ទំនុកតម្កើង 90:1-12
ទំនុកតម្កើង 90:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើជាទីលំនៅ របស់យើងខ្ញុំ នៅគ្រប់ជំនាន់។ មុនពេលភ្នំទាំងឡាយបានកើតឡើង ឬមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមក ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្ប គឺព្រះអង្គហើយជាព្រះ។ ព្រះអង្គធ្វើឲ្យមនុស្ស ត្រឡប់ទៅជាធូលីដីវិញ ហើយមានព្រះបន្ទូលថា «ឱពួកកូនមនុស្សអើយ ចូរវិលត្រឡប់ទៅវិញទៅ»។ ដ្បិតនៅចំពោះព្រះនេត្រព្រះអង្គ មួយពាន់ឆ្នាំប្រៀបដូចជាថ្ងៃម្សិល ដែលកន្លងផុតទៅ ឬដូចជាយាមមួយក្នុងពេលយប់។ ព្រះអង្គកៀរយកគេទៅ ដូចជាទឹកជន់ ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ គេដូចជាស្មៅដែលលាស់ឡើងនៅពេលព្រឹក នៅពេលព្រឹកវាដុះចេញមក ហើយលាស់ឡើង នៅពេលល្ងាច វាស្រពោន ហើយក្រៀមស្វិតទៅ។ ដ្បិតយើងខ្ញុំត្រូវវិនាសទៅ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយសេចក្ដីក្រោធរបស់ព្រះអង្គ ធ្វើឲ្យយើងខ្ញុំញ័ររន្ធត់។ ព្រះអង្គបានដាក់អំពើទុច្ចរិតរបស់យើងខ្ញុំ នៅចំពោះព្រះអង្គ ហើយដាក់អំពើបាបដែលយើងខ្ញុំប្រព្រឹត្ត ដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ។ ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំកន្លងផុតទៅ ដោយសារសេចក្ដីក្រោធរបស់ព្រះអង្គ យើងខ្ញុំបង្ហើយអាយុរបស់យើងខ្ញុំ ដូចមួយដង្ហើម។ អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។ តើអ្នកណាស្គាល់អំណាច នៃសេចក្ដីក្រោធរបស់ព្រះអង្គ? សេចក្ដីក្រោធរបស់ព្រះអង្គ ធ្វើឲ្យមនុស្សកោតខ្លាចព្រះអង្គ។ ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះរាប់ថ្ងៃអាយុ របស់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តប្រកបដោយប្រាជ្ញា។
ទំនុកតម្កើង 90:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ព្រះអង្គធ្លាប់ធ្វើជាជម្រករបស់យើងខ្ញុំ ពីជំនាន់មួយទៅជំនាន់មួយ។ មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមកនោះ ព្រះអង្គជាព្រះជាម្ចាស់តាំងពីអស់កល្បរៀងមក។ ព្រះអង្គបានធ្វើឲ្យមនុស្សលោក វិលត្រឡប់ទៅជាធូលីដីវិញ គឺព្រះអង្គមានព្រះបន្ទូលថា «ពូជពង្សរបស់អដាំអើយ ចូរវិលទៅវិញទៅ!» ចំពោះព្រះអង្គ រយៈពេលមួយពាន់ឆ្នាំ ប្រៀបបានដូចថ្ងៃម្សិលមិញដែលកន្លងផុតទៅ ឬដូចមួយយាមក្នុងពេលយប់។ ព្រះអង្គបានដកជីវិតចេញពីមនុស្សលោក គឺជីវិតរបស់គេប្រៀបបាន នឹងការលង់លក់មួយស្របក់ប៉ុណ្ណោះ។ ជីវិតរបស់គេប្រៀបបីដូចជាស្មៅ នៅពេលព្រឹក វាដុះចេញមក ហើយលូតលាស់ឡើង នៅពេលល្ងាច វាស្រពោន ហើយក្រៀមស្ងួតអស់ទៅ។ យើងខ្ញុំត្រូវវិនាស ដោយសារព្រះពិរោធរបស់ព្រះអង្គ ហើយយើងខ្ញុំញ័ររន្ធត់ ដោយសារព្រះអង្គខ្ញាល់យ៉ាងខ្លាំង។ ព្រះអង្គយកកំហុសរបស់យើងខ្ញុំ មកលាតត្រដាងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ហើយពន្លឺរបស់ព្រះអង្គ ចាំងឲ្យឃើញអំពើទាំងប៉ុន្មាន ដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។ ដោយសារព្រះអង្គដាក់ទោសយើងខ្ញុំ ជីវិតរបស់យើងខ្ញុំកាន់តែដុនដាបទៅៗ ហើយអាយុជីវិតត្រូវចប់ដូចមួយដង្ហើម។ អាយុជីវិតរបស់យើងខ្ញុំបានត្រឹមតែចិតសិបឆ្នាំ ប៉ុណ្ណោះ អ្នកមាំមួនជាងគេរស់បានប៉ែតសិបឆ្នាំ ប៉ុន្តែ ក្នុងរយៈពេលដែលយើងខ្ញុំរស់នោះ យើងខ្ញុំតែងតែខ្វល់ខ្វាយ និងមានទុក្ខលំបាកជាច្រើន អាយុជីវិតយើងខ្ញុំឈានទៅមុខយ៉ាងលឿន បោះពួយទៅរកសេចក្ដីស្លាប់។ តើនរណាអាចស្គាល់កម្លាំង នៃព្រះពិរោធរបស់ព្រះអង្គបាន? តើនរណាអាចស្គាល់ព្រះពិរោធនេះ ដើម្បីគោរពកោតខ្លាច ព្រះអង្គយ៉ាងត្រឹមត្រូវបាន? សូមណែនាំយើងខ្ញុំឲ្យដឹងច្បាស់ថា អាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា ដើម្បីឲ្យចិត្តយើងខ្ញុំចេះរិះគិត ប្រកបដោយប្រាជ្ញា។
ទំនុកតម្កើង 90:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអម្ចាស់អើយ ទ្រង់បានធ្វើជាទីអាស្រ័យនៅនៃយើងខ្ញុំ នៅអស់ទាំងដំណតមក គឺមុនដែលអស់ទាំងភ្នំបានកើតឡើង ក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដី នឹងមនុស្សលោកនៅឡើយ ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច នោះគឺទ្រង់ហើយជាព្រះ ទ្រង់ធ្វើឲ្យមនុស្សត្រឡប់ទៅជាធូលីដីវិញ ដោយបន្ទូលថា អស់ទាំងមនុស្សជាតិអើយ ចូរត្រឡប់វិលទៅវិញចុះ ដ្បិតនៅព្រះនេត្រទ្រង់ នោះ១ពាន់ឆ្នាំរាប់ដូចជាថ្ងៃម្សិល ដែលកន្លងហួសទៅហើយ ក៏ដូចជាយាម១ក្នុងវេលាយប់ប៉ុណ្ណោះ ទ្រង់កៀរយកគេទៅ ដូចជាទឹកជន់ ដូចជាដេកលក់មួយស្របក់ប៉ុណ្ណោះ នៅពេលព្រឹកគេធៀបដូចជាស្មៅដែលលាស់ឡើង គឺនៅពេលព្រឹកវារីកផ្កា ហើយលាស់ឡើង ដល់ល្ងាចគេត្រូវច្រូតកាត់ទៅ ហើយក៏ក្រៀមស្វិតវិញ ដ្បិតយើងខ្ញុំត្រូវវិនាសទៅដោយសេចក្ដីខ្ញាល់របស់ទ្រង់ ហើយសេចក្ដីក្រោធរបស់ទ្រង់ក៏បំភ័យយើងខ្ញុំ ទ្រង់បានដាក់អស់ទាំងអំពើទុច្ចរិត របស់យើងខ្ញុំនៅចំពោះទ្រង់ ព្រមទាំងអំពើបាបដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់ផង ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំបានកន្លងបាត់ទៅ ដោយសេចក្ដីក្រោធនៃទ្រង់ យើងខ្ញុំបង្ហើយអាយុយើងខ្ញុំដូចជាសូរថ្ងូរ កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយទទេ ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់ តើមានអ្នកណាដែលស្គាល់អំណាចនៃសេចក្ដីខ្ញាល់ នឹងសេចក្ដីក្រោធរបស់ទ្រង់ តាមដែលគួរកោតខ្លាចដល់ទ្រង់នោះ ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា