វិវរណៈ 12:10-17

វិវរណៈ 12:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ ការ​សង្គ្រោះ ព្រះ‌ចេស្តា និង​រាជ្យ​របស់​ព្រះ​នៃ​យើង ព្រម​ទាំង​អំណាច​របស់​ព្រះ‌គ្រីស្ទ​នៃ​ព្រះ‌អង្គ បាន​មក​ដល់​ហើយ ដ្បិត​អ្នក​ចោទ​ប្រកាន់​ពួក​បង‌ប្អូន​របស់​យើង ដែល​ចេះ​តែ​ចោទ​ពី​គេ​នៅ​ចំពោះ​ព្រះ​នៃ​យើង​ទាំង​យប់​ទាំង​ថ្ងៃ ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​ហើយ។ ប៉ុន្តែ គេ​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​របស់​កូន​ចៀម និង​ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​គេ ដ្បិត​គេ​មិន​បាន​ស្តាយ​ជីវិត​របស់​ខ្លួន​ឡើយ ទោះ​ជា​ត្រូវ​ស្លាប់​ក៏​ដោយ។ ហេតុ​នេះ ឱ​ស្ថាន‌សួគ៌ និង​អស់​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី និង​សមុទ្រ​វិញ ដ្បិត​អារក្ស​បាន​ចុះ​មក​រក​អ្នក​រាល់​គ្នា​ទាំង​ក្រេវ​ក្រោធ​ជា​ខ្លាំង ព្រោះ​វា​ដឹង​ថា ពេល​វេលា​វា​នៅ​ខ្លី​ណាស់!»។ លុះ​នាគ​ឃើញ​ថា វា​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ផែនដី​ដូច្នេះ វា​ក៏​ដេញ​តាម​ស្ត្រី​ដែល​សម្រាល​កូន​ប្រុស​នោះ។ ប៉ុន្តែ ព្រះ​ប្រទាន​ឲ្យ​ស្ត្រី​នោះ​មាន​ស្លាប​ពីរ ដូច​ជា​ស្លាប​សត្វ​ឥន្ទ្រី ដើម្បី​ឲ្យ​នាង​បាន​ហើរ​ចេញ​ពី​សត្វ​ពស់ ទៅ​កន្លែង​របស់​នាង​នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ព្រះ​ចិញ្ចឹម​នាង​អស់​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប ។ ពេល​នោះ ពស់​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ជា​ទឹក​ទន្លេ តាម​ពី​ក្រោយ​ស្ត្រី​នោះ ដើម្បី​បន្សាត់​នាង​ឲ្យ​បាត់​ទៅ​តាម​ទន្លេ​នោះ។ ប៉ុន្តែ ផែនដី​បាន​ជួយ​នាង ដោយ​ហា​មាត់​លេប​ទន្លេ ដែល​នាគ​ព្រួស​ចេញ​ពី​មាត់​វា​នោះ​អស់​ទៅ។ បន្ទាប់​មក នាគ​ក៏​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ ជា​អ្នក​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ និង​ទី​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ។

ចែក​រំលែក
អាន វិវរណៈ 12

វិវរណៈ 12:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ ហើយ​ឫទ្ធា‌នុភាព និង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​របស់​យើង ព្រម​ទាំង​អំណាច​ព្រះ‌គ្រិស្ត​របស់​ព្រះអង្គ​ក៏​បាន​មក​ដល់​ដែរ ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បងប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បងប្អូន​យើង ទាំង​ថ្ងៃ​ទាំង​យប់ នៅ​មុខ​ព្រះ‌ភ័ក្ត្រ​នៃ​ព្រះ​របស់​យើង។ បងប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ព្រះ‌លោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខីភាព​របស់​ពួក​គេ ហើយ​បងប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។ ហេតុ​នេះ ស្ថាន​បរម‌សុខ* និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! រីឯ​ផែនដី និង​សមុទ្រ​វិញ អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន! ដ្បិត​មារ*​បាន​ចុះ​ទៅ​រក​អ្នក​រាល់​គ្នា ទាំង​មាន​កំរោល​ចូល​យ៉ាង​ខ្លាំង​ផង ព្រោះ​វា​ដឹង​ថា វា​នៅ​សល់​ពេល​តែ​បន្តិច​ប៉ុណ្ណោះ»។ កាល​នាគ​ឃើញ​ថា​ខ្លួន​ត្រូវ​គេ​ទម្លាក់​ចុះ​មក​លើ​ផែនដី​ដូច្នេះ វា​ក៏​ដេញ​តាម​ស្ត្រី​ដែល​បាន​សម្រាល​បុត្រ។ នាង​បាន​ទទួល​ស្លាប​ទាំង​ពីរ​របស់​ឥន្ទ្រី​ដ៏​ធំ​នោះ ដើម្បី​ហោះ​ទៅ​កាន់​វាល​រហោ‌ស្ថាន គឺ​នៅ​កន្លែង​របស់​នាង។ នៅ​ទី​នោះ ព្រះ‌ជា‌ម្ចាស់​នឹង​ទំនុក​បម្រុង​នាង ក្នុង​រយៈ​ពេល​មួយ​វស្សា ពីរ​វស្សា និង​ពាក់​កណ្ដាល​វស្សា​ ឲ្យ​ឆ្ងាយ​ពី​មុខ​ពស់។ ពស់​បាន​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ទឹក​ទន្លេ តាម​ពី​ក្រោយ​នាង ដើម្បី​ឲ្យ​ទឹក​ហូរ​នាំ​យក​នាង​ទៅ ក៏​ប៉ុន្តែ ព្រះ‌ធរណី​បាន​ជួយ​នាង ដោយ​ស្រូប​ទឹក​ទន្លេ​ដែល​នាគ​បាន​ព្រួស​ចេញ​ពី​មាត់​វា​នោះ​អស់។ នាគ​ក្ដៅ​ក្រហាយ​នឹង​ស្ត្រី​នោះ​យ៉ាង​ខ្លាំង វា​ក៏​ចេញ​ទៅ​ធ្វើ​សឹក​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ គឺ​ធ្វើ​សឹក​នឹង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់ និង​អស់​អ្នក​ដែល​បាន​ជឿ​សក្ខីភាព​របស់​ព្រះ‌យេស៊ូ។

ចែក​រំលែក
អាន វិវរណៈ 12

វិវរណៈ 12:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ខ្ញុំ​ឮ​សំឡេង​១​យ៉ាង​ខ្លាំង នៅ​លើ​មេឃ​ថា ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ ព្រះ‌ចេស្តា នឹង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់ បាន​មក​ដល់​ហើយ ដ្បិត​អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា ដែល​ចេះ​តែ​ចោទ​ពី​គេ នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ហើយ គេ​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​នៃ​កូន​ចៀម ហើយ​ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​គេ ក៏​មិន​បាន​ស្តាយ​ជីវិត​ខ្លួន​ដរាប​ដល់​ស្លាប់ ដោយ​ហេតុ​នោះ ឱ​ស្ថាន‌សួគ៌ នឹង​ពួក​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ។ លុះ​នាគ​ឃើញ​ថា វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​ហើយ នោះ​វា​ក៏​ធ្វើ​ទុក្ខ​ដល់​ស្ត្រី​ដែល​សំរាល​កូន​ប្រុស​នោះ តែ​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​ស្ត្រី​នោះ​មាន​ស្លាប​២ ដូច​ជា​ស្លាប​នៃ​សត្វ​ឥន្ទ្រី ដើម្បី​ឲ្យ​នាង​បាន​ហើរ​ទៅ​នៅ​កន្លែង​របស់​នាង នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ទ្រង់​ចិញ្ចឹម​នាង​អស់​១​ខួប ២​ខួប ហើយ​កន្លះ​ខួប​ផង ឲ្យ​ឃ្លាត​ពី​មុខ​សត្វ​ពស់​នោះ​ចេញ រួច​ពស់​វា​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ជា​ទន្លេ ឲ្យ​ហូរ​ទៅ​តាម​ស្ត្រី​នោះ ដើម្បី​នឹង​បន្សាត់​នាង​ឲ្យ​បាត់​តាម​ទន្លេ​នោះ​ទៅ តែ​ផែនដី​បាន​ជួយ​នាង ដោយ​ហា​ឡើង​លេប​ទន្លេ ដែល​នាគ​ព្រួស​ចេញ​ពី​មាត់​វា​ទៅ​បាត់ នាគ​ក៏​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​សំណល់​ពូជ​នាង​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ។

ចែក​រំលែក
អាន វិវរណៈ 12