វិវរណៈ 12:9-12
វិវរណៈ 12:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នាគធំនោះត្រូវបានបោះទម្លាក់ចុះមក គឺពស់ពីបុរាណ ដែលហៅថាអារក្ស និងសាតាំង ជាមេបោកបញ្ឆោតពិភពលោកទាំងមូល វាត្រូវបានបោះទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានបោះទម្លាក់ចុះមកជាមួយវាដែរ។ បន្ទាប់មក ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ការសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើង ព្រមទាំងអំណាចរបស់ព្រះគ្រីស្ទនៃព្រះអង្គ បានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់ពួកបងប្អូនរបស់យើង ដែលចេះតែចោទពីគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានបោះទម្លាក់ចុះហើយ។ ប៉ុន្តែ គេបានឈ្នះវា ដោយសារឈាមរបស់កូនចៀម និងដោយសារសេចក្ដីបន្ទាល់របស់គេ ដ្បិតគេមិនបានស្តាយជីវិតរបស់ខ្លួនឡើយ ទោះជាត្រូវស្លាប់ក៏ដោយ។ ហេតុនេះ ឱស្ថានសួគ៌ និងអស់អ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី និងសមុទ្រវិញ ដ្បិតអារក្សបានចុះមករកអ្នករាល់គ្នាទាំងក្រេវក្រោធជាខ្លាំង ព្រោះវាដឹងថា ពេលវេលាវានៅខ្លីណាស់!»។
វិវរណៈ 12:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាគធំនោះក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯងជាពស់ពីបុរាណ ឈ្មោះមារ* ឬសាតាំង ដែលបាននាំមនុស្សនៅលើផែនដីទាំងមូលឲ្យវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែនដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។ ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យ*ព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រិស្តរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភ័ក្ត្រនៃព្រះរបស់យើង។ បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។ ហេតុនេះ ស្ថានបរមសុខ* និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និងសមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតមារ*បានចុះទៅរកអ្នករាល់គ្នា ទាំងមានកំរោលចូលយ៉ាងខ្លាំងផង ព្រោះវាដឹងថា វានៅសល់ពេលតែបន្តិចប៉ុណ្ណោះ»។
វិវរណៈ 12:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះនាគធំត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញ ព្រមទាំងពួកទេវតារបស់វាផង។ នោះខ្ញុំឮសំឡេង១យ៉ាងខ្លាំង នៅលើមេឃថា ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្តា នឹងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ ដ្បិតអានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា ដែលចេះតែចោទពីគេ នៅចំពោះព្រះទាំងយប់ទាំងថ្ងៃ វាត្រូវបោះទំលាក់ទៅហើយ គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្ដីបន្ទាល់របស់គេ ក៏មិនបានស្តាយជីវិតខ្លួនដរាបដល់ស្លាប់ ដោយហេតុនោះ ឱស្ថានសួគ៌ នឹងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ។