វិវរណៈ 1:4-6
វិវរណៈ 1:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យ៉ូហាន សូមជម្រាបមកក្រុមជំនុំទាំងប្រាំពីរ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណទាំងប្រាំពីរ ដែលនៅចំពោះបល្ល័ង្ករបស់ព្រះអង្គ និងពីព្រះយេស៊ូវគ្រីស្ទ ជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី។ ព្រះអង្គស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ ព្រមទាំងតាំងយើងជារាជាណាចក្រ ជាពួកសង្ឃបម្រើព្រះ ជាព្រះវរបិតារបស់ព្រះអង្គ សូមថ្វាយសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
វិវរណៈ 1:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ យ៉ូហាន សូមជម្រាបមកក្រុមជំនុំ*ទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមព្រះអង្គដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីអតីតកាល ហើយកំពុងតែយាងមក ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។ សូមព្រះវិញ្ញាណទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងព្រះយេស៊ូគ្រិស្ត ប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្តដល់បងប្អូនដែរ! ព្រះយេស៊ូជាបន្ទាល់ដ៏ស្មោះត្រង់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានធ្វើឲ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ*បម្រើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
វិវរណៈ 1:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រយ៉ូហានខ្ញុំ ផ្ញើមកពួកជំនុំទាំង៧ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត នឹងអំពីព្រះវិញ្ញាណទាំង៧ ដែលនៅចំពោះបល្ល័ង្កទ្រង់ ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប ព្រមទាំងតាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃថ្វាយព្រះដ៏ជាព្រះវរបិតា នោះសូមឲ្យទ្រង់បានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។