ទំនុកតម្កើង 96:1-6

ទំនុកតម្កើង 96:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ឱ​ផែន​ដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា! ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​តម្កើង​ព្រះ‌នាមព្រះ‌អង្គ ចូរ​ប្រកាស​ពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​រាល់​ថ្ងៃ។ ចូរ​ប្រកាស​ពី​សិរី‌ល្អ​របស់​ព្រះ‌អង្គ ក្នុង​ចំណោម​ជាតិ​សាសន៍​នានា និង​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ! ដ្បិត​ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម ហើយ​គួរ​សរសើរ​ក្រៃ​លែង ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច លើស​ជាង​អស់​ទាំង​ព្រះ។ ដ្បិត​អស់​ទាំង​ព្រះ​របស់​ប្រជាជន​នានា សុទ្ធ​តែ​ជា​របស់​ឥត​ប្រយោជន៍ តែ​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ។ កិត្តិយស និង​តេជា‌នុភាព​ស្ថិត​នៅ​ចំពោះ​ព្រះ‌អង្គ ឥទ្ធិ‌ឫទ្ធិ និង​សោភ័ណភាព នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 96:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់! មនុស្ស​នៅ​ផែនដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់! ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ និង​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ។ ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា អំពី​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​ប្រកាស​នៅ​ក្នុង​ចំណោម ប្រជា‌ជន​ទាំង‌ឡាយ អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ! ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។ ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់ រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។ មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាច ចាំង​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ពោរ‌ពេញ ទៅ​ដោយ​ឫទ្ធិ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុងរឿង។

ទំនុកតម្កើង 96:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​ជន​ទាំង‌ឡាយ នៅ​ផែនដី​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ចុះ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​សំដែង​ចេញ​នូវ​សេចក្ដី​សង្គ្រោះ របស់​ទ្រង់​រាល់​តែ​ថ្ងៃ​ត​ទៅ ចូរ​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ នៅ​កណ្តាល​បណ្តាជន​ទាំង‌ឡាយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរហើយ​ក៏​គួរ​សរសើរ​ណាស់ ទ្រង់​ជា​ទី​គួរ​កោត‌ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ ពី​ព្រោះ​អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ សុទ្ធ​តែ​ជា​របស់​ឥត​ប្រយោជន៍ តែ​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ កិត្តិយស នឹង​តេជា‌នុភាព​នៅ​ចំពោះ​ទ្រង់ ឥទ្ធិ‌ឫទ្ធិ នឹង​ភាព​លំអ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់