ទំនុកតម្កើង 79:1-7
ទំនុកតម្កើង 79:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមត៌ករបស់ព្រះអង្គ ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម។ គេបានប្រគល់សាកសពពួកអ្នកបម្រើព្រះអង្គ ទៅឲ្យសត្វហើរលើអាកាសធ្វើជាអាហារ គឺជាសាច់នៃពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដល់សត្វតិរច្ឆាននៅផែនដី។ គេបានបង្ហូរឈាមរបស់អ្នកទាំងនោះ ដូចជាទឹកហូរនៅជុំវិញក្រុងយេរូសាឡិម ហើយគ្មានអ្នកណាបញ្ចុះសពគេឡើយ ។ យើងខ្ញុំបានត្រឡប់ជាទីត្មះតិះដៀល ដល់អ្នកជិតខាង និងជាទីសើចចំអកឡកឡឺយ ដល់អស់អ្នកដែលនៅជុំវិញយើងខ្ញុំ។ ឱព្រះយេហូវ៉ាអើយ តើដល់ពេលណាទៀត? តើព្រះអង្គខ្ញាល់រហូតឬ? តើព្រះហឫទ័យប្រចណ្ឌរបស់ព្រះអង្គ នៅតែឆេះដូចភ្លើងទៀតឬ? សូមចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ទៅលើសាសន៍ដែលមិនស្គាល់ព្រះអង្គ និងទៅលើនគរដែលមិនអំពាវនាវ ដល់ព្រះនាមព្រះអង្គនោះទៅ! ដ្បិតគេបានស៊ីបង្ហិនពួកយ៉ាកុប ហើយបំផ្លាញទីលំនៅរបស់គេ។
ទំនុកតម្កើង 79:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់អើយ ប្រជាជាតិនានាបានឈ្លានពាន ទឹកដីរបស់ព្រះអង្គ ពួកគេបានធ្វើឲ្យព្រះវិហារ ដ៏វិសុទ្ធរបស់ព្រះអង្គទៅជាសៅហ្មង ពួកគេបានកម្ទេចក្រុងយេរូសាឡឹម។ ពួកគេបានបោះសាកសពអ្នកបម្រើរបស់ព្រះអង្គ ទៅឲ្យត្មាតស៊ី យកសាកសពអ្នកជឿព្រះអង្គ ទៅឲ្យសត្វតិរច្ឆានធ្វើជាចំណី។ ពួកគេបានបង្ហូរឈាមប្រជាជន នៅជុំវិញក្រុងយេរូសាឡឹមឲ្យហូរដូចទឹក ហើយគ្មាននរណាបញ្ចុះសព ប្រជាជនទាំងនោះទេ។ អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថយើងខ្ញុំ អ្នកនៅជុំវិញយើងខ្ញុំ នាំគ្នាចំអកឡកឡឺយ យករឿងយើងខ្ញុំទៅលេងសើច។ ព្រះអម្ចាស់អើយ តើព្រះអង្គទ្រង់ព្រះពិរោធ នឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា? តើព្រះអង្គនៅតែមានព្រះហឫទ័យ ក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត? គួរតែព្រះអង្គជះព្រះពិរោធ ទៅលើប្រជាជាតិដែលពុំស្គាល់ព្រះអង្គ និងនគរនានាដែលមិនគោរពបម្រើព្រះនាម ព្រះអង្គនោះវិញ។ ដ្បិតពួកគេបានសម្លាប់រង្គាលពូជពង្ស របស់លោកយ៉ាកុប ព្រមទាំងបំផ្លាញស្រុកទេសរបស់លោកផង។
ទំនុកតម្កើង 79:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមរដកទ្រង់ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធនៃទ្រង់ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម គេបានប្រគល់ខ្មោចនៃពួកអ្នកបំរើទ្រង់ ទុកជាអាហារដល់សត្វហើរលើអាកាស នឹងសាច់នៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ដល់សត្វនៅផែនដី គេបានកំចាយឈាមរបស់អ្នកទាំងនោះ ដូចជាទឹកនៅជុំវិញក្រុងយេរូសាឡិម ឥតមានអ្នកណាកប់ខ្មោចឡើយ យើងខ្ញុំបានត្រឡប់ជាទីដៀលត្មះដល់ពួកអ្នកជិតខាង ហើយជាទីស្អប់ខ្ពើម នឹងជាទីសើចឡកដល់ពួកអស់អ្នកដែលនៅជុំវិញផង ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត តើទ្រង់នឹងមានសេចក្ដីខ្ញាល់ជានិច្ចឬអី តើសេចក្ដីប្រចណ្ឌនៃទ្រង់នឹងឆេះដូចជាភ្លើងឬ សូមចាក់សេចក្ដីក្រោធរបស់ទ្រង់ទៅលើសាសន៍ដទៃ ដែលមិនស្គាល់ទ្រង់ ហើយលើអស់ទាំងនគរដែលមិនអំពាវនាវ ដល់ព្រះនាមទ្រង់វិញ ដ្បិតគេបានស៊ីបង្ហិនពួកយ៉ាកុប ព្រមទាំងបំផ្លាញទីលំនៅរបស់គេហើយ