វិវរណៈ 12:1-6

វិវរណៈ 12:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ទី​សម្គាល់​មួយ​យ៉ាង​ធំ​លេច​មក​នៅ​លើ​មេឃ គឺ​ស្ត្រី​ម្នាក់​ស្លៀក​ពាក់​ព្រះ‌អាទិត្យ មាន​ព្រះ‌ច័ន្ទ​នៅ​ក្រោម​ជើង ហើយ​មាន​មកុដ​ធ្វើ​ពី​ផ្កាយ​ដប់‌ពីរ​នៅ​លើ​ក្បាល​របស់​នាង។ នាង​មាន​គភ៌ ហើយ​កំពុង​ស្រែក​ទាំង​ឈឺ​ចាប់ ដោយ​ហៀប​នឹង​សម្រាល​កូន។ មាន​ទី​សម្គាល់​មួយ​ទៀត​លេច​មក​នៅ​លើ​មេឃ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ​សម្បុរ​ក្រហម មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ។ កន្ទុយ​វា​ទាញ​ផ្កាយ​ពី​លើ​មេឃ​មួយ​ភាគ​បី ហើយ​គ្រវែង​ទម្លាក់​មក​ផែនដី។ បន្ទាប់​មក នាគ​ក៏​ឈរ​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ ចាំ​លេប​កូន​របស់​នាង ពេល​ណា​កូន​នោះ​សម្រាល​ចេញ​មក។ នាង​សម្រាល​បាន​កូន​ប្រុស ដែល​ត្រូវ​គ្រប់​គ្រង​លើ អស់​ទាំង​ជាតិ​សាសន៍ ដោយ​ដំបង​ដែក តែ​ព្រះ​បាន​ឆក់​យក​កូន​របស់​នាង​ទៅ​ដល់​បល្ល័ង្ក​របស់​ព្រះ‌អង្គ រួច​ស្ត្រី​នោះ​ក៏​ភៀស​ខ្លួន​ទៅ​ឯ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ឲ្យ​នាង ដើម្បី​ចិញ្ចឹម​នាង អស់​រយៈ​ពេល​មួយពាន់​ពីរ​រយ​ហុកសិប​ថ្ងៃ។

ចែក​រំលែក
អាន វិវរណៈ 12

វិវរណៈ 12:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ មាន​ទី​សម្គាល់​មួយ​យ៉ាង​ធំ​លេច​ចេញ​មក នៅ​លើ​មេឃ គឺ​មាន​ស្ត្រី​មួយ​រូប​ស្លៀក​ពាក់​ព្រះ‌អាទិត្យ​បិទ‌បាំង​កាយ មាន​ព្រះ‌ច័ន្ទ​នៅ​ក្រោម​ជើង ព្រម​ទាំង​មាន​ពាក់​ផ្កាយ​ដប់‌ពីរ​ជា​មកុដ​នៅ​លើ​ក្បាល​ផង។ ស្ត្រី​នោះ​មាន​ផ្ទៃ​ពោះ ហើយ​កំពុង​ស្រែក​ឈឺ​ចុក​ចាប់ ហៀប​នឹង​សម្រាល​បុត្រ។ មាន​ទី​សម្គាល់​មួយ​ទៀត​លេច​ចេញ​មក​នៅ​លើ​មេឃ​ដែរ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ​ដូច​ភ្លើង។ នាគ​នោះ​មាន​ក្បាល​ប្រាំ‌ពីរ និង​មាន​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ‌ពីរ​របស់​វា​មាន​មកុដ​ប្រាំ‌ពីរ​ដែរ។ កន្ទុយ​វា​កៀរ​ប្រមូល​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​ទម្លាក់​មក​ផែនដី។ នាគ​មក​ពេន​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​បុត្រ ចាំ​ត្របាក់​លេប​បុត្រ នៅ​ពេល​បុត្រ​នោះ​កើត​មក។ នាង​សម្រាល​បាន​បុត្រ​មួយ​ដែល​ត្រូវ​កាន់​ ដំបង​ដែក ដឹក​នាំ​ជាតិ​សាសន៍​ទាំង​អស់ ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ឆក់​យក​បុត្រ​នោះ​ឡើង​ទៅ​ជា​មួយ​ព្រះអង្គ គឺ​នៅ​ជិត​បល្ល័ង្ក​របស់​ព្រះអង្គ។ រីឯ​ស្ត្រី​វិញ នាង​រត់​ភៀស​ខ្លួន​ទៅ​នៅ​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​រៀបចំ​ទុក ដើម្បី​ឲ្យ​គេ​ទំនុក​បម្រុង​នាង​ក្នុង​អំឡុង​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ។

ចែក​រំលែក
អាន វិវរណៈ 12

វិវរណៈ 12:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មាន​ទី​សំគាល់​១​យ៉ាង​ធំ នៅ​លើ​មេឃ គឺ​ជា​ស្ត្រី​ម្នាក់​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌អាទិត្យ មាន​ព្រះ‌ចន្ទ​នៅ​ក្រោម​ជើង ក៏​មាន​មកុដ​ធ្វើ​ពី​ផ្កាយ​១២​នៅ​លើ​ក្បាល​ដែរ នាង​មាន​គភ៌ ក៏​ស្រែក​ដោយ​រៀប​នឹង​សំរាល​ចេញ ទាំង​ឈឺ‌ចាប់​នឹង​បង្កើត​កូន​មក។ ឃើញ​មាន​ទី​សំគាល់​១​ទៀត នៅ​លើ​មេឃ គឺ​នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម ដែល​មាន​ក្បាល​៧ នឹង​ស្នែង​១០ ឯ​នៅ​លើ​ក្បាល​វា​មាន​មកុដ​៧ កន្ទុយ​វា​ក៏​ទាញ​ផ្កាយ​នៅ​លើ​មេឃ​១​ភាគ​ក្នុង​៣ គ្រវាត់​ចោល​ទៅ​ផែនដី នាគ​នោះ​ក៏​ស្ថិត​នៅ​ត្រង់​មុខ​ស្ត្រី ដែល​រៀប​នឹង​សំរាល​កូន​នោះ ដើម្បី​នឹង​លេប​កូន​នាង ក្នុង​កាល​ដែល​សំរាល​ចេញ​មក នាង​សំរាល​បាន​កូន​ប្រុស ដែល​ត្រូវ​ឃ្វាល​គ្រប់​អស់​ទាំង​សាសន៍ ដោយ​ដំបង​ដែក តែ​ព្រះ‌ទ្រង់​លើក​កូន​នាង​ទៅ​ឯ​ទ្រង់ នឹង​ដល់​បល្ល័ង្ក​ទ្រង់​វិញ រួច​ស្ត្រី​នោះ​ក៏​រត់​ទៅ​ឯ​ទី​រហោ‌ស្ថាន នៅ​ទី​នោះ​ព្រះ​បាន​រៀប​កន្លែង​ឲ្យ​នាង ដើម្បី​នឹង​ចិញ្ចឹម​នាង​នៅ​ទី​នោះ អស់​រវាង​១២៦០​ថ្ងៃ។

ចែក​រំលែក
អាន វិវរណៈ 12