ទំនុកតម្កើង 78:56-66
ទំនុកតម្កើង 78:56-66 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ប៉ុន្តែ គេបានល្បងលព្រះដ៏ខ្ពស់បំផុត ហើយបះបោរទាស់នឹងព្រះអង្គ មិនបានកាន់តាមបញ្ញត្តិរបស់ព្រះអង្គឡើយ គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចបុព្វបុរសរបស់គេ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់។ គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។ កាលព្រះជ្រាប ព្រះអង្គក្រោធជាខ្លាំង ហើយព្រះអង្គមិនរវីរវល់ នឹងសាសន៍អ៊ីស្រាអែលសោះ។ ព្រះអង្គលះចោលព្រះដំណាក់ព្រះអង្គនៅស៊ីឡូរ ជារោងឧបោសថដែលព្រះអង្គធ្លាប់គង់នៅ កណ្ដាលមនុស្ស ហើយប្រគល់ព្រះចេស្ដារបស់ព្រះអង្គ ឲ្យទៅជាឈ្លើយ គឺសិរីល្អរបស់ព្រះអង្គ ទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ ។ ព្រះអង្គបានប្រគល់ប្រជារាស្ត្រព្រះអង្គ ទៅឲ្យដាវ ហើយព្រះអង្គក្រោធនឹងមត៌ក របស់ព្រះអង្គ។ ភ្លើងបានឆេះបំផ្លាញពួកកំលោះរបស់គេ ឯស្ត្រីក្រមុំរបស់គេ គ្មានអ្នកណាដណ្តឹងឡើយ។ ពួកសង្ឃរបស់គេបានដួលស្លាប់ដោយដាវ តែប្រពន្ធរបស់គេមិនបានយំសោកឡើយ។ ពេលនោះ ព្រះអម្ចាស់តើនឡើង ដូចគេភ្ញាក់ពីដំណេក ដូចមនុស្សខ្លាំងពូកែដែលស្រែកឡើង ដោយអំណាចស្រាទំពាំងបាយជូរ។ ព្រះអង្គវាយបច្ចាមិត្តរបស់ព្រះអង្គ ឲ្យរត់ខ្ចាត់ខ្ចាយ ព្រះអង្គធ្វើឲ្យគេអាម៉ាស់អស់កល្បជានិច្ច។
ទំនុកតម្កើង 78:56-66 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក៏ប៉ុន្តែ ពួកគេបានល្បងលព្រះជាម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ ដោយមិនព្រមធ្វើតាមដំបូន្មានរបស់ ព្រះអង្គឡើយ។ ពួកគេបានងាកចេញពីព្រះអង្គ និងក្បត់ព្រះអង្គដូចដូនតារបស់ពួកគេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ ពួកគេប្រព្រឹត្តខុសចំពោះព្រះអង្គ ដោយទៅថ្វាយបង្គំព្រះក្លែងក្លាយ នៅតាមទីសក្ការៈរបស់សាសន៍ដទៃនៅលើភ្នំ ធ្វើឲ្យទាស់ព្រះហឫទ័យព្រះអង្គជាខ្លាំង។ ព្រះជាម្ចាស់ឃើញគេប្រព្រឹត្តដូច្នេះ ព្រះអង្គទ្រង់ព្រះពិរោធ ហើយលែងរវីរវល់នឹងជនជាតិ អ៊ីស្រាអែលទៀត។ ព្រះអង្គបោះបង់ចោលព្រះដំណាក់នៅស៊ីឡូ ព្រះអង្គបោះបង់ចោលព្រះពន្លា ដែលព្រះអង្គធ្លាប់គង់នៅជាមួយមនុស្សលោក។ ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវ រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី ដែលជានិមិត្តរូបនៃឫទ្ធិបារមី និងសិរីរុងរឿងរបស់ព្រះអង្គ។ ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវប្រហារជីវិត ប្រជារាស្ត្ររបស់ព្រះអង្គ ដោយមុខដាវ ព្រោះព្រះអង្គទ្រង់ព្រះពិរោធ នឹងពួកគេជាខ្លាំង។ ពួកយុវជនបានបាត់បង់ជីវិត ដោយសារភ្លើងសង្គ្រាម ហើយគ្មាននៅសល់កំលោះ ដើម្បីរៀបការជាមួយពួកស្ត្រីក្រមុំទៀតឡើយ។ ពួកបូជាចារ្យបានស្លាប់ដោយមុខដាវ ហើយស្ត្រីមេម៉ាយ មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។ ពេលនោះ ព្រះអម្ចាស់តើនឡើង ដូចគេក្រោកពីដំណេក ឬដូចអ្នកចម្បាំងដ៏ពូកែទើបនឹងស្វាងស្រាឡើងវិញ ព្រះអង្គវាយខ្មាំងសត្រូវពីក្រោយ ឲ្យបាក់មុខអស់កល្បជានិច្ច។
ទំនុកតម្កើង 78:56-66 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែគេបានល្បងលព្រះដ៏ខ្ពស់បំផុត ហើយបះបោរនឹងទ្រង់វិញ ឥតកាន់តាមសេចក្ដីបញ្ញត្តទ្រង់ឡើយ គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចជាពួកឰយុកោគេដែរ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់ គេបានធ្វើឲ្យព្រះហឫទ័យទ្រង់ថ្នាំងថ្នាក់ ដោយទីខ្ពស់របស់គេ ព្រមទាំងបណ្តាលឲ្យទ្រង់ប្រចណ្ឌ ដោយរូបឆ្លាក់របស់គេផង។ ៙ កាលព្រះទ្រង់បានជ្រាបហើយ នោះទ្រង់មានសេចក្ដីក្រោធ ហើយបានស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែលជាខ្លាំង ដល់ម៉្លេះបានជាទ្រង់លះបង់រោងឧបោសថ ដែលនៅត្រង់ស៊ីឡូរ គឺជាត្រសាលដែលទ្រង់បានតាំងឲ្យនៅកណ្តាល ពួកមនុស្សលោក ទ្រង់ក៏ប្រគល់ឥទ្ធិឫទ្ធិរបស់ទ្រង់ឲ្យទៅជាឈ្លើយ ហើយសិរីល្អទ្រង់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ទ្រង់បានប្រគល់រាស្ត្រទ្រង់ដល់អំណាចដាវដែរ ហើយមានសេចក្ដីក្រោធចំពោះមរដកទ្រង់ មានភ្លើងឆេះបំផ្លាញពួកកំឡោះគេ ឯពួកក្រមុំរបស់គេ ឥតមានអ្នកណាដណ្តឹងឡើយ ពួកសង្ឃរបស់គេក៏ដួលស្លាប់ដោយដាវ តែប្រពន្ធរបស់គេមិនបានយំសោកសោះ។ ៙ គ្រានោះ ព្រះអម្ចាស់ទ្រង់តើនឡើង ដូចជាមនុស្សដែលភ្ញាក់ពីដេកលក់ គឺដូចជាមនុស្សខ្លាំងពូកែដែលស្រែកហ៊ោ ដោយអំណាចស្រាទំពាំងបាយជូរ រួចទ្រង់វាយពួកដែលតតាំងនឹងទ្រង់ ឲ្យថយក្រោយ ទ្រង់ឲ្យគេមានសេចក្ដីខ្មាសនៅជានិច្ច