វិវរណៈ 11:1-14
វិវរណៈ 11:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក មានគេឲ្យដំបងមួយមកខ្ញុំទុកជាខ្នាត ហើយប្រាប់ថា៖ «ចូរក្រោកឡើង ហើយទៅវាស់ព្រះវិហាររបស់ព្រះ និងអាសនា ព្រមទាំងពួកអ្នកដែលថ្វាយបង្គំនៅទីនោះផង តែកុំវាស់ទីលានខាងក្រៅព្រះវិហារឡើយ ត្រូវទុកឲ្យនៅដោយឡែក ដ្បិតទីនោះព្រះអង្គបានប្រគល់ឲ្យជាតិសាសន៍នានា ហើយគេនឹងជាន់ទីក្រុងបរិសុទ្ធអស់រយៈពេលសែសិបពីរខែ។ យើងនឹងឲ្យអំណាចដល់ស្មរបន្ទាល់របស់យើងពីរនាក់ ដើម្បីថ្លែងទំនាយក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃ»។ អ្នកទាំងពីរនេះ គឺជាដើមអូលីវទាំងពីរ និងជាចង្កៀងទាំងពីរ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី ។ ប្រសិនបើមានអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ នោះនឹងមានភ្លើងចេញពីមាត់គេមក ហើយបញ្ឆេះបំផ្លាញខ្មាំងសត្រូវរបស់គេ។ ដូច្នេះ បើមានអ្នកណាចង់ធ្វើទុក្ខគេ អ្នកនោះត្រូវស្លាប់បែបនេះឯង។ អ្នកទាំងពីរមានអំណាចនឹងបិទមេឃ មិនឲ្យភ្លៀងធ្លាក់ក្នុងគ្រាដែលគេថ្លែងទំនាយ ក៏មានអំណាចនឹងធ្វើឲ្យទឹកទៅជាឈាម និងធ្វើឲ្យផែនដីកើតមានគ្រោះកាចគ្រប់យ៉ាង ពេលណាក៏បាន តាមតែចិត្ត។ កាលណាអ្នកទាំងពីរបានធ្វើបន្ទាល់របស់ខ្លួនចប់ហើយ សត្វសាហាវដែលឡើងពីជង្ហុកធំក៏មកច្បាំងនឹងគេ ទាំងឈ្នះ ហើយសម្លាប់គេផង សាកសពអ្នកទាំងពីរនឹងដេកនៅតាមផ្លូវ ក្នុងទីក្រុងធំដែលមានឈ្មោះជានិមិត្តរូបថា «សុដុម» និង «អេស៊ីព្ទ» ជាក្រុងដែលមនុស្សបានឆ្កាងព្រះអម្ចាស់របស់អ្នកទាំងពីរ។ អស់រយៈពេលបីថ្ងៃកន្លះ មានមនុស្សមកពីជនជាតិ ពីកុលសម្ព័ន្ធ ពីភាសា និងពីជាតិសាសន៍ទាំងឡាយ នឹងឃើញសាកសពអ្នកទាំងពីរ ហើយមិនព្រមឲ្យអ្នកណាយកសាកសពនោះទៅកប់ឡើយ មនុស្សនៅផែនដីនឹងមានអំណរ ហើយអបអរសាទរ ដោយអ្នកទាំងពីរបានស្លាប់ ក៏នឹងជូនជំនូនគ្នាទៅវិញទៅមក ព្រោះហោរាទាំងពីរនោះបានធ្វើឲ្យមនុស្សដែលរស់នៅលើផែនដីវេទនាជាខ្លាំង។ ប៉ុន្តែ ក្រោយបីថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិតដែលមកពីព្រះ បានចូលក្នុងសាកសពអ្នកទាំងពីរ ហើយគេក៏ក្រោកឈរឡើង ឯពួកអ្នកដែលឃើញភ័យខ្លាចជាខ្លាំង។ ពេលនោះ អ្នកទាំងពីរបានឮសំឡេងពីលើមេឃថា៖ «ចូរឡើងមកណេះ!» គេក៏ឡើងទៅលើមេឃ នៅក្នុងពពក ហើយពួកខ្មាំងសត្រូវរបស់គេក៏ឃើញដែរ។ នៅវេលានោះ មានរញ្ជួយផែនដីជាខ្លាំង ហើយមួយភាគដប់នៃទីក្រុងនោះត្រូវរលំ មនុស្សប្រាំពីរពាន់នាក់បានស្លាប់ ក្នុងពេលដែលរញ្ជួយផែនដីនោះ ឯមនុស្សដែលសល់ ក៏មានចិត្តភ័យខ្លាច ហើយលើកតម្កើងដល់ព្រះនៃស្ថានសួគ៌។ សេចក្ដីវេទនាទីពីរបានកន្លងផុតទៅ មើល៍ សេចក្ដីវេទនាទីបីនឹងមកដល់ក្នុងពេលឆាប់ៗ។
វិវរណៈ 11:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ទេវតា*បានប្រគល់ដើមត្រែងមួយមកខ្ញុំ ស្រដៀងនឹងដំបងសម្រាប់វាស់ហើយប្រាប់ថា៖ «ចូរក្រោកឡើង ទៅវាស់ព្រះវិហារ*របស់ព្រះជាម្ចាស់ វាស់អាសនៈ និងរាប់អស់អ្នកដែលថ្វាយបង្គំព្រះអង្គនៅទីនោះផង។ ប៉ុន្តែ ត្រូវទុកទីលានដែលនៅខាងក្រៅព្រះវិហារដោយឡែក កុំវាស់ឲ្យសោះ ដ្បិតព្រះអង្គបានប្រគល់លាននោះឲ្យជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។ យើងនឹងឲ្យបន្ទាល់របស់យើងទាំងពីររូបស្លៀកបាវ ទៅថ្លែងព្រះបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។ អ្នកទាំងពីរនេះគឺ ជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលស្ថិតនៅខាងមុខព្រះអម្ចាស់នៃផែនដី ។ ប្រសិនបើមាននរណាម្នាក់ចង់ធ្វើទុក្ខអ្នកទាំងពីរ នោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញមារសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។ អ្នកទាំងពីរមានអំណាចធ្វើឲ្យមេឃរាំង គ្មានភ្លៀងធ្លាក់ក្នុងអំឡុងពេលដែលគាត់ថ្លែងព្រះបន្ទូល ហើយក៏មានអំណាចធ្វើឲ្យទឹកក្លាយទៅជាឈាម ព្រមទាំងធ្វើឲ្យគ្រោះកាចគ្រប់យ៉ាងអាចកើតមាននៅលើផែនដីពេលណាក៏បាន តាមតែគាត់ចង់។ ពេលអ្នកទាំងពីរបានផ្ដល់សក្ខីភាពរបស់ខ្លួនចប់សព្វគ្រប់ហើយ មានសត្វតិរច្ឆានឡើងពីនរកអវិចីមកច្បាំងនឹងគេ វានឹងឈ្នះ ហើយប្រហារជីវិតគេទៀតផង។ សាកសពរបស់អ្នកទាំងពីរនឹងត្រូវទុកចោលនៅតាមទីផ្សារ ក្នុងក្រុងដ៏ធំនោះ ជាក្រុងដែលមានឈ្មោះជានិមិត្តរូប ថា “សូដុម” ឬ“អេស៊ីប” គឺនៅក្រុងនោះហើយដែលគេឆ្កាងព្រះអម្ចាស់របស់អ្នកទាំងពីរ។ មនុស្សម្នាពីចំណោមប្រជាជននានា ពីចំណោមកុលសម្ព័ន្ធ ពីចំណោមភាសា និងពីចំណោមជាតិសាសន៍ទាំងឡាយ នឹងឃើញសាកសពរបស់អ្នកទាំងពីរ ក្នុងរវាងបីថ្ងៃកន្លះ ហើយពួកគេមិនអនុញ្ញាតឲ្យយកសាកសពអ្នកទាំងពីរទៅបញ្ចុះក្នុងផ្នូរឡើយ។ មនុស្សម្នាដែលរស់នៅផែនដីនឹងមានចិត្តត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រោះព្យាការី*ទាំងពីររូបបានធ្វើឲ្យមនុស្សម្នាដែលរស់នៅលើផែនដីរងទុក្ខលំបាកខ្លាំងណាស់។ បីថ្ងៃកន្លះក្រោយមក មានដង្ហើមជីវិតមួយចេញពីព្រះជាម្ចាស់ មកចូលក្នុងសាកសពអ្នកទាំងពីរ។ អ្នកទាំងពីរក៏ក្រោកឈរឡើង ធ្វើឲ្យអស់អ្នកដែលបានឃើញភ័យខ្លាចជាខ្លាំង។ អ្នកទាំងពីរបានឮសំឡេងមួយពីលើមេឃ បន្លឺយ៉ាងខ្លាំងមកកាន់គេថា “សូមឡើងមកនេះ!”។ អ្នកទាំងពីរក៏ឡើងទៅលើមេឃ ក្នុងពពក* រីឯពួកសត្រូវក៏បានឃើញដែរ។ ខណៈនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង ក្រុងរលំអស់មួយភាគដប់ មនុស្សប្រាំពីរពាន់នាក់បានបាត់បង់ជីវិតនៅពេលរញ្ជួយផែនដី។ អ្នកសល់ពីស្លាប់ភ័យញ័ររន្ធត់ នាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់នៃស្ថានបរមសុខ*»។ ទុក្ខវេទនាទីពីរនេះបានកន្លងផុតទៅ ទុក្ខវេទនាទីបីនឹងមកដល់ក្នុងពេលឆាប់ៗ។
វិវរណៈ 11:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានគេឲ្យដើមបបុសទុកជាខ្នាតមកខ្ញុំ ដោយថា ចូរក្រោកឡើងទៅវាស់ព្រះវិហារនៃព្រះ នឹងអាសនា ហើយនឹងពួកអ្នកដែលថ្វាយបង្គំក្នុងព្រះវិហារផង តែទីលានដែលនៅខាងក្រៅ នោះត្រូវចោលចេញ កុំឲ្យវាស់ឡើយ ដ្បិតបានឲ្យទីនោះដល់សាសន៍ដទៃហើយ គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាង៤២ខែ អញនឹងឲ្យអំណាចដល់ស្មរបន្ទាល់អញទាំង២នាក់ គេនឹងទាយក្នុងរវាង១២៦០ថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃផង អ្នក២នាក់នោះ គេជាដើមអូលីវទាំង២ ហើយជាចង្កៀងទាំង២ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី បើអ្នកណាចង់ធ្វើទុក្ខដល់អ្នក២នាក់នោះ នឹងមានភ្លើងចេញពីមាត់គេ មកបញ្ឆេះបំផ្លាញពួកខ្មាំងសត្រូវវិញ បើសិនជាអ្នកណាចង់ធ្វើទុក្ខគេ នោះត្រូវស្លាប់ទៅយ៉ាងដូច្នោះ អ្នកទាំង២នោះមានអំណាចនឹងធ្វើឲ្យមេឃរាំង មិនឲ្យភ្លៀងធ្លាក់មកក្នុងគ្រាដែលគេទាយ ក៏មានអំណាចនឹងបំផ្លាស់ទឹកឲ្យទៅជាឈាម ហើយនឹងធ្វើឲ្យផែនដីកើតមានសេចក្ដីទេវនាគ្រប់យ៉ាង ក្នុងវេលាណាក៏ដោយ តាមតែចិត្តបាន។ កាលណាអ្នក២នាក់នោះ បានធ្វើបន្ទាល់របស់ខ្លួនស្រេចហើយ នោះសត្វសាហាវដែលឡើងមកពីជង្ហុកធំនឹងច្បាំងនឹងគេ ទាំងឈ្នះ ហើយសំឡាប់គេផង ខ្មោចគេទាំង២នាក់ នឹងដេកនៅផ្លូវទីក្រុងធំ ដែលខាងព្រលឹងវិញ្ញាណហៅថាក្រុងសូដុំម ហើយស្រុកអេស៊ីព្ទ គឺនៅក្រុងនេះឯង ដែលមនុស្សបានឆ្កាងព្រះអម្ចាស់នៃអ្នកទាំង២នោះដែរ នោះនឹងមានមនុស្សពីគ្រប់ទាំងគ្រួសារ ពូជមនុស្ស ភាសា នឹងសាសន៍ទាំងប៉ុន្មាន បានឃើញខ្មោចគេ នៅអស់៣ថ្ងៃកន្លះ មិនព្រមឲ្យអ្នកណាកប់ឡើយ ហើយមនុស្សនៅផែនដីទាំងប៉ុន្មាន គេនឹងមានសេចក្ដីអំណរហើយលេងសប្បាយ ពីដំណើរអ្នកទាំង២បានស្លាប់ហើយ ក៏នឹងជូនជំនូនគ្នាទៅវិញទៅមក ពីព្រោះហោរាទាំង២នោះបានធ្វើទុក្ខដល់មនុស្ស ដែលនៅផែនដីទាំងប៉ុន្មានជាខ្លាំងណាស់។ ក្រោយ៣ថ្ងៃកន្លះនោះមក ព្រះវិញ្ញាណនៃជីវិត ដែលមកពីព្រះក៏ចូលក្នុងខ្មោចទាំង២ រួចគេក្រោកឈរឡើង ហើយពួកអ្នកដែលឃើញក៏មានសេចក្ដីភ័យខ្លាចជាខ្លាំង នោះអ្នកទាំង២បានឮសំឡេងពីលើមេឃថា ចូរឡើងមកឯណេះ គេក៏ឡើងទៅលើមេឃឰដ៏ពពក ពួកខ្មាំងសត្រូវរបស់គេក៏ឃើញដែរ នៅវេលានោះឯង មានកក្រើកដីជាខ្លាំង ទីក្រុងនោះ១ភាគក្នុង១០ក៏រលំអស់ទៅ ហើយមានមនុស្ស៧ពាន់នាក់ស្លាប់ ក្នុងខណដែលកក្រើកដីនោះ ឯពួកមនុស្សដែលសល់ គេមានចិត្តភ័យខ្លាច ក៏សរសើរដំកើង ដល់ព្រះនៃស្ថានសួគ៌ សេចក្ដីវេទនាទី២បានកន្លងទៅហើយ មើល សេចក្ដីវេទនាទី៣ត្រូវមកជាឆាប់។