ទំនុកតម្កើង 78:9-16
ទំនុកតម្កើង 78:9-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ឯកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ ហើយក៏ប្រសប់បាញ់ គេបានដកថយនៅថ្ងៃធ្វើចម្បាំង។ គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះទេ គឺមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ គេបានភ្លេចកិច្ចការរបស់ព្រះអង្គ ភ្លេចការអស្ចារ្យទាំងឡាយ ដែលព្រះអង្គបានសម្ដែងឲ្យគេឃើញ។ ព្រះអង្គបានធ្វើការចម្លែក នៅនឹងភ្នែកបុព្វបុរសរបស់គេ នៅស្រុកអេស៊ីព្ទ នៅវាលសូអាន។ ព្រះអង្គបានញែកសមុទ្រ ហើយឲ្យគេដើរឆ្លង ក៏បានធ្វើឲ្យទឹកឈរឡើងដូចកំផែង។ នៅពេលថ្ងៃ ព្រះអង្គបាននាំគេដោយពពក ហើយរាល់យប់ ព្រះអង្គបាននាំគេ ដោយពន្លឺភ្លើង។ ព្រះអង្គបានបំបែកថ្មនៅទីរហោស្ថាន ហើយប្រទានឲ្យគេមានផឹកទឹកជាបរិបូរ ដូចជាប្រភពទឹកផុសចេញមក។ ព្រះអង្គបានធ្វើឲ្យមានទឹកចេញពីថ្ម ហូរចុះមកដូចជាទន្លេ។
ទំនុកតម្កើង 78:9-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុលសម្ព័ន្ធអេប្រាអ៊ីមដែលជាកងទ័ពបាញ់ព្រួញ បានបាក់ទ័ពនៅថ្ងៃធ្វើចម្បាំង មកពីពួកគេពុំបានគោរពសម្ពន្ធមេត្រី របស់ព្រះជាម្ចាស់ គឺមិនព្រមកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ ពួកគេបានភ្លេចពីស្នាព្រះហស្ដដ៏ឧត្ដុង្គឧត្ដម និងភ្លេចពីការដ៏អស្ចារ្យផ្សេងៗ ដែលព្រះអង្គបានសម្តែងឲ្យគេឃើញ។ នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ព្រះអង្គបានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ គឺព្រះអង្គបានញែកទឹកសមុទ្រ ឲ្យពួកគេដើរឆ្លង ព្រះអង្គធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់ មួយកន្លែងដូចកំពែង។ នៅពេលថ្ងៃ ព្រះអង្គដឹកនាំគេដោយដុំពពក ហើយរាល់យប់ព្រះអង្គដឹកនាំគេ ដោយដុំភ្លើងជាពន្លឺ។ ព្រះអង្គបានបំបែកផ្ទាំងថ្មក្នុងវាលរហោស្ថាន ឲ្យគេហូបទឹកដែលហូរចេញ យ៉ាងបរិបូណ៌ពីបាតដីមក។ ព្រះអង្គបានធ្វើឲ្យមានទឹក ហូរចេញពីផ្ទាំងសិលាមក ដូចជាទឹកទន្លេ។
ទំនុកតម្កើង 78:9-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ឯពួកកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ ហើយក៏ប្រសប់បាញ់ គេបានបែរខ្នងនៅថ្ងៃសឹកសង្គ្រាម គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះ ក៏មិនព្រមប្រព្រឹត្តតាមក្រិត្យវិន័យទ្រង់សោះ គេបានភ្លេចអស់ទាំងកិច្ចដែលទ្រង់ធ្វើ ព្រមទាំងការអស្ចារ្យ ដែលទ្រង់បានសំដែង ឲ្យគេឃើញដែរ ទ្រង់បានធ្វើការចំឡែក នៅភ្នែកពួកឰយុកោគេ នៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន ទ្រង់បានវែកសមុទ្រ បើកជាផ្លូវឲ្យគេដើរឆ្លងទៅ ក៏បានធ្វើឲ្យទឹកឈរឡើងដូចជាកំផែង នៅវេលាថ្ងៃទ្រង់បាននាំគេ ដោយពពក ហើយវេលាយប់ទាល់ព្រឹក បាននាំដោយពន្លឺនៃភ្លើងវិញ ទ្រង់បំប្រេះថ្មដានៅទីរហោស្ថាន ឲ្យគេបានផឹកទឹកជាបរិបូរ ដូចជាហូរចេញពីទីជំរៅមក ទ្រង់បានធ្វើឲ្យមានទឹកចេញពីថ្ម ហូរចុះមកដូចជាទន្លេ។