ទំនុកតម្កើង 82:1-8
ទំនុកតម្កើង 82:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះគង់ប្រថាប់នៅក្នុងអង្គប្រជុំ របស់ព្រះអង្គ ព្រះអង្គកាត់ក្ដីនៅក្នុងចំណោម ពួកព្រះទាំងឡាយថា៖ «តើអ្នករាល់គ្នានឹងជំនុំជម្រះដោយអយុត្តិធម៌ ហើយយល់មុខមនុស្សអាក្រក់ ដល់កាលណាទៀត? –បង្អង់ ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ និងក្មេងកំព្រា ហើយគាំពារសិទ្ធិមនុស្សវេទនា និងមនុស្សទ័លក្រ។ ចូរសង្គ្រោះមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ចូររំដោះគេឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់»។ គេមិនដឹង ក៏មិនយល់អ្វីទាំងអស់ គេតែងដើរទៅមកក្នុងសេចក្ដីងងឹត អស់ទាំងគ្រឹះផែនដីក៏ត្រូវកក្រើករំពើក។ យើងបានប្រាប់ថា «អ្នករាល់គ្នាជាព្រះ អ្នករាល់គ្នាសុទ្ធតែជាកូននៃព្រះដ៏ខ្ពស់បំផុត ប៉ុន្តែ អ្នកនឹងត្រូវស្លាប់ដូចមនុស្សធម្មតា ហើយនឹងត្រូវដួលដូចជាអ្នកធំណាមួយដែរ»។ ឱព្រះអើយ សូមក្រោកឡើង ជំនុំជម្រះផែនដីទៅ ដ្បិតព្រះអង្គនឹងគ្រប់គ្រង នគរទាំងអស់ទុកជាមត៌ក។
ទំនុកតម្កើង 82:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់គង់នៅ ក្នុងអង្គប្រជុំរបស់ព្រះអង្គ។ ព្រះអង្គកាត់ក្ដីនៅក្នុងចំណោមព្រះនានា។ តើអ្នករាល់គ្នានៅតែកាត់ក្ដីដោយអយុត្តិធម៌ គឺឲ្យមនុស្សអាក្រក់ឈ្នះដូច្នេះ ដល់កាលណាទៀត? - សម្រាក ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ និងក្មេងកំព្រា ចូរកាត់ក្ដីឲ្យមនុស្សកម្សត់ទុគ៌ត និងមនុស្សតោកយ៉ាក។ ចូររំដោះមនុស្សទន់ខ្សោយ និងមនុស្សក្រីក្រ ចូរយកពួកគេចេញឲ្យផុតពីកណ្ដាប់ដៃ របស់មនុស្សអាក្រក់។ អ្នករាល់គ្នាមិនដឹងមិនយល់អ្វីទាំងអស់ អ្នករាល់គ្នាដើរនៅក្នុងសេចក្ដីងងឹត អ្នករាល់គ្នាលុបបំបាត់យុត្តិធម៌ ដែលជាគ្រឹះនៃពិភពលោក។ យើងបានប្រាប់រួចហើយថា អ្នករាល់គ្នាជាព្រះ អ្នករាល់គ្នាសុទ្ធតែជាបុត្ររបស់ព្រះ ដ៏ខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវស្លាប់ដូចមនុស្សលោក អ្នករាល់គ្នានឹងត្រូវបាត់បង់ជីវិត ដូចអ្នកធំបាត់បង់តំណែងដែរ។ ឱព្រះជាម្ចាស់អើយ សូមក្រោកឡើងវិនិច្ឆ័យទោសមនុស្សលោក ដ្បិតមនុស្សគ្រប់ជាតិសាសន៍ សុទ្ធតែជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ!។
ទំនុកតម្កើង 82:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះទ្រង់ឈរនៅក្នុងពួកជំនុំដ៏ខ្លាំងពូកែ គឺទ្រង់ដែលវិនិច្ឆ័យ នៅកណ្តាលពួកអ្នកមានអំណាច តើឯងរាល់គ្នានឹងជំនុំជំរះដោយទុច្ចរិត ហើយយល់មុខមនុស្សអាក្រក់ដល់កាលណា។ –បង្អង់ ៙ ចូរការពារដល់មនុស្សក្រីក្រ នឹងមនុស្សកំព្រា ហើយកាត់ក្តីដល់មនុស្សវេទនា នឹងមនុស្សកំសត់ ដោយយុត្តិធម៌ចុះ ចូរជួយសង្គ្រោះមនុស្សក្រីក្រ នឹងមនុស្សកំសត់ទុគ៌តដែរ ត្រូវជួយគេឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់ គេមិនដឹង ក៏មិនយល់សោះ គេតែងដើរទៅមកក្នុងសេចក្ដីងងឹត អស់ទាំងឫសផែនដីក៏ត្រូវកក្រើករំពើក អញបានពោលថា ឯងរាល់គ្នាសុទ្ធតែជាអ្នកមានអំណាច ហើយជាកូននៃព្រះដ៏ខ្ពស់បំផុតទាំងអស់គ្នា ប៉ុន្តែឯងនឹងស្លាប់ទៅ ដូចជាមនុស្សធម្មតាដែរ គឺនឹងត្រូវដួលដូចជាមេណាមួយ ឱព្រះអង្គអើយ សូមទ្រង់ឈរឡើងជំនុំជំរះផែនដីចុះ ដ្បិតទ្រង់នឹងបានអស់ទាំងនគរទុកជាមរដក។