ទំនុកតម្កើង 83:1-18

ទំនុកតម្កើង 83:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​កុំ​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ​អើយ សូម​កុំនៅ​ព្រងើយ ឬ​នៅ​ស្ងៀម​ដូច្នេះ! ដ្បិត​មើល៍ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​កំពុង​តែ​អ៊ូអែរ អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ​គេ​ងើប​ក្បាល​ហើយ។ គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ ទាស់​នឹងប្រជា‌រាស្ត្រ​ព្រះ‌អង្គ ហើយ​គិត‌គូរ​គ្នា​ទាស់​នឹង​អស់​អ្នក ដែល​ព្រះ‌អង្គ​ការ​ពារ។ គេ​ពោល​ថា «តោ៎ះ យើង​នាំ​គ្នា​កម្ចាត់​សាសន៍​នេះ​ចេញ កុំ​ឲ្យ​មាន​អ្នក​ណា​នឹក​ចាំ ឈ្មោះ​អ៊ីស្រា‌អែល​នេះ​ទៀត»។ ដ្បិត​គេ​បាន​រួម​សម​គំនិត​គ្នា គេ​បាន​តាំង​សញ្ញា​ទាស់​នឹង​ព្រះ‌អង្គ គឺ​ពួក​សាសន៍​អេដុម សាសន៍​អ៊ីស‌ម៉ា‌អែល សាសន៍​ម៉ូអាប់ និង​សាសន៍​ហាការេន សាសន៍​កេបាល សាសន៍​អាំម៉ូន សាសន៍​អាម៉ា‌ឡេក សាសន៍​ភីលី‌ស្ទីន និង​ពួក​អ្នក​ស្រុក​ទីរ៉ុស ឯ​ស្រុក​អាស‌ស៊ើរ​ក៏​បានចូល​រួម​ជា​មួយ​គេ​ដែរ សាសន៍​ទាំង​នោះ​ចូល​ដៃ​ជាមួយ ពួក​កូន​ចៅ​ឡុត។ -បង្អង់ ៙ សូម​ប្រព្រឹត្ត​ចំពោះ​ពួក‌គេ ដូច​ព្រះ‌អង្គ​បានប្រព្រឹត្ត​ចំពោះ​សាសន៍​ម៉ាឌាន គឺ​ដូច​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ស៊ីសេរ៉ា និង​យ៉ាប៊ីន នៅ​ស្ទឹង​គីសុន ជា​អ្នក​ដែល​បាន​វិនាស​ទៅ​នៅ​អេន-ដោរ ហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី។ សូម​ធ្វើ​ឲ្យ​ពួក​មាន​ត្រកូល​ខ្ពស់​របស់​គេ បាន​ដូច​ជា​អូរិប និង​សៀប សូម​ឲ្យ​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទាំង​អស់ បាន​ដូច​ជា​សេបា និង​សាលមូ‌ណា ជា​អ្នក​ដែល​បាន​ពោល​ថា «ចូរ​យើងនាំ​គ្នា​ចាប់​យក​វាល​ស្មៅ​របស់​ព្រះ ទុក​ជា​កេរ‌អាករ​របស់​យើង»។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​ធូលី​ដី​ដែល​ត្រូវ​ខ្យល់ ដូច​ជា​ចំបើង​ដែលត្រូវ​ខ្យល់​ផាត់​យក​ទៅ។ ដូច​ភ្លើង​ដែល​ឆេះ​ព្រៃ ឬ​អណ្ដាត​ភ្លើង​ដែល​ឆាប​ឆេះ​ភ្នំយ៉ាង​ណា សូម​ដេញ​តាម​គេ​ដោយខ្យល់​គំហុក របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ឲ្យ​គេ​ញ័ររន្ធត់ ដោយ​ព្យុះ​សង្ឃរា​របស់​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​គ្រប​មុខ​គេ​ដោយ​សេចក្ដី​អៀន​ខ្មាស ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ‌នាម​ព្រះ‌អង្គ។ សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ភ័យ​ស្លុត​រហូត​ទៅ សូម​ឲ្យ​គេ​វិនាសទៅ​ទាំង​អាប់​យស ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​មាន​ព្រះ‌នាម​យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល។

ទំនុកតម្កើង 83:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​កុំ​នៅ​សម្ងំ​ស្ងៀម​ឡើយ! ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​កុំ​នៅ​ស្ងៀម​ស្ងាត់ ឥត​កម្រើក​ដូច្នេះ! ដ្បិត​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ កំពុង​តែ​ធ្វើ​សកម្ម‌ភាព អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ កំពុង​តែ​នាំ​គ្នា​បះ‌បោរ។ ពួក​គេ​រៀបចំ​គម្រោង‌ការ​ប្រឆាំង នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ហើយ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​អស់​អ្នក ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ។ ពួក​គេ​ពោល​ថា “តោ៎ះ! យើង​នាំ​គ្នា​ទៅ​ប្រហារ ជាតិ​សាសន៍​នោះ​ឲ្យ​រលាយ​សូន្យ ដើម្បី​កុំ​ឲ្យ​នរណា​នឹក​ឃើញ ឈ្មោះ​អ៊ីស្រា‌អែល​ទៀត!”។ ពួក​គេ​ពិភាក្សា​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ គេ​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ គឺ​មាន​ជន‌ជាតិ​អេដុម ជន‌ជាតិ​អ៊ីស្មា‌អែល ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​ហា‌ការេន ជន‌ជាតិ​កេបាល ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​អាម៉ា‌ឡេក ជន‌ជាតិ​ភីលីស្ទីន និង​អ្នក​ស្រុក​ទីរ៉ុស ហើយ​សូម្បី​តែ​ជន‌ជាតិ​អាស្ស៊ីរី​ក៏​ចូល​រួម​ជា​មួយ​ដែរ គឺ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ ពូជ‌ពង្ស​របស់​លោក​ឡុត។ - សម្រាក សូម​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​ព្រះអង្គ​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​ម៉ាឌាន លោក​ស៊ី‌សេរ៉ា និង​ស្ដេច​យ៉ាប៊ីន នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន​ដែរ! ព្រះអង្គ​បាន​ប្រហារ​ពួក​គេ ឲ្យ​វិនាស​នៅ​អេន-‌ដោរ ហើយ​សាក‌សព​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ជី។ សូម​ដាក់​ទោស​អ្នក​ដឹក​នាំ​របស់​គេ ដូច​ព្រះអង្គ​បាន​ដាក់​ទោស​ស្ដេច​អូរឹប និង​ស្ដេច​សៀប ហើយ​ដាក់​ទោស​មេ​របស់​គេ ដូច​ព្រះអង្គ​បាន​ដាក់​ទោស​សេបា និង​សាល់‌មូណា​ដែរ ដ្បិត​ពួក​គេ​បាន​និយាយ​ថា “យើង​នាំ​គ្នា​វាយ​ដណ្ដើម​យក ទឹក​ដី​របស់​ព្រះ‌ជាម្ចាស់!”។ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ឲ្យ​ពួក​គេ​បាន​ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​កួច ឬ​ដូច​ចំបើង​ដែល​ត្រូវ​ខ្យល់​ផាត់​យក​ទៅ។ ភ្លើង​ឆាប‌ឆេះ​ព្រៃ ឬ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ភ្នំ​យ៉ាង​ណា សូម​ប្រើ​ខ្យល់​ព្យុះ​របស់​ព្រះអង្គ​ដេញ​តាម​ពួក​គេ និង​ប្រើ​ព្យុះ​សង្ឃរា​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​នោះ​ដែរ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់​មុខ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ‌នាម​របស់​ព្រះអង្គ។ សូម​ឲ្យ​ពួក​គេ​បាក់​មុខ បាក់‌ស្បាត​រហូត​ត​ទៅ សូម​ឲ្យ​ពួក​គេ​ងើប​មុខ​មិន​រួច ហើយ​វិនាស​សូន្យ​ទៅ! សូម​ឲ្យ​គេ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌អម្ចាស់ ព្រះអង្គ​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នៅ​លើ​ផែនដី​ទាំង​មូល!។

ទំនុកតម្កើង 83:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​ឲ្យ​ទ្រង់​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​ឲ្យ​សំងំ ឬ​ព្រងើយ​នៅ​ឲ្យ​សោះ ដ្បិត​មើល ពួក​ខ្មាំង​សត្រូវ​ទ្រង់ គេ​កំពុង​តែ​អ៊ូអែ ហើយ​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ គេ​ធ្វើ​ក្រអឺត‌ក្រអោង គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ​ទាស់​នឹង​រាស្ត្រ​ទ្រង់ ហើយ​គិត‌គូរ​គ្នា ទាស់​នឹង​អស់​អ្នក​ដែល​ទ្រង់​ខា‌ខាំង គេ​បាន​ថា ចូរ​យើង​កាត់​គេ​ចេញ មិន​ឲ្យ​ធ្វើ​ជា​នគរ​ទៀត​បាន ហើយ​កុំ​ឲ្យ​មាន​សេចក្ដី​នឹក​ចាំ​ពី​ឈ្មោះ​អ៊ីស្រាអែល​ទៀត​ឡើយ ដ្បិត​គេ​បាន​ពិគ្រោះ​ព្រម‌ព្រៀង​គ្នា​ហើយ គេ​បាន​តាំង​សញ្ញា​ទាស់​នឹង​ទ្រង់ គឺ​អស់​ទាំង​ពួក​សាសន៍​អេដំម សាសន៍​អ៊ីស‌ម៉ាអែល សាសន៍​ម៉ូអាប់ នឹង​សាសន៍​ហាការេន សាសន៍​កេបាល សាសន៍​អាំម៉ូន សាសន៍​អាម៉ា‌លេក សាសន៍​ភីលីស្ទីន ព្រម​ទាំង​ពួក​អ្នក​នៅ​ស្រុក​ទីរ៉ុស​ផង ឯ​ស្រុក​អាសស៊ើរ បាន​ពួត‌ដៃ​ជា​មួយ​នឹង​គេ​ដែរ សាសន៍​ទាំង​នោះ​ក៏​ចូល​ដៃ​ជួយ​ពួក​កូន​ចៅ​ឡុត។ បង្អង់ ៙ សូម​ទ្រង់​ធ្វើ​ដល់​គេ ដូច​បាន​ធ្វើ​ដល់​សាសន៍​ម៉ាឌាន គឺ​ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីសេរ៉ា នឹង​យ៉ាប៊ីន នៅ​ត្រង់​ស្ទឹង​គីសុន ជា​អ្នក​ដែល​វិនាស​ទៅ នៅ​ត្រង់​អេន-ដោរ ហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី សូម​ធ្វើ​ឲ្យ​ពួក​មាន​ត្រកូល​ខ្ពស់​របស់​គេ បាន​ដូច​ជា​អូរិប នឹង​សៀប អើ សូម​ឲ្យ​អស់​ពួក​ចៅហ្វាយ​ក្នុង​សាសន៍​ទាំង​នោះ បាន​ដូច​ជា​សេបា ហើយ​នឹង​សាល‌មូន៉ា ជា​អ្នក​ដែល​និយាយ​ថា ចូរ​យើង​ចាប់​យក​អស់​ទាំង​ទី​លំនៅ​របស់​ព្រះ ទុក​ជា​កេរ្តិ៍អាករ​របស់​យើង​ចុះ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​ធូលី​កួច ដូច​ជា​កំទេច​ចំបើង​ដែល​ផាត់​ទៅ​ដោយ​ខ្យល់ ដូច​ភ្លើង​ដែល​ឆេះ​ព្រៃ ហើយ​ដូច​ជា​អណ្តាត​ភ្លើង​ដែល​រាល​ឡើង​ឆេះ​ភ្នំ​ផង សូម​ដេញ​តាម​គេ​ដោយ​ខ្យល់​គំហុក​របស់​ទ្រង់ ហើយ​ធ្វើ​ឲ្យ​គេ​ភ័យ​ញ័រ ដោយ​ព្យុះ​សង្ឃរា​របស់​ទ្រង់​យ៉ាង​នោះ​ឯង សូម​គ្រប​មុខ​គេ​ដោយ​សេចក្ដី​អៀន‌ខ្មាស ដើម្បី​ឲ្យ​គេ​បាន​ស្វែង​រក​ព្រះ‌នាម​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ភ័យ​ស្លុត​ជា​ដរាប អើ សូម​ឲ្យ​គេ​ត្រូវ​ស្រឡាំង‌កាំង ហើយ​វិនាស​ទៅ ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ‌នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល។