វិវរណៈ 1:1-4
វិវរណៈ 1:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គបានឃើញពីអស់ទាំងហេតុការណ៍ ដែលបន្តិចទៀតត្រូវកើតមាន ទ្រង់ក៏បានសម្តែងឲ្យឃើញ ដោយចាត់ទេវតារបស់ព្រះអង្គមកជួបយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ។ យ៉ូហានបានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូលរបស់ព្រះ និងបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ គឺពីគ្រប់ទាំងសេចក្ដីដែលលោកបានឃើញ។ មានពរហើយ អ្នកណាដែលអានមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។ យ៉ូហាន សូមជម្រាបមកក្រុមជំនុំទាំងប្រាំពីរ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណទាំងប្រាំពីរ ដែលនៅចំពោះបល្ល័ង្ករបស់ព្រះអង្គ
វិវរណៈ 1:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាហេតុការណ៍ដែលព្រះយេស៊ូគ្រិស្តបានសម្តែងឲ្យឃើញ គឺព្រះជាម្ចាស់ប្រទានឲ្យព្រះអង្គបង្ហាញព្រឹត្តិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គដឹង។ ព្រះយេស៊ូបានចាត់ទេវតា*របស់ព្រះអង្គឲ្យមកប្រាប់លោកយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ លោកយ៉ូហានបានធ្វើជាបន្ទាល់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលលោកបានឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាសក្ខីភាពរបស់ព្រះយេស៊ូគ្រិស្ត។ អ្នកណាអានសៀវភៅនេះ អ្នកនោះមានសុភមង្គល*ហើយ! អស់អ្នកដែលស្ដាប់ពាក្យលោកថ្លែងក្នុងនាមព្រះជាម្ចាស់ ហើយប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកមកនេះក៏មានសុភមង្គលដែរ! ដ្បិតពេលកំណត់ជិតមកដល់ហើយ។ ខ្ញុំ យ៉ូហាន សូមជម្រាបមកក្រុមជំនុំ*ទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមព្រះអង្គដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីអតីតកាល ហើយកំពុងតែយាងមក ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។ សូមព្រះវិញ្ញាណទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់
វិវរណៈ 1:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាសេចក្ដី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ ជាសេចក្ដីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹងបង្ហាញដល់ពួកបាវបំរើទ្រង់ ឲ្យដឹងពីអស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក ទ្រង់ក៏បានសំដែងឲ្យឃើញ ដោយចាត់ទេវតាទ្រង់មកឯយ៉ូហាន ជាបាវបំរើទ្រង់ គាត់បានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូល នឹងសេចក្ដីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទ គឺពីគ្រប់ទាំងសេចក្ដីដែលគាត់បានឃើញ មានពរហើយ អ្នកណាដែលមើល នឹងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។ សំបុត្រយ៉ូហានខ្ញុំ ផ្ញើមកពួកជំនុំទាំង៧ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត នឹងអំពីព្រះវិញ្ញាណទាំង៧ ដែលនៅចំពោះបល្ល័ង្កទ្រង់