ទំនុកតម្កើង 8:1-4

ទំនុកតម្កើង 8:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើងខ្ញុំ​អើយ ព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ​ថ្កើង​រុងរឿង ពាស​ពេញ​លើ​ផែនដី​ទាំង​មូល! ព្រះ‌អង្គ​បាន​តម្កល់​សិរី‌ល្អរបស់​ព្រះ‌អង្គ នៅ​លើ​ផ្ទៃ​មេឃ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ពាក្យ​សរសើរ ដោយ‌សារ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ដោះ ដោយ​ព្រោះបច្ចា​មិត្ត​របស់​ព្រះ‌អង្គ ដើម្បី​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ ព្រម​ទាំង​ពួក​សង‌សឹក បាន​នៅ​ស្ងៀម។ ពេល​ទូល‌បង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ព្រះ‌អង្គ​បាន​ប្រតិស្ឋាន នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ ហើយ​កូន​មនុស្ស ដែល​ព្រះ‌អង្គ យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ?

ទំនុកតម្កើង 8:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បពិត្រ​ព្រះ‌អម្ចាស់ ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ! ព្រះ‌នាម​របស់​ព្រះអង្គ​ថ្កុំ‌ថ្កើង​រុងរឿង ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល! ព្រះអង្គ​ថ្កុំ‌ថ្កើង​រុងរឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។ ព្រះអង្គ​បាន​ប្រើ​ពាក្យ​សរសើរ​តម្កើង​របស់​ក្មេងៗ និង​ទារក​ដែល​នៅ​បៅ ធ្វើ​ជា​កម្លាំង​ប្រយុទ្ធ​នឹង​បច្ចា‌មិត្ត​របស់​ព្រះអង្គ ដើម្បី​បង្ក្រាប​ខ្មាំង​សត្រូវ​ដ៏​កាច​សាហាវ ឲ្យ​វិនាស​សាប‌សូន្យ​ទៅ។ ពេល​ទូលបង្គំ​សម្លឹង​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​សម្លឹង​មើល​ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា​ដែល​ព្រះអង្គ​ដាក់​នៅ​លើ​មេឃ​នោះ ទូលបង្គំ​សួរ​ខ្លួន​ឯង​ថា តើ​មនុស្ស​មាន​ឋានៈ​អ្វី បាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ តើ​បុត្រ​មនុស្ស​ជា​អ្វី​បាន​ជា​ព្រះអង្គ​យក ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ?

ទំនុកតម្កើង 8:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ព្រះ‌នាម​ទ្រង់​ប្រសើរ​គ្រប់​លើ​ផែនដី​យ៉ាង​ណា​ទៅ ទ្រង់​បាន​ដំកល់​សិរី‌ល្អ​ទ្រង់​ទុក​នៅ​លើ​ស្ថាន‌សួគ៌ ទ្រង់​បាន​តាំង​ឲ្យ​មាន​សេចក្ដី​សរសើរ ដោយ‌សារ​មាត់​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ​ដោះ ដោយ​ព្រោះ​ពួក​ត‌តាំង​នឹង​ទ្រង់ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ព្រម​ទាំង​ពួក​សង‌សឹក បាន​ស្ងៀម​នៅ កាល​ណា​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ នឹង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិ‌ស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ