ទំនុកតម្កើង 8:4-9
ទំនុកតម្កើង 8:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នោះតើមនុស្សជាអ្វី ដែលព្រះអង្គនឹកគិតដល់គេ ហើយកូនមនុស្ស ដែលព្រះអង្គ យកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ? ដ្បិតព្រះអង្គបានធ្វើឲ្យគេ ទាបជាងព្រះ តែបន្តិចទេ ក៏បានបំពាក់សិរីល្អ និងកិត្តិយសដល់គេ ទុកជាមកុដ។ ព្រះអង្គបានតាំងគេឲ្យគ្រប់គ្រង លើស្នាព្រះហស្តរបស់ព្រះអង្គ ព្រះអង្គបានដាក់អ្វីៗទាំងអស់ ឲ្យនៅក្រោមជើងរបស់គេ គឺអស់ទាំងចៀម ទាំងគោ និងសត្វព្រៃ សត្វហើរលើអាកាស និងត្រីនៅក្នុងសមុទ្រ គឺសត្វផងទាំងពួងដែលហែលនៅបាតសមុទ្រ។ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល!
ទំនុកតម្កើង 8:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយក ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ? ព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាង ទេវតាតែបន្តិចប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ។ ព្រះអង្គប្រទានឲ្យគេគ្រប់គ្រងលើអ្វីៗ ទាំងអស់ដែលព្រះអង្គបានបង្កើតមក ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមជើងរបស់គេ គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន ព្រមទាំងបក្សាបក្សីនៅលើមេឃ ត្រីនៅក្នុងសមុទ្រ និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។ បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល!
ទំនុកតម្កើង 8:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ ដ្បិតទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេ ក៏បានបំពាក់សិរីល្អ នឹងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ ទ្រង់បានតាំងគេ ឲ្យត្រួតលើអស់ទាំងការនៃព្រះហស្តទ្រង់ ក៏បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ឲ្យនៅក្រោមជើងគេ គឺអស់ទាំងចៀម នឹងគោ អើ ទាំងសត្វព្រៃផង អស់ទាំងសត្វហើរលើអាកាស នឹងត្រីនៅសមុទ្រ គឺសត្វផងទាំងពួងដែលហែលនៅផ្លូវទឹក ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមទ្រង់ប្រសើរនៅគ្រប់លើផែនដីយ៉ាងណាទៅ។