ទំនុកតម្កើង 92:5-11

ទំនុកតម្កើង 92:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ធំ​អស្ចារ្យ​ណាស់ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ​ក៏​ជ្រៅ​ពន់​ពេក! មនុស្ស​កំរោល​មិន​ដឹង​អ្វី​ទេ ហើយ​មនុស្ស​ឆោត​ល្ងង់ ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ ទោះ​ជា​មនុស្ស​អាក្រក់​ដុះ​ឡើង​ដូច​ជា​ស្មៅ ហើយមនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត លូត​លាស់​ឡើង​ក៏​ដោយ ក៏​គង់តែ​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​ជា​រៀង​រហូត រីឯ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពស់​អស់‌កល្ប​ជានិច្ច។ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ មើល៍ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នឹង​ត្រូវ​វិនាស​ទៅ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់។ ៙ ប៉ុន្ដែ ព្រះ‌អង្គ​បាន​តម្កើង​ស្នែង របស់​ទូល‌បង្គំ​ឡើង ដូច​ស្នែង​គោ​ព្រៃ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​ថ្មីមក​លើ​ទូល‌បង្គំ។ ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ​ធ្លាក់​ចុះ ហើយ​ត្រចៀក​ទូល‌បង្គំ​ក៏​បាន​ឮ​ពី​មហន្តរាយ របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ មក​លើ​ទូល‌បង្គំ​ដែរ។

ទំនុកតម្កើង 92:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​ណាស់ ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ពន់​ប្រមាណ! មនុស្ស​ល្ងី‌ល្ងើ​មិន​យល់​អ្វី​ទាំង​អស់ ហើយ​មនុស្ស​ឆោត​ល្ងង់​ក៏​មិន​ដឹង​អ្វី​ដែរ។ មនុស្ស​អាក្រក់​លូត​លាស់​ឡើង​ដូច​ស្មៅ ហើយ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ក៏​រីក​ដុះ‌ដាល​ឡើង​ដែរ ប៉ុន្តែ គេ​នឹង​ត្រូវ​វិនាស​អន្តរាយ​រហូត​ត​ទៅ។ រីឯ​ព្រះអង្គ​វិញ នៅ​ស្ថាន​លើ ព្រះអង្គ​នៅ​តែ​ជា​ព្រះ‌អម្ចាស់​ជានិច្ច! ឱ​ព្រះ‌អម្ចាស់​អើយ ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​កំពុង​តែ​វិនាស អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ទៅ។ ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​កម្លាំង​ដូច​ដំរី ព្រះអង្គ​បាន​ចាក់​ប្រេង​ថ្មី​មក​លើ​ទូលបង្គំ។ ទូលបង្គំ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ ព្រម​ទាំង​ឮ​សម្រែក​របស់​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ។

ទំនុកតម្កើង 92:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ធំ​ណាស់​ហ្ន៎ ឯ​អស់​ទាំង​ព្រះ‌ដំរិះ​ទ្រង់​ក៏​ជ្រៅ​ណាស់​ផង មនុស្ស​កំរោល​មិន​ដឹង​ទេ ហើយ​មនុស្ស​ឥត​បើ​គិត​ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ វេលា​ណា​ដែល​មនុស្ស​អាក្រក់​ដុះ‌ដាល​ឡើង​ដូច​ជា​ស្មៅ ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​លូត‌លាស់​ឡើង នោះ​គឺ​សំរាប់​តែ​ឲ្យ​គេ​ត្រូវ​វិនាស​ទៅ អស់‌កល្ប‌ជានិច្ច​ប៉ុណ្ណោះ ប៉ុន្តែឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​ដរាប​ដល់​អស់‌កល្ប​រៀង​ទៅ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល​ពួក​ខ្មាំង​សត្រូវ​ទ្រង់ មើល ពួក​ខ្មាំង​សត្រូវ​ទ្រង់ គេ​ត្រូវ​វិនាស​ហើយ អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គេ​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ តែ​ទ្រង់​បាន​ដំកើង​ស្នែង​របស់​ទូលបង្គំ​ឡើង ដូច​ជា​ស្នែង​នៃ​គោ​ព្រៃ ទូលបង្គំ​មាន​ប្រេង​ថ្មី​ចាក់​លាប​លើ​ខ្លួន​ហើយ ភ្នែក​ទូលបង្គំ​នឹង​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​ខ្មាំង ហើយ​ត្រចៀក​ទូលបង្គំ​នឹង​ឮ​និយាយ​ពី​ការ ដែល​កើត​ដល់​ពួក​មនុស្ស​អាក្រក់ ជា​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូលបង្គំ