ទំនុកតម្កើង 87:1-7

ទំនុកតម្កើង 87:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បាន​សង់​ទីក្រុង​របស់​ព្រះ‌អង្គ នៅ​លើ​ភ្នំ​បរិសុទ្ធ ព្រះ‌អង្គ​ស្រឡាញ់​អស់​ទាំង​ទ្វារ​ក្រុង​ស៊ីយ៉ូន ជា​ជាង​ទីលំនៅ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាកុប។ ឱ​ទី​ក្រុង​របស់​ព្រះ​អើយ មាន​គេ​តំណាល​ពី​សេចក្ដី​រុង​រឿង​របស់​អ្នក។ –បង្អង់ ៙ ក្នុង​ចំណោម​អស់​អ្នក​ដែលស្គាល់​ខ្ញុំ ខ្ញុំ​នឹង​តំណាល​ពី​រ៉ាហាប និង​ពី​បាប៊ីឡូន មើលន៎ សាសន៍​ភីលី‌ស្ទីន និង​សាសន៍​ទីរ៉ុស រួម​ទាំង​សាសន៍​អេធីយ៉ូពី ដែរ គេ​និយាយ​ថា «គេ​បាន​កើត​មក​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន»។ គេ​និយាយ​ពី​ក្រុង​ស៊ីយ៉ូន​ថា អ្នក​នេះ​មួយ អ្នក​នោះមួយ បាន​កើត​នៅ​ក្រុង​នោះ ដ្បិត​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​នឹង​តាំង​ក្រុង​នោះ​ឲ្យ​មាំ‌មួន។ កាល​ព្រះ‌យេហូវ៉ា​ចុះឈ្មោះ​សាសន៍​ទាំង​នោះ ចូល​ក្នុង​បញ្ជី ព្រះ‌អង្គ​សរសេរ​ថា «គេ​បាន​កើត​មក​ក្នុង​ក្រុង​នោះ»។ –បង្អង់ ពួក​អ្នក​ចម្រៀង និង​ពួក​អ្នករបាំ ពោល​ដូច​គ្នា​ថា «ប្រភព​ទឹក​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​អ្នក»។

ទំនុកតម្កើង 87:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​បាន​សង់​ក្រុង យេរូ‌សាឡឹម​នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ។ ព្រះ‌អម្ចាស់​ស្រឡាញ់​បុរី​ស៊ីយ៉ូន ជាង​កន្លែង​ឯ​ទៀតៗ​ទាំង​អស់ នៅ​លើ​ទឹក​ដី​លោក​យ៉ាកុប។ ឱ​ក្រុង​របស់​ព្រះ‌ជាម្ចាស់​អើយ គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​អ្នក ដោយ​ពោល​ថា: - សម្រាក “ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្គាល់​ខ្ញុំ មាន​អ្នក​ខ្លះ​កើត​នៅ​ស្រុក​អេស៊ីប អ្នក​ខ្លះ​កើត​នៅ​ស្រុក​បាប៊ី‌ឡូន ខ្លះ​ទៀត​នៅ​ស្រុក​ភីលីស្ទីន ខ្លះ​ទៀត​នៅ​ស្រុក​ទីរ៉ុស និង​ខ្លះ​ទៀត​នៅ​ស្រុក​អេត្យូ‌ពី” ក៏​ប៉ុន្តែ ចំពោះ​ក្រុង​ស៊ីយ៉ូន​វិញ គេ​ពោល​ថា “យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​កើត​ចេញ មក​ពី​ក្រុង​ស៊ីយ៉ូន!” ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ​ឲ្យ​ក្រុង​នេះ​រឹង‌មាំ។ ព្រះ‌អម្ចាស់​រាប់​ចំនួន​ប្រជា‌រាស្ត្រ​នានា​ចុះ​ក្នុង​បញ្ជី ហើយ​សរសេរ​ថា ក្រុង​ស៊ីយ៉ូន​ជា​ស្រុក​កំណើត របស់​ពួក​គេ​ទាំង​អស់​គ្នា។ ពេល​នោះ ទាំង​ពួក​អ្នក​ច្រៀង ទាំង​ពួក​អ្នក​រាំ នឹង​ពោល​ឡើង​ថា “ក្រុង​ស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង!”។

ទំនុកតម្កើង 87:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​បាន​តាំង​ទី​លំនៅ​របស់​ទ្រង់ នៅ​លើ​ភ្នំ​បរិសុទ្ធ ទ្រង់​ស្រឡាញ់​អស់​ទាំង​ទ្វារ​ក្រុង​ស៊ីយ៉ូន ជា​ជាង​អស់​ទាំង​ទី​អាស្រ័យ​របស់​យ៉ាកុប ឱ​ទី​ក្រុង​របស់​ព្រះ‌អង្គ​អើយ គេ​ថ្លែង​ប្រាប់​សេចក្ដី​ឧត្តុង្គ‌ឧត្តម​ពី​ឯង។ –បង្អង់ ៙ អញ​នឹង​ដំណាល​ពី​រ៉ាហាប ហើយ​ពី​បាប៊ីឡូន ទុក​ជា​ពួក​ដែល​ស្គាល់​អញ នុ៎ះ​ន៍ សាសន៍​ភីលីស្ទីន សាសន៍​ទីរ៉ុស នឹង​សាសន៍​អេធីយ៉ូពី​ដែរ គឺ​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​ដែល​គេ​បាន​កើត​មក អើ គេ​នឹង​និយាយ​ពី​ក្រុង​ស៊ីយ៉ូន​ថា អ្នក​នេះ​១ អ្នក​នោះ​១ បាន​កើត​នៅ​ក្រុង​នោះ ហើយ​គឺ​ព្រះ​ដ៏​ខ្ពស់​បំផុត​ដែល​នឹង​តាំង​ឲ្យ​មាំ‌មួន​ដែរ កាល​ណា​ព្រះ‌យេហូវ៉ា​ទ្រង់​ចុះ​បញ្ជី​អស់​ទាំង​សាសន៍ នោះ​ទ្រង់​នឹង​រាប់​ថា អ្នក​នោះ​បាន​កើត​នៅ​ក្រុង​នោះ​ឯង។ –បង្អង់ ហើយ​ពួក​អ្នក​ចំរៀង នឹង​ពួក​អ្នក​លេង​ភ្លេង គេ​នឹង​ថា អស់​ទាំង​ដើម​ហេតុ​នៃ​ខ្ញុំ​នៅ​ក្នុង​ឯង​ដែរ។