វិវរណៈ 13:11-18
វិវរណៈ 13:11-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ខ្ញុំបានឃើញសត្វសាហាវមួយទៀត ចេញពីដីមក វាមានស្នែងពីរ ដូចជាកូនចៀម តែនិយាយដូចជានាគ។ សត្វនោះប្រើអំណាចទាំងអស់របស់សត្វទីមួយ នៅចំពោះសត្វទីមួយ ទាំងធ្វើឲ្យផែនដី និងមនុស្សនៅលើផែនដី ក្រាបថ្វាយបង្គំសត្វទីមួយ ដែលមានរបួសជិតស្លាប់ ហើយបានសះជាវិញនោះផង។ វាបានធ្វើទីសម្គាល់យ៉ាងធំ រហូតដល់បានធ្វើឲ្យភ្លើងធ្លាក់ចុះពីលើមេឃ មកលើផែនដី នៅមុខមនុស្សលោក ហើយវាបានបញ្ឆោតមនុស្សនៅផែនដី ដោយសារទីសម្គាល់ ដែលវាមានអំណាចធ្វើនឹងធ្វើនៅមុខសត្វនោះ ក៏ប្រាប់អស់អ្នកដែលនៅផែនដី ឲ្យឆ្លាក់រូបសត្វនោះ ដែលត្រូវរបួសនឹងដាវ តែបានរស់វិញ ហើយវាមានអំណាច អាចធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យរូបសត្វនោះចេះនិយាយ ហើយមានអំណាចនឹងធ្វើឲ្យពួកអ្នកដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង។ វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា និងអ្នកបម្រើ ឲ្យទទួលទីសម្គាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន មិនឲ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកលែងតែអ្នកដែលមានទីសម្គាល់ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា។ នេះហើយជាប្រាជ្ញា អ្នកណាដែលមានយោបល់ ចូរគិតលេខរបស់សត្វនោះចុះ ដ្បិតលេខនោះជាលេខរបស់មនុស្ស ហើយលេខរបស់អ្នកនោះ គឺប្រាំមួយរយហុកសិបប្រាំមួយ។
វិវរណៈ 13:11-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ខ្ញុំឃើញសត្វតិរច្ឆានមួយទៀតផុសចេញពីដី មានស្នែងពីរដូចស្នែងកូនចៀម ហើយមានសំឡេងដូចនាគ។ សត្វនោះបានយកអំណាចទាំងអស់របស់សត្វទីមួយមកប្រើ នៅចំពោះមុខសត្វទីមួយទាំងនាំផែនដី និងមនុស្សដែលរស់នៅលើផែនដីឲ្យក្រាបថ្វាយបង្គំសត្វទីមួយ ដែលមានរបួសជិតស្លាប់ ហើយបានជាសះស្បើយវិញនោះផង។ សត្វនោះបានសម្តែងទីសម្គាល់ដ៏សម្បើមអស្ចារ្យ រហូតដល់ទៅធ្វើឲ្យមានភ្លើងធ្លាក់ចុះពីលើមេឃមកផែនដី ឲ្យមនុស្សលោកឃើញ។ វាបាននាំមនុស្សដែលរស់នៅលើផែនដីនេះឲ្យវង្វេង ដោយធ្វើទីសម្គាល់ផ្សេងៗនៅមុខសត្វទីមួយ តាមអំណាចដែលវាបានទទួល។ វាប្រាប់មនុស្សរស់នៅលើផែនដីឲ្យឆ្លាក់រូបសត្វ ដែលត្រូវរបួសនឹងមុខដាវ ហើយបានរួចជីវិតនោះ។ វាបានទទួលអំណាចធ្វើឲ្យរូបចម្លាក់សត្វនោះមានដង្ហើមឡើង ដើម្បីនិយាយស្ដីបាន និងប្រហារជីវិតអស់អ្នកដែលពុំព្រមក្រាបថ្វាយបង្គំរូបចម្លាក់សត្វនោះ វាបានបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងអ្នកជា ទាំងអ្នកងារ ឲ្យទទួលសញ្ញាសម្គាល់មួយនៅលើដៃស្ដាំ ឬនៅលើថ្ងាស។ ប្រសិនបើគ្មានសញ្ញាសម្គាល់នេះ គ្មានឈ្មោះរបស់សត្វ ឬគ្មានលេខសម្គាល់ឈ្មោះរបស់សត្វនោះទេ គ្មាននរណាម្នាក់មានសិទ្ធិទិញ ឬលក់អ្វី សោះឡើយ។ ត្រង់ហ្នឹងហើយដែលត្រូវមានប្រាជ្ញារិះគិត!។ អ្នកណាឆ្លាត ចូរយកលេខសម្គាល់របស់សត្វនោះទៅគិតមើលទៅ ដ្បិតលេខនេះជាលេខរបស់មនុស្ស គឺប្រាំមួយរយហុកសិបប្រាំមួយ។
វិវរណៈ 13:11-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏ឃើញសត្វសាហាវ១ទៀត ឡើងចេញពីដីមក វាមានស្នែង២ ដូចជាកូនចៀម តែពោលពាក្យដូចជានាគវិញ ក៏ប្រព្រឹត្តដោយនូវគ្រប់ទាំងអំណាចរបស់សត្វទី១ នៅមុខនាគនោះ ទាំងបណ្តាលឲ្យផែនដី នឹងអស់អ្នកដែលនៅផែនដីបានក្រាបថ្វាយបង្គំ ដល់សត្វទី១ដែលមានរបួសដល់ស្លាប់នោះ តែបានសះជាវិញនោះផង វាក៏ធ្វើទីសំគាល់យ៉ាងធំ ដល់ម៉្លេះបានជាធ្វើឲ្យធ្លាក់ទាំងភ្លើង ពីលើមេឃមកលើផែនដី នៅមុខមនុស្សលោកផង វាបញ្ឆោតពួកមនុស្សនៅផែនដី ដោយសារទីសំគាល់ ដែលវាមានអំណាចនឹងធ្វើ នៅមុខសត្វនោះ ក៏ប្រាប់ដល់ពួកអ្នកនៅផែនដី ឲ្យធ្វើរូបសត្វនោះ ដែលត្រូវរបួសនឹងដាវ តែបានរស់វិញដែរ ក៏មានអំណាចបានប្រគល់ឲ្យវា នឹងធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យបានចេះនិយាយ ហើយអំណាចនឹងធ្វើឲ្យពួកអ្នក ដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា នឹងបាវគេ ឲ្យទទួលទីសំគាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន ហើយមិនបើកឲ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកតែអ្នកដែលមានទីសំគាល់នោះចេញ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា នេះហើយជាប្រាជ្ញា អ្នកណាដែលមានយោបល់ ឲ្យអ្នកនោះរាប់លេខនៃសត្វនោះចុះ ដ្បិតលេខនោះជាលេខរបស់មនុស្ស គឺ៦៦៦។