វិវរណៈ 1:1-7

វិវរណៈ 1:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ការ​បើក​សម្តែង​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ​បាន​ប្រទាន​ដល់​ព្រះ‌អង្គ ដើម្បី​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឃើញ​ពី​អស់​ទាំង​ហេតុ‌ការណ៍ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មាន ទ្រង់​ក៏​បាន​សម្តែង​ឲ្យ​ឃើញ ដោយ​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​មក​ជួប​យ៉ូហាន ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ប្រាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ និង​បន្ទាល់​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ គឺ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​បាន​ឃើញ។ មាន​ពរ​ហើយ អ្នក​ណា​ដែល​អាន​មើល និង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ។ យ៉ូហាន សូម​ជម្រាប​មក​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ នៅ​ស្រុក​អាស៊ី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំពីរ ដែល​នៅ​ចំពោះ​បល្ល័ង្ក​របស់​ព្រះ‌អង្គ និង​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី។ ព្រះ‌អង្គ​ស្រឡាញ់​យើង ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ ព្រម​ទាំង​តាំង​យើង​ជា​រាជា‌ណា‌ចក្រ ជា​ពួក​សង្ឃ​បម្រើ​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​ព្រះ‌អង្គ សូម​ថ្វាយ​សិរី‌ល្អ និង​ព្រះ‌ចេស្តា​ដល់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។ មើល៍! ព្រះ‌អង្គ​យាង​មក​តាម​ពពក គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះ‌អង្គ សូម្បី​តែ​អស់​អ្នក​ដែល​ចាក់​ព្រះ‌អង្គ ហើយ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ព្រះ‌អង្គ អើ មែន​ហើយ។ អាម៉ែន។

ចែក​រំលែក
អាន វិវរណៈ 1

វិវរណៈ 1:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​ហេតុ‌ការណ៍​ដែល​ព្រះ‌យេស៊ូ‌គ្រិស្ត​បាន​សម្តែង​ឲ្យ​ឃើញ គឺ​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​ព្រះអង្គ​បង្ហាញ​ព្រឹត្តិ‌ការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ឲ្យ​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ​ដឹង។ ព្រះ‌យេស៊ូ​បាន​ចាត់​ទេវតា*​របស់​ព្រះអង្គ​ឲ្យ​មក​ប្រាប់​លោក​យ៉ូហាន ជា​អ្នក​បម្រើ​របស់​ព្រះអង្គ លោក​យ៉ូហាន​បាន​ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ឃើញ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់ និង​ជា​សក្ខីភាព​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត។ អ្នក​ណា​អាន​សៀវភៅ​នេះ អ្នក​នោះ​មាន​សុភមង្គល*​ហើយ! អស់​អ្នក​ដែល​ស្ដាប់​ពាក្យ​លោក​ថ្លែង​ក្នុង​នាម​ព្រះ‌ជា‌ម្ចាស់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​មក​នេះ​ក៏​មាន​សុភមង្គល​ដែរ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។ ខ្ញុំ យ៉ូហាន សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​ទាំង​ប្រាំ‌ពីរ នៅ​ស្រុក​អាស៊ី។ សូម​ព្រះអង្គ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​អតីតកាល ហើយ​កំពុង​តែ​យាង​មក ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។ សូម​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ‌ពីរ ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ‌ជា‌ម្ចាស់ និង​ព្រះ‌យេស៊ូ​គ្រិស្ត ប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន​ដែរ! ព្រះ‌យេស៊ូ​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​ព្រះអង្គ​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែនដី។ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ​ផ្ទាល់។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​បូជា‌ចារ្យ*​បម្រើ​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះអង្គ។ សូម​លើក​តម្កើង​សិរី‌រុងរឿង និង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។ មើល៍! ព្រះអង្គ​យាង​មក​នៅ​កណ្ដាល​ពពក*។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ព្រះអង្គ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​ព្រះអង្គ ក៏​នឹង​ឃើញ​ព្រះអង្គ​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ ព្រោះ​តែ​ព្រះអង្គ ។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ែន!។

ចែក​រំលែក
អាន វិវរណៈ 1

វិវរណៈ 1:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​សេចក្ដី ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ បាន​បើក​ឲ្យ​ឃើញ ជា​សេចក្ដី​ដែល​ព្រះ​បាន​ប្រទាន​មក​ទ្រង់ ដើម្បី​នឹង​បង្ហាញ​ដល់​ពួក​បាវ​បំរើ​ទ្រង់ ឲ្យ​ដឹង​ពី​អស់​ទាំង​ការ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មាន​មក ទ្រង់​ក៏​បាន​សំដែង​ឲ្យ​ឃើញ ដោយ​ចាត់​ទេវតា​ទ្រង់​មក​ឯ​យ៉ូហាន ជា​បាវ​បំរើ​ទ្រង់ គាត់​បាន​ធ្វើ​បន្ទាល់​ប្រាប់​តាម​ព្រះ‌បន្ទូល នឹង​សេចក្ដី​បន្ទាល់​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ គឺ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​គាត់​បាន​ឃើញ មាន​ពរ​ហើយ អ្នក​ណា​ដែល​មើល នឹង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ។ សំបុត្រ​យ៉ូហាន​ខ្ញុំ ផ្ញើ​មក​ពួក​ជំនុំ​ទាំង​៧ នៅ​ស្រុក​អាស៊ី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត នឹង​អំពី​ព្រះ‌វិញ្ញាណ​ទាំង​៧ ដែល​នៅ​ចំពោះ​បល្ល័ង្ក​ទ្រង់ ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី រីឯ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះ‌លោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប ព្រម​ទាំង​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ​ថ្វាយ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នឹង​ព្រះ‌ចេស្តា​នៅ​អស់​‌កល្ប​ជានិច្ច​រៀង‌រាប​ត​ទៅ អាម៉ែន។ មើល ទ្រង់​យាង​មក​តាម​ពពក នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ចាក់​ទ្រង់​ផង រួច​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ទ្រង់ អើ មែន​ហើយ អាម៉ែន។

ចែក​រំលែក
អាន វិវរណៈ 1