ទំនុកតម្កើង 90:12-17
ទំនុកតម្កើង 90:12-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះរាប់ថ្ងៃអាយុ របស់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តប្រកបដោយប្រាជ្ញា។ ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ? សូមអាណិតមេត្តាពួកអ្នកបម្រើរបស់ព្រះអង្គផង! ពេលព្រឹក សូមចម្អែតយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យយើងខ្ញុំបានត្រេកអរ ហើយសប្បាយរីករាយអស់មួយជីវិត។ សូមប្រទានឲ្យយើងខ្ញុំបានសប្បាយរីករាយ ឲ្យស្មើនឹងថ្ងៃជាច្រើនដែលព្រះអង្គ បានធ្វើទុក្ខយើងខ្ញុំ គឺឲ្យស្មើនឹងឆ្នាំជាច្រើន ដែលយើងខ្ញុំបានឃើញ សេចក្ដីអាក្រក់នោះដែរ។ សូមសម្ដែងកិច្ចការរបស់ព្រះអង្គ ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គបានឃើញ ហើយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ឲ្យកូនចៅរបស់គេឃើញផង។ សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួន អើ សូមតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួនតទៅ។
ទំនុកតម្កើង 90:12-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមណែនាំយើងខ្ញុំឲ្យដឹងច្បាស់ថា អាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា ដើម្បីឲ្យចិត្តយើងខ្ញុំចេះរិះគិត ប្រកបដោយប្រាជ្ញា។ ព្រះអម្ចាស់អើយ សូមយាងមកវិញ តើព្រះអង្គនៅបង្អង់ដល់កាលណាទៀត សូមអាណិតមេត្តាយើងខ្ញុំ ដែលជាអ្នកបម្រើរបស់ព្រះអង្គផង! សូមសម្តែងព្រះហឫទ័យមេត្តាករុណា ដ៏លើសលុបចំពោះយើងខ្ញុំតាំងពីព្រលឹម នោះយើងខ្ញុំនឹងមានអំណរសប្បាយរីករាយ អស់មួយជីវិត។ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំកើតទុក្ខ អស់រយៈពេលយ៉ាងយូរ ហើយយើងខ្ញុំវេទនាជាច្រើនឆ្នាំយ៉ាងណា សូមប្រោសប្រទានឲ្យយើងខ្ញុំ មានអំណរសប្បាយយ៉ាងនោះដែរ។ សូមសម្តែងឲ្យយើងខ្ញុំបានឃើញ ស្នាព្រះហស្ដរបស់ព្រះអង្គ ហើយសម្តែងឲ្យកូនចៅយើងខ្ញុំ បានឃើញភាពថ្កុំថ្កើងរបស់ព្រះអង្គផង។ ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ សូមសម្តែងសេចក្ដីស្រឡាញ់ចំពោះយើងខ្ញុំផង សូមជួយឲ្យកិច្ចការដែលយើងខ្ញុំធ្វើបានខ្ជាប់ខ្ជួន ពិតមែនហើយ សូមជួយឲ្យកិច្ចការរបស់យើងខ្ញុំ បានខ្ជាប់ខ្ជួនរហូតតទៅ។
ទំនុកតម្កើង 90:12-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ សូមសំរាលព្រះហឫទ័យ ចំពោះពួកអ្នកបំរើទ្រង់ផង ឱសូមចំអែតយើងខ្ញុំ ដោយសេចក្ដីសប្បុរសនៃទ្រង់ នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្ដីអំណររហូតដល់អស់១ជីវិត សូមឲ្យយើងខ្ញុំបានថ្ងៃអរសប្បាយ ឲ្យស្មើនឹងថ្ងៃ ដែលទ្រង់បានធ្វើទុក្ខដល់យើងខ្ញុំហើយ គឺឲ្យស្មើនឹងអស់ទាំងឆ្នាំ ដែលយើងខ្ញុំទ្រាំរង សេចក្ដីអាក្រក់នោះ សូមឲ្យកិច្ចការរបស់ទ្រង់សំដែងមកច្បាស់ ដល់ពួកអ្នកបំរើទ្រង់ ហើយឲ្យឃើញសិរីល្អនៃទ្រង់ស្ថិតលើកូនចៅគេផង សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងការនៃដៃយើងខ្ញុំ ឲ្យខ្ជាប់ខ្ជួនឡើង អើ សូមតាំងការនៃដៃយើងខ្ញុំឲ្យស្ថិតស្ថេរចុះ។