វិវរណៈ 1:12-18

វិវរណៈ 1:12-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ខ្ញុំ​ក៏​ងាក​បែរ​ទៅ​មើល​សំឡេង ដែល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​នោះ លុះ​បែរ​ទៅ ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំពីរ នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ ឃើញ​មាន​មួយ​អង្គ ដូច​ជា​កូន​មនុស្ស ព្រះ‌ពស្ត្រ​វែង​ដល់​ព្រះ‌បាទ ហើយ​មាន​ខ្សែ​ក្រវាត់​មាស​ពាក់​នៅ​ព្រះ​ឱរា។ ព្រះ‌សិរសា និង​ព្រះ‌កេសា​ព្រះ‌អង្គ​ស ដូច​រោម​ចៀម​ដែល​ស គឺ​ស​ដូច​ហិមៈ ព្រះ‌នេត្រ​ព្រះ‌អង្គ​ដូច​អណ្ដាត​ភ្លើង ព្រះ‌បាទា​ព្រះ‌អង្គ​រលើប​ដូច​លង្ហិន ដែល​បន្សុទ្ធ​ក្នុង​គុក​ភ្លើង ហើយ​ព្រះ‌សូរ‌សៀង​ព្រះ‌អង្គ​ឮ​សន្ធឹក​ដូច​មហា​សាគរ។ ព្រះ‌អង្គ​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ព្រះ‌ហស្ត​ស្តាំ ហើយ​មាន​ដាវ​មុខ​ពីរ​ដ៏​មុត ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ឯ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ដូច​ជា​ថ្ងៃ​ភ្លឺ​ពេញ​កម្ដៅ។ កាល​ខ្ញុំ​ឃើញ​ព្រះ‌អង្គ ខ្ញុំ​ក៏​ដួល​នៅ​ទៀប​ព្រះ‌បាទា​របស់​ព្រះ‌អង្គ​ដូច​មនុស្ស​ស្លាប់ តែ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​ស្តាំ​លើ​ខ្ញុំ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ យើង​ជា​ដើម ហើយ​ជា​ចុង ជា​ព្រះ​ដែល​រស់​នៅ យើង​បាន​ស្លាប់ តែ​មើល៍ យើង​រស់​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ យើង​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់ ហើយ​ក៏​មាន​កូន​សោ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ។

ចែក​រំលែក
អាន វិវរណៈ 1

វិវរណៈ 1:12-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ក៏​ងាក​ទៅ​រក​សំឡេង​ដែល​ពោល​មក​កាន់​ខ្ញុំ ពេល​នោះ ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំ‌ពីរ។ នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ​មាន​ម្នាក់​រាង​ដូច​បុត្រ​មនុស្ស* ពាក់​អាវ​បំពង់​យ៉ាង​វែង ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។ សក់​លោក​ស‌ក្បុស​ដូច​កប្បាស និង​ដូច​សំឡី​ ភ្នែក​លោក​ភ្លឺ​ដូច​អណ្ដាត​ភ្លើង ជើង​លោក​រលើប​ដូច​លង្ហិន​ដែល​គេ​ដុត​ក្នុង​ភ្លើង ហើយ​សំឡេង​លោក​ឮ​សូរ​សន្ធឹក​ដូច​មហា​សាគរ។ លោក​កាន់​ផ្កាយ​ប្រាំ‌ពីរ​នៅ​ដៃ​ស្ដាំ មាន​ដាវ​ដ៏​ស្រួច​មុខ​ពីរ​ចេញ​ពី​មាត់​របស់​លោក ហើយ​មុខ​លោក​ប្រៀប​បី​ដូច​ជា​ថ្ងៃ​ពេញ​កម្ដៅ។ ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថា: «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ​។

ចែក​រំលែក
អាន វិវរណៈ 1

វិវរណៈ 1:12-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​បែរ​ខ្លួន​ទៅ​មើល​សំឡេង ដែល​មាន​បន្ទូល​មក​ខ្ញុំ​នោះ លុះ​បែរ​ខ្លួន​ទៅ​ហើយ នោះ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​៧ នៅ​ត្រង់​កណ្តាល​ជើង​ចង្កៀង​ទាំង​៧​នោះ ឃើញ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស ទ្រង់​ព្រះ‌ពស្ត្រ​វែង​ដល់​ព្រះ‌បាទ ហើយ​មាន​ខ្សែ​មាស​រឹត​ត្រង់​ព្រះ‌ឧរា ព្រះ‌សិរសា នឹង​ព្រះ‌កេសា​ទ្រង់​ស ដូច​ជា​រោម​ចៀម​ដែល​ស គឺ​ដូច​ហិមៈ ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង ព្រះ‌បាទា​ទ្រង់​ដូច​ជា​លង្ហិន​រលីង ដែល​ភ្លឺ‌ផ្លេកៗ ដូច​ជា​ដុត​ក្នុង​គុក​ភ្លើង ព្រះ‌សូរ‌សៀង​ទ្រង់​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន នៅ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​កាន់​ផ្កាយ​៧ ក៏​មាន​ដាវ​មុខ​២​ដ៏​មុត ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក ហើយ​ព្រះ‌ភក្ត្រ​ទ្រង់ ដូច​ជា​ថ្ងៃ​ភ្លឺ​ពេញ​អំណាច កាល​ខ្ញុំ​ឃើញ​ទ្រង់ នោះ​ខ្ញុំ​ដួល​នៅ​ទៀប​ព្រះ‌បាទា​ទ្រង់​ដូច​ជា​ស្លាប់ តែ​ទ្រង់​ដាក់​ព្រះ‌ហស្ត​ស្តាំ​លើ​ខ្ញុំ ដោយ​បន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ អញ​ជា​ដើម ហើយ​ជា​ចុង ជា​ព្រះ​ដ៏​រស់​នៅ អញ​បាន​ស្លាប់ តែ​មើល អញ​រស់​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ​វិញ អញ​ក៏​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ

ចែក​រំលែក
អាន វិវរណៈ 1