ទំនុកតម្កើង 9:7-10
ទំនុកតម្កើង 9:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ព្រះយេហូវ៉ាគ្រងរាជ្យអស់កល្បជានិច្ច ព្រះអង្គតាំងបល្ល័ង្ករបស់ព្រះអង្គដើម្បីជំនុំជម្រះ ព្រះអង្គជំនុំជម្រះមនុស្សលោក ដោយសេចក្ដីសុចរិត ព្រះអង្គវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយយុត្តិធម៌។ ព្រះយេហូវ៉ាជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងជ្រកនៅគ្រាលំបាក។ អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ គេទុកចិត្តដល់ព្រះអង្គ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គមិនបានបោះបង់អស់អ្នក ដែលស្វែងរកព្រះអង្គឡើយ។
ទំនុកតម្កើង 9:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់គ្រងរាជ្យរហូតតរៀងទៅ ព្រះអង្គឡើងគង់នៅលើបល្ល័ង្ក ដើម្បីវិនិច្ឆ័យទោស។ ព្រះអង្គគ្រប់គ្រងលើផែនដីដោយសេចក្ដីសុចរិត ព្រះអង្គវិនិច្ឆ័យទោសប្រជាជនទាំងឡាយ ដោយយុត្តិធម៌។ សូមព្រះអម្ចាស់ធ្វើជាបន្ទាយដ៏រឹងមាំការពារ អស់អ្នកដែលត្រូវគេជិះជាន់ គឺជាបន្ទាយការពារនៅពេលមានអាសន្ន។ ព្រះអម្ចាស់អើយ អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ នឹងទុកចិត្តលើព្រះអង្គជាមិនខាន ដ្បិតព្រះអង្គមិនបោះបង់ចោល អស់អ្នកដែលស្វែងរកព្រះអង្គឡើយ!។
ទំនុកតម្កើង 9:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់នៅអស់កល្បជានិច្ច ទ្រង់បានតាំងបល្ល័ង្កទ្រង់ ទុកសំរាប់នឹងជំនុំជំរះហើយ ទ្រង់នឹងជំនុំជំរះមនុស្សលោកដោយយុត្តិធម៌ ក៏នឹងវិនិច្ឆ័យអស់ទាំងសាសន៍ ដោយសេចក្ដីសុចរិត ព្រះយេហូវ៉ាទ្រង់នឹងបានជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងនៅគ្រាលំបាក ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នក ដែលស្វែងរកទ្រង់ឡើយ