ទំនុកតម្កើង 99:1-5
ទំនុកតម្កើង 99:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យប្រជាជនទាំងឡាយញាប់ញ័រ! ព្រះអង្គគង់ពីលើចេរូប៊ីម ចូរឲ្យផែនដីកក្រើករំពើកចុះ! ព្រះយេហូវ៉ាធំអស្ចារ្យនៅក្រុងស៊ីយ៉ូន ព្រះអង្គថ្កើងឡើងលើសជាតិសាសន៍ទាំងអស់។ ចូរឲ្យគេសរសើរតម្កើងព្រះនាមដ៏ធំ ហើយគួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គបរិសុទ្ធ។ ព្រះមហាក្សត្រដែលប្រកបដោយឫទ្ធានុភាព ព្រះអង្គស្រឡាញ់យុត្តិធម៌ ព្រះអង្គបានតាំងឲ្យមានសេចក្ដីទៀតត្រង់ ព្រះអង្គសម្រេចតាមសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប។ ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើង ហើយថ្វាយបង្គំនៅទៀបព្រះបាទរបស់ព្រះអង្គ ដ្បិតព្រះអង្គបរិសុទ្ធ!
ទំនុកតម្កើង 99:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់គ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។ ព្រះអង្គគង់នៅពីលើពួកចេរូប៊ីន* ហើយផែនដីកក្រើកញាប់ញ័រ។ ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមនៅក្រុងស៊ីយ៉ូន ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។ មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះនាម ដ៏ឧត្ដុង្គឧត្ដម គួរជាទីស្ញែងខ្លាចរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ!។ ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយឫទ្ធានុភាព ព្រះអង្គជាព្រះមហាក្សត្រ ដែលស្រឡាញ់យុត្តិធម៌! ព្រះអង្គបានតែងច្បាប់ ហើយព្រះអង្គធ្វើឲ្យមានសេចក្ដីសុចរិត និងយុត្តិធម៌នៅក្នុងស្រុកអ៊ីស្រាអែល! ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបទៀបព្រះបាទារបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ!
ទំនុកតម្កើង 99:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង ត្រូវឲ្យអស់ទាំងសាសន៍ញាប់ញ័រ ទ្រង់គង់ពីលើចេរូប៊ីន ត្រូវឲ្យផែនដីកក្រើករំពើកចុះ ព្រះយេហូវ៉ាទ្រង់ធំប្រសើរក្នុងក្រុងស៊ីយ៉ូន ទ្រង់ខ្ពស់លើសអស់ទាំងបណ្តាជន ចូរឲ្យគេសរសើរដល់ព្រះនាមដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ទ្រង់ចុះ ដ្បិតទ្រង់បរិសុទ្ធ។ ៙ ឯកំឡាំងនៃមហាក្សត្រ នោះគឺដោយស្រឡាញ់ សេចក្ដីយុត្តិធម៌ គឺទ្រង់ដែលតាំងឲ្យមានសេចក្ដីទៀងត្រង់ ទ្រង់ក៏សំរេចតាមសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប ចូរលើកដំកើងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ហើយថ្វាយបង្គំនៅទៀបកំណល់កល់ព្រះបាទទ្រង់ ដ្បិតទ្រង់បរិសុទ្ធ។