ទំនុកតម្កើង 9:1-10

ទំនុកតម្កើង 9:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត ទូល‌បង្គំ​នឹង​និទាន​ពី​អស់​ទាំង​ការ​អស្ចារ្យ របស់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​អរ​សប្បាយ ហើយ​រីក‌រាយ​ក្នុង​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ ទូល‌បង្គំ​នឹង​ច្រៀង​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។ កាល​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​ថយ​ទៅ គេ​ជំពប់​ដួល ហើយ​វិនាស​នៅ​ចំពោះ​ព្រះ‌អង្គ។ ដ្បិត​ព្រះ‌អង្គ​បាន​រក្សារឿង​ក្ដី​ដ៏​ទៀង​ត្រង់ របស់​ទូល‌បង្គំ ព្រះ‌អង្គ​គង់​នៅ​លើ​បល្ល័ង្ក ទាំង​ជំនុំ‌ជម្រះ​ដោយ​សុចរិត។ ព្រះ‌អង្គ​បាន​បន្ទោស​សាសន៍​នានា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​អាក្រក់​វិនាស ព្រះ‌អង្គ​បាន​លុប​ឈ្មោះ​គេឲ្យ​បាត់ ជា​រៀង​រហូត​ត​ទៅ។ ខ្មាំង​សត្រូវ​បាន​វិនាស​អន្តរាយ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​បាន​ដក​រំលើង​ទី​ក្រុង​នានា​របស់​គេ សេចក្ដី​នឹក​ចាំ​ពីពួក‌គេ​ក៏​បាត់​ឈឹង​ទៅ​ដែរ។ ប៉ុន្តែ ព្រះ‌យេហូវ៉ា​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​តាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដើម្បី​ជំនុំ‌ជម្រះ ព្រះ‌អង្គ​ជំនុំ‌ជម្រះ​មនុស្ស​លោក ដោយ​សេចក្ដី​សុចរិត ព្រះ‌អង្គ​វិនិច្ឆ័យ​ប្រជាជន​ទាំង​ឡាយ ដោយ​យុត្តិធម៌។ ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន គឺ​ជា​ទី​ពឹងជ្រក​នៅ​គ្រា​លំបាក។ អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ គេ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​អស់​អ្នក ដែល​ស្វែង​រក​ព្រះ‌អង្គ​ឡើយ។

ទំនុកតម្កើង 9:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទូលបង្គំ​នឹង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ទូលបង្គំ​នឹង​និទាន​ពី​គ្រប់​ការ​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះអង្គ ទូលបង្គំ​នឹង​ត្រេក​អរ​យ៉ាង​ខ្លាំង បពិត្រ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ទូលបង្គំ​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ!។ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ដក​ខ្លួន​ថយ ហើយ​ជំពប់​ជើង​ដួល​វិនាស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដ្បិត​ទ្រង់​បាន​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ គឺ​ឲ្យ​គេ​ឃើញ​ថា​ទូលបង្គំ​សុចរិត ព្រះអង្គ​គង់​នៅ​លើ​បល្ល័ង្ក ក្នុង​ឋានៈ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។ ព្រះអង្គ​គំរាម​កំហែង​ជាតិ​សាសន៍​នានា ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​ពាល​វិនាស​សូន្យ ព្រះអង្គ​លុប​បំបាត់​ឈ្មោះ​ពួក​គេ​ជានិច្ច រហូត​ត​ទៅ។ ខ្មាំង​សត្រូវ​វិនាស​អន្តរាយ​អស់‌កល្ប​ជានិច្ច! រីឯ​ក្រុង​នានា​របស់​គេ ព្រះអង្គ​បាន​រំលាយ​អស់​ហើយ គ្មាន​នរណា​នឹក​ឃើញ​ទៀត​ទេ។ ព្រះ‌អម្ចាស់​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ ព្រះអង្គ​ឡើង​គង់​នៅ​លើ​បល្ល័ង្ក ដើម្បី​វិនិច្ឆ័យ​ទោស។ ព្រះអង្គ​គ្រប់‌គ្រង​លើ​ផែនដី​ដោយ​សេចក្ដី​សុចរិត ព្រះអង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​យុត្តិធម៌។ សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​បន្ទាយ​ដ៏​រឹង‌មាំ​ការពារ អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ គឺ​ជា​បន្ទាយ​ការពារ​នៅ​ពេល​មាន​អាសន្ន។ ព្រះ‌អម្ចាស់​អើយ អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះអង្គ នឹង​ទុក​ចិត្ត​លើ​ព្រះអង្គ​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មិន​បោះ​បង់​ចោល អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​ឡើយ!។

ទំនុកតម្កើង 9:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទូលបង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​អស់​អំពី​ចិត្ត ទូលបង្គំ​នឹង​និទាន ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ទូលបង្គំ​នឹង​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង​ក្នុង​ទ្រង់ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ ទូលបង្គំ​នឹង​ច្រៀង​ដំកើង​ដល់​ព្រះ‌នាម​ទ្រង់ កាល​ណា​ពួក​ខ្មាំង​សត្រូវ​ទូលបង្គំ​ថយ​ចេញ​ទៅ នោះ​គេ​ស្លុត​ជង្គង់​ដួល ហើយ​វិនាស​បាត់​នៅ​ចំពោះ​ទ្រង់ ដ្បិត​ទ្រង់​បាន​រាំង​ពារ​សេចក្ដី​ទៀង​ត្រង់ នឹង​រឿង​ក្តី​របស់​ទូលបង្គំ ទ្រង់​គង់​លើ​បល្ល័ង្ក​កំពុង​តែ​ជំនុំ‌ជំរះ​ដោយ​យុត្តិ‌ធម៌ ទ្រង់​បាន​បន្ទោស​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ក៏​បាន​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​ចេញ ទ្រង់​បាន​លុប​ឈ្មោះ​គេ ឲ្យ​បាត់‌បង់​ទៅ​ជា​ដរាប​រៀង​ត​ទៅ ឱ​ខ្មាំង​សត្រូវ​អើយ ការ​ហិន‌វិនាស​បាន​ផុត​ទៅ​ជានិច្ច ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​បំផ្លាញ នោះ​ទាំង​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​បាត់​ឈឹង​ទៅ​ដែរ ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់ ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​ហើយ ទ្រង់​នឹង​ជំនុំ‌ជំរះ​មនុស្ស​លោក​ដោយ​យុត្តិ‌ធម៌ ក៏​នឹង​វិនិច្ឆ័យ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​សុចរិត ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ពឹង​ជ្រក ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន គឺ​ជា​ទី​ពឹង​នៅ​គ្រា​លំបាក ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​មិន​បាន​បោះ‌បង់​ចោល​ពួក​អ្នក ដែល​ស្វែង​រក​ទ្រង់​ឡើយ

ទំនុកតម្កើង 9:1-10

ទំនុកតម្កើង 9:1-10 គខបទំនុកតម្កើង 9:1-10 គខបទំនុកតម្កើង 9:1-10 គខប