ទំនុកតម្កើង 78:67-72
ទំនុកតម្កើង 78:67-72 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ព្រះអង្គមិនរវីរវល់នឹងរោងឧបោសថ របស់ពួកយ៉ូសែបឡើយ ក៏មិនបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអិមដែរ តែព្រះអង្គបានរើសកុលសម្ព័ន្ធយូដា និងភ្នំស៊ីយ៉ូនដែលព្រះអង្គស្រឡាញ់។ ព្រះអង្គបានសង់ទីបរិសុទ្ធរបស់ព្រះអង្គ ដូចជាផ្ទៃមេឃដ៏ខ្ពស់ ដូចជាផែនដី ដែលព្រះអង្គបានតាំងឲ្យនៅជាប់ រហូតតទៅ។ ព្រះអង្គបានជ្រើសរើសដាវីឌ ជាអ្នកបម្រើព្រះអង្គ ហើយបានយកលោកចេញពីក្រោលចៀម ព្រះអង្គបានយកលោក ចេញពីការឃ្វាលមេចៀមដែលមានកូន ឲ្យធ្វើជាគង្វាលដល់ពួកយ៉ាកុប ជាប្រជារាស្ត្រព្រះអង្គ គឺពួកអ៊ីស្រាអែលដែលជាមត៌ករបស់ព្រះអង្គ។ លោកបានឃ្វាលពួកគេដោយចិត្តទៀងត្រង់ ហើយនាំផ្លូវគេដោយដៃដ៏ប៉ិនប្រសប់។
ទំនុកតម្កើង 78:67-72 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមិនរវីរវល់នឹងពូជពង្សរបស់លោកយ៉ូសែប ព្រះអង្គពុំបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអ៊ីមទេ តែព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដាវិញ ព្រះអង្គគាប់ព្រះហឫទ័យនឹងភ្នំស៊ីយ៉ូន។ នៅទីនោះព្រះអង្គបានសង់ទីសក្ការៈ របស់ព្រះអង្គយ៉ាងល្អរឹងប៉ឹង ដូចផ្ទៃមេឃដ៏ខ្ពស់ ព្រះអង្គធ្វើឲ្យទីសក្ការៈនោះ បានរឹងមាំដូចផែនដីរហូតតទៅ។ ព្រះអង្គបានជ្រើសរើសព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គបានយកស្ដេចចេញពីកន្លែងឃ្វាលចៀម ព្រះអង្គបានយកស្ដេចចេញពីហ្វូងចៀមមក ដើម្បីឲ្យឃ្វាលពូជពង្សរបស់លោកយ៉ាកុប គឺជនជាតិអ៊ីស្រាអែល ដែលជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។ ព្រះបាទដាវីឌដឹកនាំជនជាតិអ៊ីស្រាអែល ដោយចិត្តស្មោះត្រង់ ព្រះរាជាដឹកនាំពួកគេយ៉ាងប៉ិនប្រសប់។
ទំនុកតម្កើង 78:67-72 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មួយទៀត ទ្រង់មិនបានទទួលត្រសាលរបស់ ពួកយ៉ូសែបឡើយ ក៏មិនបានរើសពូជអំបូរអេប្រាអិមដែរ គឺទ្រង់បានរើសពូជអំបូរយូដា នឹងភ្នំស៊ីយ៉ូន ដែលទ្រង់ស្រឡាញ់នោះវិញ ទ្រង់ក៏ស្អាងទីបរិសុទ្ធនៃទ្រង់ ដូចជាអស់ទាំងកំពូលខ្ពស់ គឺដូចជាផែនដីដែលទ្រង់បានតាំងឲ្យជាប់ ជាដរាបនោះផង។ ៙ ទ្រង់ក៏រើសដាវីឌ ជាអ្នកបំរើទ្រង់ ហើយនាំយកលោកចេញពីក្រោលចៀមមក គឺទ្រង់នាំយកលោកពីការឃ្វាលមេចៀមដែលមានកូន ដើម្បីឲ្យធ្វើជាអ្នកគង្វាលដល់ពួកយ៉ាកុប ជារាស្ត្រទ្រង់ គឺពួកអ៊ីស្រាអែលដែលជាមរដករបស់ទ្រង់វិញ ដូច្នេះ លោកក៏ធ្វើជាអ្នកគង្វាលឃ្វាលគេ ដោយចិត្តទៀងត្រង់ ព្រមទាំងនាំផ្លូវគេ ដោយថ្វីដៃដ៏ជំនាញ។