ទំនុកតម្កើង 93:1-5
ទំនុកតម្កើង 93:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាសោយរាជ្យ ព្រះអង្គគ្រងព្រះពស្ដ្រ ប្រកបដោយភាពថ្កុំថ្កើង ព្រះយេហូវ៉ាគ្រងព្រះពស្ដ្រ ព្រះអង្គក្រវាត់អង្គដោយឫទ្ធានុភាព អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ។ បល្ល័ង្ករបស់ព្រះអង្គបានតាំងនៅ តាំងពីបុរាណរៀងមក ព្រះអង្គគង់នៅតាំងពីអស់កល្ប។ ៙ ឱព្រះយេហូវ៉ាអើយ ជំនន់បានជន់ឡើង ជំនន់បានបន្លឺសំឡេងឡើង គឺជំនន់បានបន្លឺសំឡេងឡើង យ៉ាងគគ្រឹកគគ្រេង។ ព្រះយេហូវ៉ាដែលគង់នៅស្ថានដ៏ខ្ពស់ ព្រះអង្គមានមហិទ្ធិឫទ្ធិ ជាងសូរគ្រាំគ្រេងនៃមហាសាគរ គឺជាងរលកគំហុកនៃសមុទ្រ! ៙ ឱព្រះយេហូវ៉ាអើយ បន្ទាល់របស់ព្រះអង្គសុទ្ធតែពិតប្រាកដ ភាពបរិសុទ្ធស័ក្ដិសមនឹងដំណាក់ព្រះអង្គ នៅអស់កល្បតរៀងទៅ។
ទំនុកតម្កើង 93:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ជាព្រះមហាក្សត្រ ប្រកបដោយភាពថ្កុំថ្កើងរុងរឿង ព្រះអម្ចាស់ប្រកបទៅដោយព្រះចេស្ដា ដូច្នេះ ផែនដីនឹងបានរឹងមាំឥតរង្គើសោះឡើយ។ បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរយ៉ាងមាំ តាំងពីដើមរៀងមក ព្រះអង្គមានព្រះជន្មគង់នៅ តាំងពីអស់កល្បជានិច្ច។ ឱព្រះអម្ចាស់អើយ មហាសាគរទាំងឡាយបន្លឺសំឡេងឡើង មហាសាគរទាំងឡាយបន្លឺសំឡេងឡើង យ៉ាងគគ្រឹកគគ្រេង។ ក៏ប៉ុន្តែ នៅស្ថានបរមសុខ ព្រះអម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្ដុង្គឧត្ដម ព្រះអង្គមានមហិទ្ធិឫទ្ធិខ្លាំង ជាងសំឡេងមហាសាគរ ព្រះអង្គមានបារមីខ្លាំងជាង រលកសមុទ្រទៅទៀត។ ឱព្រះអម្ចាស់អើយ ក្រឹត្យវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង ហើយព្រះដំណាក់របស់ព្រះអង្គជាកន្លែងដ៏វិសុទ្ធ អស់កល្បតរៀងទៅ។
ទំនុកតម្កើង 93:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ជាអ្នកគ្រប់គ្រង ទ្រង់ប្រដាប់អង្គដោយភាពដ៏រុងរឿងឧត្តម ព្រះយេហូវ៉ាទ្រង់ប្រដាប់អង្គ ដោយតេជានុភាព ព្រមទាំងក្រវាត់អង្គ ដោយសេចក្ដីនោះដែរ ឯលោកីយនោះបានតាំងមាំមួន នឹងរង្គើមិនបានឡើយ បល្ល័ង្កទ្រង់បានតាំងនៅ ចាប់តាំងពីចាស់បូរាណ គឺមានទ្រង់តាំងតែពីអស់កល្បរៀងមក ឱព្រះយេហូវ៉ាអើយ អស់ទាំងជំនន់បានជន់ឡើងជាធំ ជំនន់ទាំងប៉ុន្មានបានបន្លឺសំឡេងឡើង ជំនន់ទាំងនោះបានកំរើកឡើងជារលកផ្ទប់ច្រាំង ព្រះយេហូវ៉ាដ៏គង់នៅស្ថានខ្ពស់ ទ្រង់មានឫទ្ធិ ជាជាងសូរគ្រាំគ្រេងនៃទឹកធំ គឺជាងរលកគំហុកនៃសមុទ្រផង ឱព្រះយេហូវ៉ាអើយ អស់ទាំងសេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែពិតប្រាកដ សេចក្ដីបរិសុទ្ធសំណំនៅដំណាក់ទ្រង់ នៅអស់កល្បតទៅផង។