វិវរណៈ 13:1-3
វិវរណៈ 13:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ខ្ញុំឃើញសត្វសាហាវមួយឡើងចេញពីសមុទ្រមក មានស្នែងដប់ និងក្បាលប្រាំពីរ នៅលើស្នែងវា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំពីរ មានឈ្មោះជាពាក្យប្រមាថ។ សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំដល់សត្វនោះ។ ខ្ញុំឃើញក្បាលវាមួយដូចជាមានស្នាមរបួសជិតស្លាប់ តែរបួសជិតស្លាប់នោះបានជាសះឡើងវិញ មនុស្សនៅផែនដីមានការអស្ចារ្យ ហើយក៏ទៅតាមសត្វនោះ។
វិវរណៈ 13:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មកទៀត ខ្ញុំឃើញសត្វតិរច្ឆានមួយមានស្នែងដប់ និងក្បាលប្រាំពីរឡើងពីសមុទ្រមក នៅលើស្នែងទាំងដប់របស់វា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំពីរ មានសរសេរឈ្មោះផ្សេងៗ ដែលប្រមាថព្រះជាម្ចាស់។ សត្វដែលខ្ញុំឃើញនោះ មានរាងដូចជាខ្លារខិន ជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់ឫទ្ធានុភាព និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំទៅឲ្យសត្វនោះ។ ខ្ញុំក៏ឃើញក្បាលមួយរបស់សត្វនោះ ដូចជាត្រូវរបួសជិតស្លាប់ តែមុខរបួសដ៏ធ្ងន់ជិតស្លាប់នេះបានជាសះស្បើយឡើងវិញ។ មនុស្សម្នានៅលើផែនដីទាំងមូលកោតស្ញប់ស្ញែងយ៉ាងខ្លាំង ហើយនាំគ្នាទៅតាមសត្វនោះ។
វិវរណៈ 13:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏ឈរលើខ្សាច់ នៅមាត់សមុទ្រ ហើយខ្ញុំឃើញសត្វសាហាវ១ឡើងចេញពីសមុទ្រមក ដែលមានស្នែង១០ នឹងក្បាល៧ រីឯនៅលើស្នែងវា មានមកុដ១០ ហើយនៅលើក្បាលទាំងប៉ុន្មាន នោះមានឈ្មោះ ជាពាក្យប្រមាថ សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងនៃខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ នឹងបល្ល័ង្ករបស់វាដល់សត្វនោះ ព្រមទាំងអំណាចយ៉ាងធំដែរ ខ្ញុំឃើញក្បាលវា១ ដូចជាបានកាប់សំឡាប់ហើយ តែរបួសដល់ស្លាប់នោះបានសះជាឡើងវិញ ហើយផែនដីក៏អស្ចារ្យនឹងសត្វនោះ