ទំនុកតម្កើង 86:1-8
ទំនុកតម្កើង 86:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ហើយឆ្លើយតបមកទូលបង្គំផង ព្រោះទូលបង្គំទាល់ក្រ ហើយខ្វះខាត។ សូមរក្សាកាពារជីវិតទូលបង្គំ ដ្បិតទូលបង្គំស្មោះត្រង់ចំពោះព្រះអង្គ ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះអ្នកបម្រើព្រះអង្គ ដែលទុកចិត្តដល់ព្រះអង្គនេះផង។ ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតទូលបង្គំអំពាវនាវរកព្រះអង្គរាល់ថ្ងៃ។ សូមបណ្ដាលឲ្យព្រលឹងអ្នកបម្រើព្រះអង្គ រីករាយឡើង ដ្បិត ឱព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។ ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គល្អ ហើយអត់ទោស ក៏មានព្រះហឫទ័យសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវរកព្រះអង្គ។ ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ ស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ សូមស្តាប់សម្រែកទូលអង្វររបស់ទូលបង្គំផង។ នៅថ្ងៃទូលបង្គំមានសេចក្ដីវេទនា ទូលបង្គំអំពាវនាវរកព្រះអង្គ ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។ ឱព្រះអម្ចាស់អើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ ក៏គ្មានព្រះណាធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។
ទំនុកតម្កើង 86:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ ហើយឆ្លើយតបមកទូលបង្គំវិញផង ដ្បិតទូលបង្គំជាមនុស្សកម្សត់ទុគ៌ត! សូមរក្សាការពារជីវិតទូលបង្គំផង ដ្បិតទូលបង្គំមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះអ្នកបម្រើរបស់ព្រះអង្គ ដែលបានផ្ញើជីវិតលើព្រះអង្គនេះផង! ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតទូលបង្គំស្រែកអង្វររកព្រះអង្គពេញមួយថ្ងៃ។ សូមប្រោសអ្នកបម្រើរបស់ព្រះអង្គ ឲ្យមានអំណរសប្បាយ ព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ ដែលប្រកបដោយព្រះហឫទ័យសប្បុរស និងចេះអត់ឱនឲ្យយើងខ្ញុំ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលុប ចំពោះអស់អ្នកដែលអង្វររកព្រះអង្គ។ ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់ នឹងពាក្យទូលអង្វររបស់ទូលបង្គំផង។ នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។ ឱព្រះអម្ចាស់អើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ ដូចព្រះអង្គឡើយ។
ទំនុកតម្កើង 86:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយតបមកទូលបង្គំផង ពីព្រោះទូលបង្គំទាល់ក្រ ហើយខ្វះខាត សូមការពារព្រលឹងទូលបង្គំ ដ្បិតទូលបង្គំជាអ្នកជ្រះថ្លា ឱព្រះនៃទូលបង្គំអើយ សូមជួយសង្គ្រោះអ្នកបំរើដែលទុកចិត្តដល់ទ្រង់ ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំអំពាវនាវដល់ទ្រង់ជាដរាបរាល់ថ្ងៃ សូមបណ្តាលឲ្យព្រលឹងនៃអ្នកបំរើទ្រង់ បានរីករាយឡើង ពីព្រោះ ឱព្រះអម្ចាស់អើយ ទូលបង្គំលើកព្រលឹងថ្វាយដល់ទ្រង់ ដ្បិតឱព្រះអម្ចាស់អើយ ទ្រង់ល្អ ទ្រង់បំរុងតែនឹងអត់ទោស ក៏មានសេចក្ដីសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវដល់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មក ចំពោះសេចក្ដីអធិស្ឋានរបស់ទូលបង្គំ ហើយស្តាប់សំឡេងដែលទូលបង្គំអង្វរផង នៅថ្ងៃវេទនា នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ ពីព្រោះទ្រង់នឹងឆ្លើយតបមក ឱព្រះអម្ចាស់អើយ នៅក្នុងអស់ទាំងពួកព្រះ គ្មានណាមួយឲ្យដូចជាទ្រង់ឡើយ ក៏គ្មានការអ្វីឲ្យដូចជាការរបស់ទ្រង់ដែរ