វិវរណៈ 14:1-20
វិវរណៈ 14:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ នៅជាមួយព្រះអង្គ ដែលអ្នកទាំងនោះមានព្រះនាមព្រះអង្គ និងព្រះនាមព្រះវរបិតារបស់ព្រះអង្គកត់នៅលើថ្ងាស។ ខ្ញុំឮសំឡេងមួយមកពីលើមេឃ ដូចជាស្នូរសន្ធឹកមហាសាគរ ហើយដូចផ្គរលាន់យ៉ាងខ្លាំង សំឡេងដែលខ្ញុំឮនោះ ក៏ដូចជាសូរសព្ទរបស់ពួកតន្ត្រីដែលកំពុងតែចាប់ស៊ុង គេច្រៀងបទមួយថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ។ គ្មានអ្នកណាអាចនឹងរៀនបទនោះបានទេ មានតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលទ្រង់បានលោះពីផែនដីមកប៉ុណ្ណោះ។ អ្នកទាំងនេះមិនបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ត្រីឡើយ ដ្បិតគេជាព្រហ្មចារី។ អ្នកទាំងនេះហើយ ដែលដើរតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ព្រះអង្គបានលោះគេចេញពីពួកមនុស្សលោក ទុកជាផលដំបូងថ្វាយដល់ព្រះ និងកូនចៀម ហើយមិនឃើញមានពាក្យភូតភរ នៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង។ ខ្ញុំក៏ឃើញទេវតាមួយទៀត កំពុងហោះកាត់លំហអាកាស ទាំងមានដំណឹងល្អដែលនៅអស់កល្បជានិច្ច សម្រាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅលើផែនដី គឺដល់គ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជន។ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ចូរកោតខ្លាចព្រះ ហើយសរសើរសិរីល្អរបស់ព្រះអង្គចុះ ដ្បិតពេលដែលព្រះអង្គត្រូវជំនុំជម្រះ បានមកដល់ហើយ ចូរក្រាបថ្វាយបង្គំព្រះអង្គដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មានចុះ!»។ មានទេវតាមួយទៀត គឺទេវតាទីពីរ មកតាមក្រោយ ពោលថា៖ «ក្រុងបាប៊ីឡូនដ៏ធំ រលំហើយ រលំហើយ ដ្បិតវាបានធ្វើឲ្យអស់ទាំងជាតិសាសន៍ ផឹកស្រានៃសេចក្ដីក្រោធជាអំពើសហាយស្មន់របស់វា»។ មានទេវតាមួយទៀត គឺទេវតាទីបី មកតាមក្រោយ បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «បើអ្នកណាក្រាបថ្វាយបង្គំសត្វនោះ និងរូបរបស់វា ហើយទទួលទីសម្គាល់របស់វានៅលើថ្ងាស ឬនៅលើដៃ អ្នកនោះក៏នឹងត្រូវផឹកស្រានៃសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយគេនឹងត្រូវរងទុក្ខវេទនានៅក្នុងភ្លើង និងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀមផង។ ឯផ្សែងនៃទុក្ខវេទនារបស់គេ ហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ។ គេនឹងមិនមានសេចក្ដីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំសត្វនោះ និងរូបរបស់វា ព្រមទាំងអ្នកដែលទទួលទីសម្គាល់នៃឈ្មោះរបស់វាដែរ»។ នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ គឺអស់អ្នកដែលកាន់តាមបទបញ្ជារបស់ព្រះ និងកាន់តាមជំនឿរបស់ព្រះយេស៊ូវ។ ខ្ញុំក៏ឮសំឡេងពីលើមេឃថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលស្លាប់ក្នុងព្រះអម្ចាស់ ចាប់ពីពេលនេះតទៅ»។ ព្រះវិញ្ញាណមានព្រះបន្ទូលថា៖ «មែនហើយ គឺដើម្បីឲ្យគេបានឈប់សម្រាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតកិច្ចការដែលគេធ្វើទាំងប៉ុន្មាន ចេះតែដេញតាមគេជាប់ជានិច្ច»។ បន្ទាប់មក ខ្ញុំមើលទៅឃើញពពកសមួយដុំ ហើយមានម្នាក់ដូចជាកូនមនុស្ស អង្គុយនៅលើពពកនោះ ទាំងពាក់មកុដមាសនៅលើក្បាល ហើយកាន់កណ្តៀវយ៉ាងមុតនៅដៃ។ មានទេវតាមួយទៀតចេញពីព្រះវិហារមក បន្លឺសំឡេងយ៉ាងខ្លាំងហៅអ្នកដែលអង្គុយលើពពកថា៖ «សូមលូកកណ្តៀវរបស់លោកទៅច្រូតចុះ ដ្បិតដល់ពេលត្រូវច្រូតហើយ ព្រោះផែនដីបានទុំល្មមច្រូតហើយ»។ ដូច្នេះ លោកដែលអង្គុយនៅលើពពក ក៏លូកកណ្តៀវទៅលើផែនដី ហើយផែនដីក៏បានច្រូតរួចរាល់។ មានទេវតាមួយទៀត ចេញពីព្រះវិហារនៅស្ថានសួគ៌មក ទាំងកាន់កណ្តៀវយ៉ាងមុតមួយដែរ។ រួចមានទេវតាមួយទៀត ដែលមានអំណាចលើភ្លើង ក៏ចេញពីអាសនាមក បន្លឺដោយសំឡេងយ៉ាងខ្លាំង ហៅទេវតាដែលកាន់កណ្ដៀវយ៉ាងមុតនោះថា៖ «ចូរលូកកណ្ដៀវយ៉ាងមុតរបស់លោក ទៅកាត់ចង្កោមទំពាំងបាយជូរនៅផែនដីទៅ ដ្បិតផ្លែវាទុំហើយ»។ ទេវតានោះក៏លូកកណ្ដៀវទៅលើផែនដី ហើយកាត់ផ្លែទំពាំងបាយជូរនៅលើផែនដី រួចបោះផ្លែទំពាំងបាយជូរនោះទៅក្នុងធុងបញ្ជាន់ផ្លែយ៉ាងធំនៃសេចក្ដីក្រោធរបស់ព្រះ ហើយមានគេជាន់ក្នុងធុងនោះ នៅខាងក្រៅទីក្រុង ក៏មានឈាមចេញពីធុងឡើងដល់ត្រឹមបង្ហៀរសេះ ចម្ងាយបីរយគីឡូម៉ែត្រ ។
វិវរណៈ 14:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ នៅជាមួយព្រះអង្គ អ្នកទាំងនេះមានព្រះនាមកូនចៀម និងព្រះនាមព្រះបិតារបស់ព្រះអង្គចារនៅលើថ្ងាស។ ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមក ស្នូរសន្ធឹកដូចមហាសាគរ ឬដូចផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំឮ មានសំនៀងដូចពួកអ្នកលេងពិណកំពុងប្រគំតូរ្យតន្ត្រី។ អ្នកទាំងនេះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកព្រឹទ្ធាចារ្យ។ គ្មាននរណាម្នាក់អាចរៀនចម្រៀងនោះចេះឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលព្រះជាម្ចាស់បានលោះពីផែនដីមក។ អ្នកទាំងនេះសុទ្ធតែជាមនុស្សដែលពុំបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ត្រីៗឡើយ គឺគេនៅព្រហ្មចារីទាំងអស់គ្នា។ កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមព្រះអង្គដែរ។ ព្រះអង្គបានលោះគេចេញពីចំណោមមនុស្សលោកមក ទុកជាផលដំបូងថ្វាយព្រះជាម្ចាស់ និងថ្វាយកូនចៀម ហើយអ្នកទាំងនោះក៏មិនដែលពោលពាក្យកុហកដែរ គឺគេឥតមានសៅហ្មងត្រង់ណាសោះឡើយ។ ខ្ញុំឃើញទេវតា*មួយរូបទៀត ហោះកណ្ដាលអាកាសវេហាស៍ ទេវតានោះនាំដំណឹងល្អ*មួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មកប្រាប់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជនដែលរស់នៅលើផែនដី។ ទេវតាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «ចូរនាំគ្នាគោរពកោតខ្លាចព្រះជាម្ចាស់ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតដល់ពេលព្រះអង្គវិនិច្ឆ័យទោសហើយ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ ព្រមទាំងប្រភពទឹកទាំងឡាយ!»។ មានទេវតាមួយរូបទៀតមកតាមក្រោយ ពោលថា៖ «រលំហើយ! រលំហើយ! ក្រុងបាប៊ីឡូនមហានគរ ដែលបាននាំជាតិសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា!»។ មានទេវតាមួយរូបទៀត ជាទេវតាទីបី មកតាមក្រោយ ពោលឡើងយ៉ាងខ្លាំងថា៖ «អ្នកណាក្រាបថ្វាយបង្គំសត្វតិរច្ឆាននោះ និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ព្រមទាំងទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃ អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីព្រះជាម្ចាស់ ព្រះអង្គនឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាដ៏វិសុទ្ធ* និងនៅចំពោះព្រះភ័ក្ត្ររបស់កូនចៀម។ ផ្សែងភ្លើងដែលធ្វើឲ្យគេរងទុក្ខទោស ហុយអស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលបានក្រាបថ្វាយបង្គំសត្វតិរច្ឆាន និងក្រាបថ្វាយបង្គំរូបចម្លាក់របស់វា ហើយបានទទួលសញ្ញាសម្គាល់ឈ្មោះរបស់វា មុខជាត្រូវវេទនា ទាំងថ្ងៃទាំងយប់ ឥតស្រាកស្រាន្តឡើយ»។ ដូច្នេះ ប្រជាជនដ៏វិសុទ្ធ* គឺអស់អ្នកដែលប្រតិបត្តិតាមបទបញ្ជា*ទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ និងកាន់តាមជំនឿរបស់ព្រះយេស៊ូ ត្រូវមានចិត្តព្យាយាម។ ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅ: អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ពិតជាមានសុភមង្គល* ចាប់តាំងពីពេលនេះទៅហើយ! ព្រះវិញ្ញាណមានព្រះបន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជានិច្ច»។ ខ្ញុំមើលទៅឃើញពពក*សមួយដុំ ហើយមានម្នាក់ដូចបុត្រមនុស្ស* អង្គុយលើពពកនោះ។ លោកពាក់មកុដមាសនៅលើក្បាល ព្រមទាំងកាន់កណ្ដៀវមួយយ៉ាងមុតនៅដៃផង។ មានទេវតាមួយរូបទៀតចេញពីព្រះវិហារមក ហើយស្រែកឡើងខ្លាំងៗទៅកាន់លោកដែលអង្គុយលើពពកថា៖ «សូមយកកណ្ដៀវរបស់លោកមកច្រូតទៅ! ដល់ពេលច្រូតហើយ ដ្បិតផែនដីទុំ ល្មមច្រូតហើយ»។ ពេលនោះ លោកដែលអង្គុយនៅលើពពកបោះកណ្ដៀវមកផែនដី ផែនដីក៏ច្រូតស្រេចរួចរាល់។ មានទេវតាមួយរូបទៀតចេញពីព្រះវិហារនៅស្ថានបរមសុខ*មក លោកក៏មានកាំបិតមួយដ៏មុតដែរ។ ទេវតាមួយរូបទៀតដែលមានអំណាចលើភ្លើងបានចេញពីអាសនៈមក ពោលខ្លាំងៗទៅកាន់ទេវតាដែលកាន់កាំបិតដ៏មុតថា៖ «សូមយកកាំបិតដ៏មុតរបស់លោក មកកាត់ចង្កោមទំពាំងបាយជូរនៅលើផែនដីទៅ ដ្បិតផ្លែវាទុំអស់ហើយ!»។ ទេវតានោះបោះកាំបិតរបស់លោកមកលើផែនដី ផ្លែទំពាំងបាយជូរនៅលើផែនដីក៏កាត់រួចរាល់ជាស្រេច ហើយលោកបោះផ្លែទំពាំងបាយជូរទៅក្នុងធុងបញ្ជាន់ផ្លែ ជាធុងនៃព្រះពិរោធដ៏ខ្លាំងរបស់ព្រះជាម្ចាស់។ បន្ទាប់មក គេយកធុងចេញទៅក្រៅទីក្រុង ដើម្បីបញ្ជាន់ផ្លែ ពេលនោះ មានឈាមហូរចេញពីធុងមកមានកម្ពស់ត្រឹមមាត់សេះ ចម្ងាយប្រមាណមួយពាន់ប្រាំមួយរយស្ដាដ។
វិវរណៈ 14:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក្រឡេកទៅឃើញកូនចៀម ឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលមានព្រះនាមទ្រង់ នឹងព្រះនាមព្រះវរបិតាទ្រង់កត់លើថ្ងាស គេបានឈរជាមួយដែរ រួចខ្ញុំឮសំឡេងមកពីលើមេឃ ដូចជាសូរទឹកច្រើន ហើយដូចផ្គរលាន់យ៉ាងខ្លាំង រីឯសំឡេងដែលខ្ញុំឮនោះ ក៏ដូចជាសូរសព្ទរបស់ពួកដន្ត្រី ដែលកំពុងតែចាប់ស៊ុង គេច្រៀងបទ១ថ្មីនៅមុខបល្ល័ង្ក ហើយមុខតួមានជីវិតទាំង៤ នឹងពួកចាស់ទុំដែរ គ្មានអ្នកណាអាចនឹងរៀនបទនោះបានទេ មានតែមនុស្ស១សែន៤ម៉ឺន៤ពាន់នាក់ ដែលទ្រង់លោះពីផែនដីចេញប៉ុណ្ណោះ នោះជាពួកព្រហ្មចារី ដែលមិនបានបង្ខូចខ្លួននឹងស្រីឡើយ គេតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ទ្រង់បានលោះគេចេញពីពួកមនុស្សលោក ទុកជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនឹងកូនចៀម មិនឃើញមានសេចក្ដីភូតភរ នៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង។ ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរន្ធទឹកទាំងប៉ុន្មានចុះ។ មានទេវតា១ទៀតមកតាមក្រោយប្រាប់ថា ក្រុងបាប៊ីឡូនដ៏ជាធំ បានរលំហើយ បានរលំហើយ ដ្បិតវាបានឲ្យគ្រប់ទាំងសាសន៍ផឹកស្រានៃសេចក្ដីឃោរឃៅរបស់ការកំផិតខ្លួន។ រួចមានទេវតាទី៣មកតាមក្រោយទៀត ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះ នឹងរូបវា ហើយទទួលទីសំគាល់វានៅលើថ្ងាស ឬនៅដៃ អ្នកនោះនឹងត្រូវផឹកស្រាផងសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ទ្រង់ ព្រមទាំងត្រូវរងទុក្ខវេទនា នៅក្នុងភ្លើង នឹងស្ពាន់ធ័រ ចំពោះមុខនៃពួកទេវតាបរិសុទ្ធ នឹងកូនចៀមផង ឯផ្សែងនៃសេចក្ដីទុក្ខលំបាករបស់គេ នឹងហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ គេនឹងឥតមានសេចក្ដីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំដល់សត្វនោះ នឹងរូបវា ឬអ្នកណាដែលទទួលទីសំគាល់នៃឈ្មោះវាផង នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តរបស់ព្រះ ហើយមានសេចក្ដីជំនឿដល់ព្រះយេស៊ូវ។ ខ្ញុំក៏ឮសំឡេងពីលើមេឃថា ចូរកត់ទុកដូច្នេះថា ពីនេះទៅមុខ អស់អ្នកណាដែលស្លាប់ក្នុងព្រះអម្ចាស់ នោះមានពរហើយ ព្រះវិញ្ញាណទ្រង់មានបន្ទូលថា ហ្នឹងហើយ គឺដើម្បីឲ្យគេបានឈប់សំរាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតការគេធ្វើក៏តាមគេជាប់។ នោះខ្ញុំក្រឡេកទៅឃើញពពកស១ ហើយមាន១អង្គ ដូចជាកូនមនុស្ស គង់នៅលើពពកនោះ ទាំងពាក់មកុដមាស ហើយកាន់កណ្តៀវដ៏មុត រួចមានទេវតា១ទៀតចេញពីព្រះវិហារមក បន្លឺដោយសំឡេងយ៉ាងខ្លាំងដល់ព្រះអង្គដែលគង់លើពពកថា សូមលូកកណ្តៀវទ្រង់ទៅច្រូតចុះ ដ្បិតជាវេលាត្រូវច្រូតហើយ ពីព្រោះនៅផែនដីបានទុំជាស្រេច នោះព្រះអង្គ ដែលគង់នៅលើពពក ទ្រង់លូកកណ្តៀវទៅឯផែនដី ដូច្នេះ ផែនដីក៏បានច្រូតរួចហើយ។ រួចមានទេវតា១ទៀត ចេញពីព្រះវិហារនៅស្ថានសួគ៌មក ទាំងកាន់ចែយ៉ាងមុតដែរ ហើយមានទេវតា១ទៀត ដែលមានអំណាចលើភ្លើង ក៏ចេញពីអាសនាមក បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់ទេវតាដែលកាន់ចែដ៏មុតនោះថា ចូរលូកចែដ៏មុតរបស់ឯង ទៅកាត់ចង្កោមទំពាំងបាយជូរ នៅផែនដីទៅ ដ្បិតផ្លែទុំហើយ ទេវតានោះក៏លូកចែទៅឯផែនដី ហើយកាត់ផ្លែទំពាំងបាយជូរនៅផែនដីទាំងអស់ រួចបោះទៅក្នុងធុងជាន់ផ្លែយ៉ាងធំរបស់ផងសេចក្ដីក្រោធនៃព្រះ នោះមានគេជាន់ក្នុងធុងនោះ នៅខាងក្រៅទីក្រុង ហើយមានឈាមចេញពីធុងឡើងទៅត្រឹមដែកបង្ខាំសេះ ចំងាយ៣០០គីឡូម៉ែត្រទៅ។