ទំនុកតម្កើង 90:1-6
ទំនុកតម្កើង 90:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើជាទីលំនៅ របស់យើងខ្ញុំ នៅគ្រប់ជំនាន់។ មុនពេលភ្នំទាំងឡាយបានកើតឡើង ឬមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមក ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្ប គឺព្រះអង្គហើយជាព្រះ។ ព្រះអង្គធ្វើឲ្យមនុស្ស ត្រឡប់ទៅជាធូលីដីវិញ ហើយមានព្រះបន្ទូលថា «ឱពួកកូនមនុស្សអើយ ចូរវិលត្រឡប់ទៅវិញទៅ»។ ដ្បិតនៅចំពោះព្រះនេត្រព្រះអង្គ មួយពាន់ឆ្នាំប្រៀបដូចជាថ្ងៃម្សិល ដែលកន្លងផុតទៅ ឬដូចជាយាមមួយក្នុងពេលយប់។ ព្រះអង្គកៀរយកគេទៅ ដូចជាទឹកជន់ ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ គេដូចជាស្មៅដែលលាស់ឡើងនៅពេលព្រឹក នៅពេលព្រឹកវាដុះចេញមក ហើយលាស់ឡើង នៅពេលល្ងាច វាស្រពោន ហើយក្រៀមស្វិតទៅ។
ទំនុកតម្កើង 90:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ព្រះអង្គធ្លាប់ធ្វើជាជម្រករបស់យើងខ្ញុំ ពីជំនាន់មួយទៅជំនាន់មួយ។ មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមកនោះ ព្រះអង្គជាព្រះជាម្ចាស់តាំងពីអស់កល្បរៀងមក។ ព្រះអង្គបានធ្វើឲ្យមនុស្សលោក វិលត្រឡប់ទៅជាធូលីដីវិញ គឺព្រះអង្គមានព្រះបន្ទូលថា «ពូជពង្សរបស់អដាំអើយ ចូរវិលទៅវិញទៅ!» ចំពោះព្រះអង្គ រយៈពេលមួយពាន់ឆ្នាំ ប្រៀបបានដូចថ្ងៃម្សិលមិញដែលកន្លងផុតទៅ ឬដូចមួយយាមក្នុងពេលយប់។ ព្រះអង្គបានដកជីវិតចេញពីមនុស្សលោក គឺជីវិតរបស់គេប្រៀបបាន នឹងការលង់លក់មួយស្របក់ប៉ុណ្ណោះ។ ជីវិតរបស់គេប្រៀបបីដូចជាស្មៅ នៅពេលព្រឹក វាដុះចេញមក ហើយលូតលាស់ឡើង នៅពេលល្ងាច វាស្រពោន ហើយក្រៀមស្ងួតអស់ទៅ។
ទំនុកតម្កើង 90:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអម្ចាស់អើយ ទ្រង់បានធ្វើជាទីអាស្រ័យនៅនៃយើងខ្ញុំ នៅអស់ទាំងដំណតមក គឺមុនដែលអស់ទាំងភ្នំបានកើតឡើង ក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដី នឹងមនុស្សលោកនៅឡើយ ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច នោះគឺទ្រង់ហើយជាព្រះ ទ្រង់ធ្វើឲ្យមនុស្សត្រឡប់ទៅជាធូលីដីវិញ ដោយបន្ទូលថា អស់ទាំងមនុស្សជាតិអើយ ចូរត្រឡប់វិលទៅវិញចុះ ដ្បិតនៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិល ដែលកន្លងហួសទៅហើយ ក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ ទ្រង់កៀរយកគេទៅ ដូចជាទឹកជន់ ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ នៅពេលព្រឹកគេធៀបដូចជាស្មៅដែលលាស់ឡើង គឺនៅពេលព្រឹកវារីកផ្កា ហើយលាស់ឡើង ដល់ល្ងាចគេត្រូវច្រូតកាត់ទៅ ហើយក៏ក្រៀមស្វិតវិញ