ​ឮ​សំឡេង​មួយ​មក​ពី​លើ​មេឃ ដូច​ជា​ស្នូរ​សន្ធឹក​មហា​សាគរ ហើយ​ដូច​ផ្គរ​លាន់​យ៉ាង​ខ្លាំង សំឡេង​ដែល​ខ្ញុំ​ឮ​នោះ ក៏​ដូច​ជា​សូរ​សព្ទ​របស់​ពួក​តន្ត្រី​ដែល​កំពុង​តែ​ចាប់​ស៊ុង គេ​ច្រៀង​បទ​មួយ​ថ្មី​នៅ​មុខ​បល្ល័ង្ក នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​មុខ​ពួក​ចាស់​ទុំ។ គ្មាន​អ្នក​ណា​អាច​នឹង​រៀន​បទ​នោះ​បាន​ទេ មាន​តែ​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ដែល​ទ្រង់​បាន​លោះ​ពី​ផែនដី​មក​ប៉ុណ្ណោះ។ អ្នក​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង​នឹង​ស្ត្រី​ឡើយ ដ្បិត​គេ​ជា​ព្រហ្មចារី។ អ្នក​ទាំង​នេះ​ហើយ ដែល​ដើរ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ ព្រះ‌អង្គ​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផល​ដំបូង​ថ្វាយ​ដល់​ព្រះ និង​កូន​ចៀម ហើយ​មិន​ឃើញ​មាន​ពាក្យ​ភូត‌ភរ នៅ​ក្នុង​មាត់​គេ​ឡើយ ដ្បិត​គេ​ឥត​សៅ‌ហ្មង។ ខ្ញុំ​ក៏​ឃើញ​ទេវតា​មួយ​ទៀត កំពុង​ហោះ​កាត់​លំហ​អាកាស ទាំង​មាន​ដំណឹង​ល្អ​ដែល​នៅ​អស់​កល្ប​ជា‌និច្ច សម្រាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​លើ​ផែនដី គឺ​ដល់​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ប្រជា‌ជន។ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ចូរ​កោត​ខ្លាច​ព្រះ ហើយ​សរសើរ​សិរី‌ល្អ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​ពេល​ដែល​ព្រះ‌អង្គ​ត្រូវ​ជំនុំ​ជម្រះ បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ!»។

ចែក​រំលែក
អាន វិវរណៈ 14

វិវរណៈ 14:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ នៅ​ជា​មួយ​ព្រះអង្គ អ្នក​ទាំង​នេះ​មាន​ព្រះ‌នាម​កូន​ចៀម និង​ព្រះ‌នាម​ព្រះ‌បិតា​របស់​ព្រះអង្គ​ចារ​នៅ​លើ​ថ្ងាស។ ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក ស្នូរ​សន្ធឹក​ដូច​មហា​សាគរ ឬ​ដូច​ផ្គរ‌លាន់​យ៉ាង​ខ្លាំង។ សំឡេង​ដែល​ខ្ញុំ​ឮ មាន​សំនៀង​ដូច​ពួក​អ្នក​លេង​ពិណ​កំពុង​ប្រគំ​តូរ្យ​តន្ត្រី។ អ្នក​ទាំង​នេះ​ច្រៀង​ចម្រៀង​ថ្មី​នៅ​មុខ​បល្ល័ង្ក នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​មុខ​ពួក​ព្រឹទ្ធា‌ចារ្យ។ គ្មាន​នរណា​ម្នាក់​អាច​រៀន​ចម្រៀង​នោះ​ចេះ​ឡើយ លើក‌លែង​តែ​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ដែល​ព្រះ‌ជា‌ម្ចាស់​បាន​លោះ​ពី​ផែនដី​មក។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ពុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង​នឹង​ស្ត្រីៗ​ឡើយ គឺ​គេ​នៅ​ព្រហ្មចារី​ទាំង​អស់​គ្នា។ កូន​ចៀម​ទៅ​ទី​ណា គេ​ក៏​នាំ​គ្នា​ទៅ​ទី​នោះ​តាម​ព្រះអង្គ​ដែរ។ ព្រះអង្គ​បាន​លោះ​គេ​ចេញ​ពី​ចំណោម​មនុស្ស​លោក​មក ទុក​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌ជា‌ម្ចាស់ និង​ថ្វាយ​កូន​ចៀម ហើយ​អ្នក​ទាំង​នោះ​ក៏​មិន​ដែល​ពោល​ពាក្យ​កុហក​ដែរ គឺ​គេ​ឥត​មាន​សៅ‌ហ្មង​ត្រង់​ណា​សោះ​ឡើយ។ ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ទៀត ហោះ​កណ្ដាល​អាកាស‌វេហាស៍ ទេវតា​នោះ​នាំ​ដំណឹង‌ល្អ*​មួយ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច មក​ប្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ប្រជា‌ជន​ដែល​រស់​នៅ​លើ​ផែនដី។ ទេវតា​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ចូរ​នាំ​គ្នា​គោរព​កោតខ្លាច​ព្រះ‌ជា‌ម្ចាស់ និង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដ្បិត​ដល់​ពេល​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ហើយ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ ព្រម​ទាំង​ប្រភព​ទឹក​ទាំង‌ឡាយ!»។

ចែក​រំលែក
អាន វិវរណៈ 14

វិវរណៈ 14:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​កូន​ចៀម ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មាន​ព្រះ‌នាម​ទ្រង់ នឹង​ព្រះ‌នាម​ព្រះវរ‌បិតា​ទ្រង់​កត់​លើ​ថ្ងាស គេ​បាន​ឈរ​ជា​មួយ​ដែរ រួច​ខ្ញុំ​ឮ​សំឡេង​មក​ពី​លើ​មេឃ ដូច​ជា​សូរ​ទឹក​ច្រើន ហើយ​ដូច​ផ្គរ‌លាន់​យ៉ាង​ខ្លាំង រីឯ​សំឡេង​ដែល​ខ្ញុំ​ឮ​នោះ ក៏​ដូច​ជា​សូរ​សព្ទ​របស់​ពួក​ដន្ត្រី ដែល​កំពុង​តែ​ចាប់​ស៊ុង គេ​ច្រៀង​បទ​១​ថ្មី​នៅ​មុខ​បល្ល័ង្ក ហើយ​មុខ​តួ​មាន​ជីវិត​ទាំង​៤ នឹង​ពួក​ចាស់‌ទុំ​ដែរ គ្មាន​អ្នក​ណា​អាច​នឹង​រៀន​បទ​នោះ​បាន​ទេ មាន​តែ​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​ទ្រង់​លោះ​ពី​ផែនដី​ចេញ​ប៉ុណ្ណោះ នោះ​ជា​ពួក​ព្រហ្មចារី ដែល​មិន​បាន​បង្ខូច​ខ្លួន​នឹង​ស្រី​ឡើយ គេ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផ្លែ​ដំបូង​ថ្វាយ​ដល់​ព្រះ ហើយ​នឹង​កូន​ចៀម មិន​ឃើញ​មាន​សេចក្ដី​ភូត‌ភរ នៅ​ក្នុង​មាត់​គេ​ឡើយ ដ្បិត​គេ​ឥត​សៅ‌ហ្មង។ ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្តាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ចូរ​កោត‌ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី‌ល្អ​របស់​ទ្រង់​ចុះ ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំ​ជំរះ នោះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ នឹង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ។

ចែក​រំលែក
អាន វិវរណៈ 14