វិវរណៈ 13:5-10
វិវរណៈ 13:5-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នាគក៏ឲ្យសត្វនោះមានមាត់ចេះនិយាយពាក្យសម្ដីព្រហើនៗ និងពាក្យប្រមាថ ឲ្យមានអំណាចនឹងធ្វើការ អស់រយៈពេលសែសិបពីរខែ។ វាបានបើកមាត់ប្រមាថព្រះ គឺប្រមាថព្រះនាមរបស់ព្រះអង្គ ប្រមាថដំណាក់របស់ព្រះអង្គ និងប្រមាថអស់អ្នកដែលនៅស្ថានសួគ៌ ក៏ទទួលអំណាចនឹងធ្វើសង្គ្រាមជាមួយពួកបរិសុទ្ធ ហើយមានជ័យជម្នះលើពួកគេទៀតផង។ វាបានទទួលអំណាចលើគ្រប់ទាំងកុលសម្ព័ន្ធ គ្រប់ប្រជាជន គ្រប់ភាសា និងគ្រប់ទាំងជាតិសាសន៍ មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលគេបានសម្លាប់ តាំងពីកំណើតពិភពលោកមក នឹងក្រាបថ្វាយបង្គំសត្វនោះ។ អ្នកណាមានត្រចៀក ចូរស្តាប់ចុះ។ បើអ្នកណាដែលត្រូវគេនាំទៅជាឈ្លើយ អ្នកនោះនឹងត្រូវទៅជាឈ្លើយ បើអ្នកណាត្រូវគេសម្លាប់ដោយដាវ អ្នកនោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្ដីអត់ធ្មត់ និងជំនឿរបស់ពួកបរិសុទ្ធ។
វិវរណៈ 13:5-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សត្វនោះបានទទួលសិទ្ធិពោលពាក្យព្រហើនៗ ព្រមទាំងប្រមាថព្រះជាម្ចាស់ទៀតផង។ វាបានទទួលអំណាចបញ្ចេញសកម្មភាព ក្នុងអំឡុងពេលសែសិបពីរខែ។ វាបានហាមាត់ប្រមាថព្រះជាម្ចាស់ គឺវាប្រមាថព្រះនាមរបស់ព្រះអង្គ ប្រមាថព្រះពន្លា*របស់ព្រះអង្គ និងប្រមាថអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខ*។ វាបានទទួលសិទ្ធិធ្វើសឹកសង្គ្រាមជាមួយប្រជាជនដ៏វិសុទ្ធ* ព្រមទាំងមានជ័យជម្នះលើពួកគេទៀតផង ។ វាបានទទួលអំណាចត្រួតត្រាលើកុលសម្ព័ន្ធ*ទាំងអស់ ប្រជារាស្ត្រទាំងអស់ ភាសាទាំងអស់ និងជាតិសាសន៍ទាំងអស់ ហើយមនុស្សម្នានៅលើផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។ ចូរផ្ទៀងត្រចៀកស្ដាប់ឲ្យមែនទែន!។ បើអ្នកណាត្រូវជាប់ជាឈ្លើយ អ្នកនោះមុខតែជាប់ជាឈ្លើយ អ្នកណាត្រូវស្លាប់នឹងមុខដាវ អ្នកនោះមុខតែស្លាប់នឹងមុខដាវមិនខាន។ ដូច្នេះ ប្រជាជនដ៏វិសុទ្ធ*ត្រូវមានចិត្តព្យាយាម និងមានជំនឿ។
វិវរណៈ 13:5-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នាគក៏ឲ្យវាមានមាត់ចេះនិយាយជាពាក្យសំដីដ៏ធំ នឹងពាក្យប្រមាថ ក៏ឲ្យមានអំណាចនឹងធ្វើការវា ក្នុងរវាង៤២ខែ វាបើកមាត់ប្រមាថដល់ទាំងព្រះ នឹងព្រះនាម ហើយព្រះវិហារនៃទ្រង់ដែរ ព្រមទាំងដល់ពួកអ្នកដែលនៅស្ថានសួគ៌ផង ក៏មានអំណាចបានប្រគល់ដល់វា ឲ្យច្បាំងឈ្នះពួកបរិសុទ្ធបាន ហើយនឹងអំណាចលើគ្រប់ទាំងពូជមនុស្ស គឺអស់ទាំងគ្រួសារ នឹងភាសា ហើយនឹងអស់ទាំងសាសន៍ផង ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយមក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ បើអ្នកណាមានត្រចៀក ឲ្យអ្នកនោះស្តាប់ចុះ បើអ្នកណាដឹកនាំគេឲ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនឲ្យទៅជាឈ្លើយដែរ បើអ្នកណាកាប់សំឡាប់គេដោយដាវ នោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្ដីអត់ធ្មត់ នឹងសេចក្ដីជំនឿរបស់ពួកបរិសុទ្ធ។