ទំនុកតម្កើង 99:1-9

ទំនុកតម្កើង 99:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​សោយ​រាជ្យ ចូរ​ឲ្យ​ប្រជាជន​ទាំង​ឡាយ​ញាប់​ញ័រ! ព្រះ‌អង្គ​គង់​ពី​លើ​ចេរូ‌ប៊ីម ចូរ​ឲ្យ​ផែនដី​កក្រើក​រំពើក​ចុះ! ព្រះ‌យេហូវ៉ា​ធំ​អស្ចារ្យ​នៅ​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​ថ្កើង​ឡើង​លើស​ជាតិ​សាសន៍​ទាំង​អស់។ ចូរ​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះ‌នាម​ដ៏​ធំ ហើយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បរិសុទ្ធ។ ព្រះ​មហា‌ក្សត្រ​ដែល​ប្រកប​ដោយ​ឫទ្ធានុ‌ភាព ព្រះ‌អង្គ​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មានសេចក្ដី​ទៀត​ត្រង់ ព្រះ‌អង្គ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប។ ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ហើយ​ថ្វាយ‌បង្គំ​នៅ​ទៀប​ព្រះ‌បាទ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បរិសុទ្ធ! ៙ លោក​ម៉ូសេ និងលោក​អើរ៉ុន ក្នុង​ចំណោម​ពួក​សង្ឃ​របស់​ព្រះ‌អង្គ ហើយ​លោក​សាំយូ‌អែល ក៏​នៅ​ក្នុង​ចំណោម​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ។ គេ​បាន​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​ពួក​លោក។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ពួក​លោក ពី​ក្នុង​បង្គោល​ពពក ពួក​លោក​បាន​កាន់​តាម​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ ព្រម​ទាំង​ក្រឹត្យ‌ក្រម​ដែល​ព្រះ‌អង្គ បាន​ប្រទាន​ដល់​ពួក​លោក។ ៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​បាន​ឆ្លើយ​តប​ដល់​ពួក​លោក ព្រះ‌អង្គ​ជា​ព្រះ​ដែល​អត់​ទោស​ដល់ពួក​លោក តែ​ព្រះ‌អង្គ​ធ្វើ​ទោស​ចំពោះ​កំហុស ដែល​ពួក​លោក​បាន​ប្រព្រឹត្ត។ ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ហើយ​ថ្វាយ‌បង្គំ​នៅ​ឯ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​បរិសុទ្ធ។

ទំនុកតម្កើង 99:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​គ្រង​រាជ្យ ប្រជា‌ជន​ទាំង‌ឡាយ​ត្រូវ​ញ័រ‌រន្ធត់។ ព្រះអង្គ​គង់​នៅ​ពី​លើ​ពួក​ចេរូប៊ីន* ហើយ​ផែនដី​កក្រើក​ញាប់‌ញ័រ។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម​នៅ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​លើស​ប្រជា‌ជាតិ​ទាំង​អស់។ មនុស្ស​គ្រប់ៗ​រូប​ត្រូវ​តែ​លើក​តម្កើង​ព្រះ‌នាម ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ជា​ទី​ស្ញែង​ខ្លាច​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ!។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ ដែល​ស្រឡាញ់​យុត្តិធម៌! ព្រះអង្គ​បាន​តែង​ច្បាប់ ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល! ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ចូរ​នាំ​គ្នា​ក្រាប​ទៀប​ព្រះ‌បាទា​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ! លោក​ម៉ូសេ និង​លោក​អើរ៉ុន ជា​បូជា‌ចារ្យ​របស់​ព្រះអង្គ លោក​សាំយូ‌អែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម អ្នក​ដែល​អង្វរ​រក​ព្រះអង្គ ពេល​លោក​ទាំង​នោះ​អង្វរ​រក​ព្រះ‌អម្ចាស់ ព្រះអង្គ​ឆ្លើយ​តប​មក​លោក​វិញ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ផ្ទាំង​ពពក* មក​ពួក​លោក ពួក​លោក​បាន​កាន់​តាម​ដំបូន្មាន និង​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បង្គាប់​ឲ្យ​ពួក​លោក​ធ្វើ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ពួក​លោក ទោះ​បី​ព្រះអង្គ​ដាក់​ទោស​លោក​ទាំង​នោះ ព្រោះ​តែ​កំហុស​ដែល​លោក​បាន​ប្រព្រឹត្ត​ក្ដី ក៏​ព្រះអង្គ​តែងតែ​អត់‌ទោស​ឲ្យ​ពួក​លោក​ជានិច្ច។ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ តម្រង់​ទៅ​រក​ភ្នំ​ដ៏វិសុទ្ធ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ទ្រង់​ជា​ព្រះ​ដ៏វិសុទ្ធ!

ទំនុកតម្កើង 99:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​គ្រប់‌គ្រង ត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ញាប់​ញ័រ ទ្រង់​គង់​ពី​លើ​ចេរូប៊ីន ត្រូវ​ឲ្យ​ផែនដី​កក្រើក​រំពើក​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ​ក្នុង​ក្រុង​ស៊ីយ៉ូន ទ្រង់​ខ្ពស់​លើស​អស់​ទាំង​បណ្តាជន ចូរ​ឲ្យ​គេ​សរសើរ​ដល់​ព្រះ‌នាម​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ទ្រង់​ចុះ ដ្បិត​ទ្រង់​បរិសុទ្ធ។ ៙ ឯ​កំឡាំង​នៃ​មហា‌ក្សត្រ នោះ​គឺ​ដោយ​ស្រឡាញ់ សេចក្ដី​យុត្តិ‌ធម៌ គឺ​ទ្រង់​ដែល​តាំង​ឲ្យ​មាន​សេចក្ដី​ទៀង​ត្រង់ ទ្រង់​ក៏​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ថ្វាយ‌បង្គំ​នៅ​ទៀប​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ ដ្បិត​ទ្រង់​បរិសុទ្ធ។ ៙ ឯ​ម៉ូសេ នឹង​អើរ៉ុន ក្នុង​ពួក​សង្ឃ ហើយ​សាំយូ‌អែល ក្នុង​ពួក​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ទទួល​ព្រម ទ្រង់​មាន​បន្ទូល​នឹង​អ្នក​ទាំង​នោះ នៅ​ក្នុង​បង្គោល​ពពក គេ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ព្រម​ទាំង​ក្រិត្យ‌ក្រម​ដែល​ទ្រង់​ប្រទាន​ឲ្យ​ផង ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​បាន​មាន​បន្ទូល​តប​នឹង​អ្នក​ទាំង​នោះ ទ្រង់​ជា​ព្រះ​ដែល​អត់​ទោស​ឲ្យ​គេ ទោះ​បើ​ទ្រង់​បាន​ធ្វើ​ទោស​ចំពោះ​អំពើ​របស់​គេ​ក៏​ដោយ ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ថ្វាយ‌បង្គំ​នៅ​ត្រង់​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បរិសុទ្ធ។