ទំនុកតម្កើង 86:1-7

ទំនុកតម្កើង 86:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ហើយ​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង ព្រោះ​ទូល‌បង្គំ​ទាល់​ក្រ ហើយ​ខ្វះ​ខាត។ សូម​រក្សា​កាពារ​ជីវិត​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​សង្គ្រោះ​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​នេះ​ផង។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ​រាល់​ថ្ងៃ។ សូម​បណ្ដាល​ឲ្យ​ព្រលឹង​អ្នក​បម្រើ​ព្រះ‌អង្គ រីក‌រាយ​ឡើង ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ។ ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ល្អ ហើយ​អត់​ទោស ក៏​មាន​ព្រះ‌ហឫ‌ទ័យសប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ស្តាប់​សម្រែក​ទូល​អង្វរ​របស់​ទូល‌បង្គំ​ផង។ នៅ​ថ្ងៃ​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដ្បិតព្រះ‌អង្គ​ឆ្លើយ​តប​មក​ទូល‌បង្គំ។

ទំនុកតម្កើង 86:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង ដ្បិត​ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត! សូម​រក្សា​ការពារ​ជីវិត​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​សង្គ្រោះ​អ្នក​បម្រើ​របស់​ព្រះអង្គ ដែល​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​នេះ​ផង! ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ ដ្បិត​ទូលបង្គំ​ស្រែក​អង្វរ​រក​ព្រះអង្គ​ពេញ​មួយ​ថ្ងៃ។ សូម​ប្រោស​អ្នក​បម្រើ​របស់​ព្រះអង្គ ឲ្យ​មាន​អំណរ​សប្បាយ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះអង្គ ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ ដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស និង​ចេះ​អត់‌ឱន​ឲ្យ​យើង​ខ្ញុំ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លុប ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ​ផង។ នៅ​ថ្ងៃ​មាន​អាសន្ន ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ដ្បិត​ព្រះអង្គ​ឆ្លើយ​តប​មក​ទូលបង្គំ។

ទំនុកតម្កើង 86:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់ ហើយ​តប​មក​ទូលបង្គំ​ផង ពី​ព្រោះ​ទូលបង្គំ​ទាល់​ក្រ ហើយ​ខ្វះ​ខាត សូម​ការ‌ពារ​ព្រលឹង​ទូលបង្គំ ដ្បិត​ទូលបង្គំ​ជា​អ្នក​ជ្រះ‌ថ្លា ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ជួយ​សង្គ្រោះ​អ្នក​បំរើ​ដែល​ទុក​ចិត្ត​ដល់​ទ្រង់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​អំពាវ‌នាវ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ សូម​បណ្តាល​ឲ្យ​ព្រលឹង​នៃ​អ្នក​បំរើ​ទ្រង់ បាន​រីក‌រាយ​ឡើង ពី​ព្រោះ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​លើក​ព្រលឹង​ថ្វាយ​ដល់​ទ្រង់ ដ្បិត​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស ក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​មក ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ ហើយ​ស្តាប់​សំឡេង​ដែល​ទូលបង្គំ​អង្វរ​ផង នៅ​ថ្ងៃ​វេទនា នោះ​ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​នឹង​ឆ្លើយ​តប​មក