វិវរណៈ 13:1-8

វិវរណៈ 13:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ឡើង​ចេញ​ពី​សមុទ្រ​មក មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ នៅ​លើ​ស្នែង​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំពីរ មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ។ សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មើល​ទៅ​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជា​ជើង​ខ្លា​ឃ្មុំ ហើយ​មាត់​វា​ដូច​ជា​មាត់​សិង្ហ នាគ​ក៏​ឲ្យ​ឫទ្ធិ និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដល់​សត្វ​នោះ។ ខ្ញុំ​ឃើញ​ក្បាល​វា​មួយ​ដូច​ជា​មាន​ស្នាម​របួស​ជិត​ស្លាប់ តែ​របួស​ជិត​ស្លាប់​នោះ​បាន​ជា​សះ​ឡើង​វិញ មនុស្ស​នៅ​ផែនដី​មាន​ការ​អស្ចារ្យ ហើយ​ក៏​ទៅ​តាម​សត្វ​នោះ។ គេ​ក្រាប​ថ្វាយ​បង្គំ​នាគ ព្រោះ​នាគ​បាន​ឲ្យ​អំណាច​ដល់​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ​ដែរ ដោយ​ពោល​ថា៖ «តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ? តើ​អ្នក​ណា​អាច​ច្បាំង​នឹង​សត្វ​នេះ​បាន?» នាគ​ក៏​ឲ្យ​សត្វ​នោះ​មាន​មាត់​ចេះ​និយាយ​ពាក្យ​សម្ដី​ព្រហើនៗ និង​ពាក្យ​ប្រមាថ ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ អស់​រយៈ​ពេល​សែសិប​ពីរ​ខែ។ វា​បាន​បើក​មាត់​ប្រមាថ​ព្រះ គឺ​ប្រមាថ​ព្រះ‌នាម​របស់ព្រះ‌អង្គ ប្រមាថ​ដំណាក់​របស់​ព្រះ‌អង្គ និង​ប្រមាថ​អស់​អ្នក​ដែល​នៅ​ស្ថាន‌សួគ៌ ក៏​ទទួល​អំណាច​នឹង​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​បរិសុទ្ធ ហើយ​មាន​ជ័យ​ជម្នះ​លើ​ពួក​គេ​ទៀត​ផង។ វា​បាន​ទទួល​អំណាច​លើ​គ្រប់​ទាំង​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន គ្រប់​ភាសា និង​គ្រប់​ទាំង​ជាតិ​សាសន៍ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​គេ​បាន​សម្លាប់ តាំង​ពី​កំណើត​ពិភព‌លោក​មក នឹង​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ។

ចែក​រំលែក
អាន វិវរណៈ 13

វិវរណៈ 13:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំ‌ពីរ​ឡើង​ពី​សមុទ្រ​មក នៅ​លើ​ស្នែង​ទាំង​ដប់​របស់​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ‌ពីរ មាន​សរសេរ​ឈ្មោះ​ផ្សេងៗ ដែល​ប្រមាថ​ព្រះ‌ជា‌ម្ចាស់។ សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មាន​រាង​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជើង​ខ្លា‌ឃ្មុំ ហើយ​មាត់​វា​ដូច​មាត់​សិង្ហ។ នាគ​បាន​ប្រគល់​ឫទ្ធា‌នុភាព និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ទៅ​ឲ្យ​សត្វ​នោះ។ ខ្ញុំ​ក៏​ឃើញ​ក្បាល​មួយ​របស់​សត្វ​នោះ ដូច​ជា​ត្រូវ​របួស​ជិត​ស្លាប់ តែ​មុខ​របួស​ដ៏​ធ្ងន់​ជិត​ស្លាប់​នេះ​បាន​ជា​សះ‌ស្បើយ​ឡើង​វិញ។ មនុស្ស‌ម្នា​នៅ​លើ​ផែនដី​ទាំង​មូល​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ទៅ​តាម​សត្វ​នោះ។ គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​នាគ ព្រោះ​នាគ​បាន​ប្រគល់​អំណាច​ឲ្យ​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ​សត្វ​នោះ​ដែរ ទាំង​ពោល​ថា៖ «តើ​នរណា​អាច​ប្រៀប​ផ្ទឹម​នឹង​សត្វ​នេះ​បាន? តើ​នរណា​អាច​ច្បាំង​តទល់​នឹង​សត្វ​នេះ​បាន?»។ សត្វ​នោះ​បាន​ទទួល​សិទ្ធិ​ពោល​ពាក្យ​ព្រហើនៗ ព្រម​ទាំង​ប្រមាថ​ព្រះ‌ជា‌ម្ចាស់​ទៀត​ផង។ វា​បាន​ទទួល​អំណាច​បញ្ចេញ​សកម្ម‌ភាព ក្នុង​អំឡុង​ពេល​សែ‌សិប​ពីរ​ខែ។ វា​បាន​ហា​មាត់​ប្រមាថ​ព្រះ‌ជា‌ម្ចាស់ គឺ​វា​ប្រមាថ​ព្រះ‌នាម​របស់​ព្រះអង្គ ប្រមាថ​ព្រះ‌ពន្លា*​របស់​ព្រះអង្គ និង​ប្រមាថ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ*។ វា​បាន​ទទួល​សិទ្ធិ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ* ព្រម​ទាំង​មាន​ជ័យ‌ជម្នះ​លើ​ពួក​គេ​ទៀត​ផង ។ វា​បាន​ទទួល​អំណាច​ត្រួត‌ត្រា​លើ​កុល‌សម្ព័ន្ធ*​ទាំង​អស់ ប្រជា‌រាស្ត្រ​ទាំង​អស់ ភាសា​ទាំង​អស់ និង​ជាតិ​សាសន៍​ទាំង​អស់ ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែនដី​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​វា។ អ្នក​ទាំង​នោះ​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ជា​បញ្ជី​ដែល​មាន​តាំង​ពី​ដើម​កំណើត​ពិភព​លោក​នោះ​ឡើយ។

ចែក​រំលែក
អាន វិវរណៈ 13

វិវរណៈ 13:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​ឈរ​លើ​ខ្សាច់ នៅ​មាត់​សមុទ្រ ហើយ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​១​ឡើង​ចេញ​ពី​សមុទ្រ​មក ដែល​មាន​ស្នែង​១០ នឹង​ក្បាល​៧ រីឯ​នៅ​លើ​ស្នែង​វា មាន​មកុដ​១០ ហើយ​នៅ​លើ​ក្បាល​ទាំង​ប៉ុន្មាន នោះ​មាន​ឈ្មោះ ជា​ពាក្យ​ប្រមាថ សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មើល​ទៅ​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជា​ជើង​នៃ​ខ្លា‌ឃ្មុំ ហើយ​មាត់​វា​ដូច​ជា​មាត់​សិង្ហ នាគ​ក៏​ឲ្យ​ឫទ្ធិ នឹង​បល្ល័ង្ក​របស់​វា​ដល់​សត្វ​នោះ ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដែរ ខ្ញុំ​ឃើញ​ក្បាល​វា​១ ដូច​ជា​បាន​កាប់​សំឡាប់​ហើយ តែ​របួស​ដល់​ស្លាប់​នោះ​បាន​សះ​ជា​ឡើង​វិញ ហើយ​ផែនដី​ក៏​អស្ចារ្យ​នឹង​សត្វ​នោះ គេ​ក្រាប​ថ្វាយ‌បង្គំ​ដល់​នាគ ដែល​ឲ្យ​សត្វ​នោះ​មាន​អំណាច ព្រម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ​ដែរ ដោយ​និយាយ​ថា តើ​មាន​អ្នក​ណា​ដូច​សត្វ​នេះ មាន​អ្នក​ឯ​ណា​ដែល​អាច​ច្បាំង​នឹង​វា​បាន នាគ​ក៏​ឲ្យ​វា​មាន​មាត់​ចេះ​និយាយ​ជា​ពាក្យ​សំដី​ដ៏​ធំ នឹង​ពាក្យ​ប្រមាថ ក៏​ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ​វា ក្នុង​រវាង​៤២​ខែ វា​បើក​មាត់​ប្រមាថ​ដល់​ទាំង​ព្រះ នឹង​ព្រះ‌នាម ហើយ​ព្រះ‌វិហារ​នៃ​ទ្រង់​ដែរ ព្រម​ទាំង​ដល់​ពួក​អ្នក​ដែល​នៅ​ស្ថាន‌សួគ៌​ផង ក៏​មាន​អំណាច​បាន​ប្រគល់​ដល់​វា ឲ្យ​ច្បាំង​ឈ្នះ​ពួក​បរិសុទ្ធ​បាន ហើយ​នឹង​អំណាច​លើ​គ្រប់​ទាំង​ពូជ​មនុស្ស គឺ​អស់​ទាំង​គ្រួសារ នឹង​ភាសា ហើយ​នឹង​អស់​ទាំង​សាសន៍​ផង ឯ​អស់​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​ត្រូវ​គេ​សំឡាប់ តាំង​ពី​កំណើត​លោកីយ​មក នោះ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ចំពោះ​សត្វ​នោះ

ចែក​រំលែក
អាន វិវរណៈ 13