ទំនុកតម្កើង 95:1-6

ទំនុកតម្កើង 95:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូល​មក យើង​នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​យើង​បន្លឺ​សំឡេង​ដោយ​អំណរ​ដល់​ព្រះ ដែល​ថ្ម​ដា​នៃ​ការ​សង្គ្រោះ​របស់​យើង! ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌វត្ត‌មាន​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ ចូរ​យើង​បន្លឺ​សំឡេង​ថ្វាយ​ព្រះ‌អង្គ ដោយ​បទ​សរសើរ! ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ​អស្ចារ្យ ហើយ​ជា​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ។ អស់​ទាំង​ទី​ជម្រៅ​នៃ​ផែនដី នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ហើយ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ។ សមុទ្រ​ជា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​បាន​សូន​ធ្វើ​ដី​គោក​ដែរ។ ៙ ចូល​មក ចូរ​យើង​ឱន​កាយ ថ្វាយ‌បង្គំ​ទាំង​អស់​គ្នា ចូរ​យើង​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​យើងមក!

ទំនុកតម្កើង 95:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់! ចូរ​ស្រែក​ច្រៀង​ដោយ​អំណរ ថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។ ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ទាំង​អរ​ព្រះ‌គុណ និង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ ដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។ ព្រះអង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។ សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែនដី​ក៏​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។ ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះអង្គ ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើត​យើង​មក

ទំនុកតម្កើង 95:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មក​ចុះ យើង​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​យើង​ឡើង​សំឡេង​ដោយ​អំណរ ដល់​ថ្មដា​នៃ​សេចក្ដី​សង្គ្រោះ​របស់​យើង ចូរ​យើង​ចូល​ទៅ​ចំពោះ​ទ្រង់ ដោយ​អរ​ព្រះ‌គុណ ចូរ​យើង​ឡើង​សំឡេង​ថ្វាយ​ទ្រង់ ដោយ​ទំនុក​ដំកើង​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​យ៉ាង​ធំ ហើយ​ជា​មហា‌ក្សត្រ​យ៉ាង​ខ្ពស់​លើ​អស់​ទាំង​ព្រះ អស់​ទាំង​ទី​ជំរៅ​នៃ​ផែនដី​នៅ​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ហើយ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់​ដែរ សមុទ្រ​ជា​របស់​ផង​ទ្រង់ គឺ​ទ្រង់​ដែល​បាន​បង្កើត​មក ហើយ​គឺ​ព្រះ‌ហស្ត​ទ្រង់​ដែល​បាន​សូន​ធ្វើ​ដី​គោក មក​ចុះ ចូរ​យើង​ឱន​កាយ​ថ្វាយ‌បង្គំ​ទាំង​អស់​គ្នា ចូរ​យើង​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បង្កើត​យើង​ខ្ញុំ